ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆមាសទី១ ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជិត២០លានដុល្លារ កើនឡើងប្រមាណ៣៥%

82

 

ភ្នំពេញ៖ ឆមាសទី១ ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជិត២០ លានដុល្លារ កើនឡើងប្រមាណ៣៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ហ៊ី បាវី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានឲ្យដឹងថា ការកើនឡើងនៃប្រាក់ចំណូលនៃកំពង់ផែស្វយ័តភ្នំពេញនេះ គឺដោយសារតែការនាំចេញនូវកសិផលកម្ពុជា មានការកើនឡើង ព្រមជាមួយនឹងការនាំចេញផលិតផលវាយភណ្ឌកាត់ដេរទៅទីផ្សារបរទេសក៏មានការកើនឡើង ដែលបានធ្វើអោយកំណើននាំចេញផលិតផលពីកម្ពុជា តាមរយៈកំពង់ផែស្វយ័តភ្នំពេញមានការកើនឡើងប្រមាណជាង៣៥%។
យ៉ាងណាក៏ដោយកំពង់ផែស្វយ័តភ្នំពេញ តែងប្រកាន់ភ្ជាប់នូវការយកចិត្តទុកដាក់ ក្នុងការបម្រើសេវាកម្មប្រតិបត្តិការផែ ជូនអតិថិជនប្រកបដោយតម្លាភាព និងភាពឆាប់រហ័ស ដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់ ចំពោះតម្រូវការរបស់អតិថិជន។

លោកបន្ដថា៖ កំពង់ផែស្វយ័តភ្នំពេញ នឹងខិតខំបន្តផ្តោតការយកចិត្តទុកដាក់ លើការធ្វើទំនើបកម្មប្រតិបត្តិការ ឲ្យស្របតាមស្តង់ដារ និងប្រព័ន្ធបច្ចេកវិទ្យា បង្កើនឧត្តមភាពប្រកួតប្រជែង ដោយស្មោះត្រង់ ជាមួយកំពង់ផែក្នុង និងក្រៅប្រទេស និងបង្ខិតសេវាកម្មកំពង់ផែ ឲ្យកាន់តែខិតជិតអ្នកប្រើប្រាស់ ចូលរួមក្នុងសកម្មភាពសង្គម និងសហគមន៍មូលដ្ឋាន។ ចំពោះលទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្ដសម្រាប់៧ខែ ដើមឆ្នាំ២០២២ របស់កំពង់ផែស្វយ័តភ្នំពេញ រួមមាន៖ ទី១.ការនាំទំនិញ-ប្រេងឥន្ធនៈមានជាង២លាន៤ សែន តោន កើនឡើង៨.៧៧% បើប្រៀប ធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន ២លាន២សែនតោន។ ទី២៖ នាវាផ្ទុកទំនិញឆ្លងកាត់ មានចំនួន២,៣៩០ជើង កើនឡើង ៧៨.៣៦ ភាគរយ បើប្រៀបធៀបរយៈ ពេលដូចគ្នានៅឆ្នាំ២០២១ចំនួន១,៣៤០ ជើង។ ទី៣៖ បរិមាណកុងតឺន័រ មានចំនួន ២៥ម៉ឺនធីអ៊ីយូ កើនឡើង៣៩.៧០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន១៨ម៉ឺនធីអ៊ីយូ។

សូមបញ្ជាក់ថា៖សម្រាប់ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញប្រមាណ១២លានដុល្លារ ហើយកាលពីត្រីមាសទី១ ឆ្នាំ២០២២ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានប្រមាណ ១០ លានដុល្លារ មានការកើនឡើង១៧ ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង