ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកមិត្តភាពសាមគ្គីភាព រវាងកម្ពុជានិងវៀតណាមថា ជាចំណុចកំពូលដែលត្រូវដើរឆ្ពោះទៅមុខ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ

103

 

ភ្នំពេញ ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យ ឯកឧត្តម Gnuyen Huy Tang ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកមិត្តភាពសាមគ្គីភាព រវាងកម្ពុជានិងវៀតណាមថា ជាចំណុចកំពូលដែលត្រូវដើរឆ្ពោះទៅមុខ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ចំពោះកម្ពុជា ការរក្សាស្ថេរភាពនយោបាយ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ គឺជាគោលដៅចំបងក្នុងគោលនយោបាយជាតិ ដែលត្រូវរួមគ្នាអនុវត្ត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីយុទ្ធសាស្រ្តប្រកបដោយភាពជោគជ័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតពីវីរុសCovid-19 ដូចជាការចាក់ស្រោចវ៉ាក់សាំងទូទាំងប្រទេស ការព្យាបាលនិងការអនុវត្តវិធានការសុខាភិបាលនានា ដែលទទួលបានការគាំទ្រសហការ ចូលរួមពីប្រជាពលរដ្ឋរហូតអាចមានលទ្ធភាព បើកដំណើរការឡើងវិញលើគ្រប់វិស័យ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឲ្យដឹងអំពីលទ្ធផលការងារ ដោះស្រាយវិវាទដីធ្លីនិងការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេស ដែលការងារនេះ ចាត់ទុកថាជាការផ្តល់សុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ ហើយក៏ជាទ្រព្យសម្បត្តិរបស់ពួកគាត់ដែលអាចប្រើប្រាស់ ចាត់ចែងនិងអាស្រ័យផលផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានកន្លងទៅនាពេលថ្មីៗនេះ ដោយគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រយ៉ាងច្រើន លើសលប់ពីប្រជាពលរដ្ឋ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សង្ឃឹមថា ចំណងមិត្តភាពសាមគ្គីភាពកិច្ចសហប្រតិបត្តិការ ដែលមានលក្ខណៈពិសេសរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជា រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងកាន់តែស្អិតរមួត និងចាក់គ្រឹះយ៉ាងរឹងមាំថែមទៀត ទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា ឯកឧត្តម Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ឲ្យទទួលបានជោគជ័យ ក្នុងបេសកកម្មការទូត នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ជាការឆ្លើយតប ឯកឧត្តម Nguyen Huy Tang បានសាទរ ចំពោះសមិទ្ធិផលទាំងឡាយ ដែលប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ គឺមានរយៈពេល៤៣ឆ្នាំមកហើយ ដែលសមិទ្ធិផលទាំងនេះ ក៏មានការរួមចំណែកប្រកបដោយការខិតខំប្រឹងប្រែង ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការងារចុះបញ្ជីដីធ្លីដើម្បីផ្តល់សុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ។ ឯកឧត្តមសង្ឃឹមថា ទំនាក់ទំនងរវាងក្រសួងនានានៃប្រទេសវៀតណាម និងក្រសួងជាដៃគូ នៅក្នុងប្រទេសកម្ពុជា នឹងមានកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតបន្ថែមទៀត ដើម្បីរួមគ្នាក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តមបានថ្លែងថា រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា បានផ្តល់កិច្ចសហការឧបត្ថម្ភគាំទ្រដល់ភាគីវៀតណាម នូវរាល់កិច្ចពិភាក្សានានា ដែលត្រូវបានធ្វើឡើងនាពេលកន្លងមក ហើយការអភិវឌ្ឍរបស់ប្រទេសវៀតណាម នាពេលបច្ចុប្បន្ននេះ គឺមិនអាចកាត់ផ្តាច់ចេញពីការជួយឧបត្ថម្ភគាំទ្រ របស់ប្រជាជនកម្ពុជាបានឡើយ។

ក្នុងនាមឯកឧត្តម ជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ឯកឧត្តម នឹងធ្វើជាស្ពានចំលងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កម្ពុជាជាមួយនឹងក្រសួងរបស់វៀតណាម ហើយសង្ឃឹមថា ភាគីកម្ពុជា នឹងបន្តជំរុញការងារនេះ ដើម្បីទទួលបានជោគជ័យ លើភារកិច្ចការងារដូចការគ្រោងទុក៕

អត្ថបទដែលជាប់ទាក់ទង