ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌមានជ័យ ជូនដំណឹង ស្តីពីការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមបណ្ដោយផ្លូវសំខាន់ៗ ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ

170

មានជ័យ៖ នៅថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២២ លោកហែមដារិទ្ធិ អភិបាលខណ្ឌមានជ័យ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមបណ្ដោយផ្លូវសំខាន់ៗ ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ រដ្ឋបាលខណ្ឌមានជ័យ សូមជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម តាមបណ្តោយផ្លូវសំខាន់ៗ ក្នុងភូមិសាស្ត្រខណ្ឌ មានជ័យ ទាំងអស់មេត្តាជ្រាបថា៖ ដើម្បីចូលរួមសហការរក្សារបៀបរៀបរយ សណ្តាប់ធ្នាប់ ផ្លូវសាធារណៈ កាត់បន្ថយការកកស្ទះចរាចរណ៍ និងចូលរួមចំណែកលើកកម្ពស់ សោភ័ណភាព ក្នុងរាជធានីភ្នំពេញ។ រដ្ឋបាលខណ្ឌមានជ័យ ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្ម ដែលកំពុងលក់ដូរ ដាក់តាំង ឧបករណ៍ សម្ភារៈសំណង់ទំនិញផ្សេងៗ ស្លាកយីហោ និងផើងផ្កាជាដើម… ដែលកំពុងរំលោភយកផ្លូវ និង ចិញ្ចើមផ្លូវសាធារណៈត្រូវបញ្ឈប់ជាបន្ទាន់ រាល់ការលក់ដូរ ដាក់តាំងសម្ភារៈសំណង់ ទំនិញផ្សេងៗ ស្លាកយីហោ និងផើងផ្កា ទាំងនោះចេញឲ្យអស់ពីលើចិញ្ចើមផ្លូវក្នុងរយះពេលចំនួន ០៧ថ្ងៃដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ។

ក្នុងករណី លោក/លោកស្រី មិនអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលខណ្ឌមានជ័យ នឹងមានវិធានការចុះរុះរើ និងដកហូតដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈ ផ្សេងៗ ដែលមាននៅលើទីតាំងនោះឡើយ។ ចំពោះរាល់ការចំណាយក្នុងការអនុវត្តការងាររុះរើ និងដកហូតនេះ ជាបន្ទុករបស់ លោក/លោកស្រី ដែលជាម្ចាស់ទីតាំងត្រូវទទួលខុសត្រូវទាំងស្រុង ករណីមានការរារាំង រឹងរូស មិនស្តាប់តាមការណែនាំអាជ្ញាធរ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។

រដ្ឋបាលខណ្ឌមានជ័យ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់ លោក/លោកស្រី អាជីវករ ទាំងអស់ដើម្បីចូលរួម នឹងសហការអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះជាពុំខានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង