ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ ៧២៧គ្រួសារ ដែលស្ម័គ្រចិត្តរុះរើ និងគ្រប់លក្ខខណ្ឌ ក្នុងការទទួលបានការ តាំងទីលំនៅថ្មីនៅភូមិធម្មជាតិរុនតាឯក បានចូលរួមចាប់ឆ្នោតទទួលយកដីឡូតិ៍ ដែលផ្តល់ដោយរាជរដ្ឋាភិបាល

126

សៀមរាប ៖ ប្រជាពលរដ្ឋដែលបានតាំងទីលំនៅ ខុសច្បាប់ នៅតំបន់រមនីយដ្ឋានអង្គរប្រមាណ ៧២៧គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើ និងគ្រប់លក្ខខណ្ឌក្នុងការទទួលបានការតាំងទីលំនៅថ្មីស្ថិតនៅតំបន់ភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ បានចូលរួមចាប់ឆ្នោតទទួលយកដីឡូតិ៍ ដែលផ្តល់ដោយរាជរដ្ឋាភិបាល នៅសាលាខេត្តសៀមរាប។

ការចាប់ឆ្នោតជូនបងប្អូនប្រជាពលរដ្ឋនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ទៀ សីហា អភិបាលខេត្តសៀមរាប។

ពលរដ្ឋទាំង៧២៧គ្រួសារនោះ មាន២៣៤ គ្រួសារ ស្ថិតនៅភូមិទក្សិណត្បូង និង ៤៩៣ គ្រួសារស្ថិតនៅភូមិត្រពាំងសេះ ហើយដីឡូត៍ដែលពួកគេចាប់ឆ្នោតយកនេះ មានទំហំ ២០ គុណ៣០ម៉ែត្រ នៅភូមិធម្មជាតិរុនតាឯក ស្ថិតនៅចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រពីក្រុងសៀមរាប។

សូមបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន និងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

យុទ្ធនាការនេះ មានកម្លាំងសរុបប្រមាណ ១២០០ នាក់ ចែកចេញជា ៦៨ ក្រុម មានការចូលរួមពីមន្រ្តីជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្រ្តីជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្រ្តីរបស់រដ្ឋបាលខេត្តសៀមរាប ដើម្បីចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

ជាមួយនឹងការបើកយុទ្ធនាការនេះ ឧបនាយករដ្ឋមន្ត្រីក៏ បានព្រមានចំៗទៅពលរដ្ឋសង់សំណង់ខុសច្បាប់ទាំងឡាយក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យប្រញាប់រុះរើសំណង់ទាំងនោះវិញដោយខ្លួនឯង ជាជាងការប្រើប្រាស់កម្លាំងអាជ្ញាធរចុះរុះរើ។

យុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ធ្វើឡើងក្នុងបំណងការពារសម្បត្តិបេតិកភណ្ឌនៅក្នុងតំបន់អង្គរ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការរុះរើសំណង់ខុសច្បាប់ទាំងអស់នេះ ដើម្បីបញ្ចៀសការខុសនូវលក្ខន្តិកៈនានារបស់អង្គការយូណេស្កូ ដែលប្រឈមនឹងការដកប្រាសាទអង្គរចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។

បើទោះបីជាយ៉ាងណា យុទ្ធនាការនេះមិនមានផ្ទុះបាតុភាពតវ៉ាណាមួយនោះទេ ប្រជាពលរដ្ឋបានជ្រូតជ្រាបពីសារៈសំខាន់នៃយុទ្ធនាការនេះ ហើយបានស្ម័គ្រចិត្តរុះរើសំណង់ជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង