ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សំដែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន FedEx ដែលបានលើកឡើង និងចង់ឃើញនូវការហោះហើរមកផ្ទាល់ នៃយន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន FedEx មកកម្ពុជា

156

 

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ក្រុមហ៊ុនដឹកជញ្ជូន FedEx របស់អាមេរិក បានឈ្វេងយល់ពីឱកាសវិនិយោគ និងផែនការអភិវឌ្ឍន៍នានារបស់ រាជរដ្ឋាភិបាល លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅកម្ពុជា សម្រាប់ចាប់ផ្តើមដំណើរការផ្តល់សេវាដឹកជញ្ជូនដោយផ្ទាល់របស់ខ្លួននៅកម្ពុជា នាខែតុលាខាងមុខនេះ។

ថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនដឹកជញ្ជូន FedEx របស់អាមេរិក ដឹកនាំដោយលោក Masamichi Ujiie អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុនFedEx ចូលជួបសម្តែងការគួរសម និងពិភាក្សាកាងារ។

ជំនួបរបស់គណ:ប្រតិភូក្រុមហ៊ុន FedEx ជាមួយឯកឧត្តមទេសរដ្ឋមន្រ្តី មានគោលបំណងស្វែងយល់ពីភាពរីកចម្រើន និងទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិ ឱកាសវិនិយោគ និងផែនការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅកម្ពុជាសម្រាប់ជាមូលដ្ឋានក្នុងការពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា និងចាប់ផ្តើមដំណើរការផ្តល់សេវាកម្មដោយផ្ទាល់ចាប់ពីខែតុលា ឆ្នាំ២០២២នេះតទៅ។

ជាកិច្ចចាប់ផ្តើម លោកអនុប្រធានជាន់ខ្ពស់ក្រុមហ៊ុនដឹកជញ្ជូន FedEx បានសំដែងនូវអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះឯកឧត្តមទេសរដ្ឋមន្រ្តីដែលបានអនុញ្ញាតឱ្យគណ:ប្រតិភូរបស់លោកចូលជួប និង ពិភាក្សាការងារ។ លោកបានមានប្រសាសន៍ថា៖ នេះជាលើកដំបូងដែលលោកបានមកកម្ពុជា ហើយ លោកមើលឃើញកម្ពុជាមានការរីកចម្រើន ដែលផ្ទុយទៅនឹងអ្វីដែលលោកធ្លាប់បានឮពីប្រព័ន្ធឃោសនា ខាងក្រៅ និងពីមនុស្សមួយចំនួន។ លោកក៏បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ព និងដឹកជញ្ជូននៅកម្ពុជាផងដែរ ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឱ្យកាន់តែមានការរីកចម្រើន ក៏ដូចជាពង្រីកទំនាក់ទំនងរវាងអាមេរិក និងកម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្រ្តីបានជម្រាបជូនគណ:ប្រតិភូដោយសង្ខេបអំពីប្រវត្តិនៃការតស៊ូ រំដោះជាតិ ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍជាតិរបស់គណបក្សប្រជាជនកម្ពុជាដឹកនាំប្រកបដោយ គតិបណ្ឌិតរឆ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា ការបំផ្លិចបំផ្លាញដល់ឫសគល់របស់របបប្រល័យពូជសាសន៍ខ្មែរក្រហម និងសង្រ្គាមស៊ីវិលនៅកម្ពុជា ជាពិសេសកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងរយ:ពេល ២៤ឆ្នាំចុងក្រោយនេះ ដែលផ្ទុយស្រឡះពីការឃោសនាផ្សព្វផ្សាយបំផ្លើសបំភ័ន្តភ្នែកអន្តរជាតិរបស់ជនអគតិមួយចំនួន។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងថា៖ រាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលសំខាន់ៗមួយចំនួនពាក់ព័ន្ធ វិស័យសាធារណការ និងដឹកជញ្ជូនរួមមាន៖ ការកសាងផ្លូវថ្នល់បានប្រមាណ១៨ ០០០គីឡូម៉ែត្រតភ្ជាប់ពី រាជធានីភ្នំពេញទៅកាន់បណ្ដារាជធានីខេត្តនៅទូទាំងប្រទេស ដោយអ៊ុតបេតុងកៅស៊ូ ដែលបច្ចុប្បន្នយើង អាចធ្វើដំណើរទៅកាន់បណ្តាខេត្តជាប់ព្រំដែនបានយ៉ាងងាយស្រួល និងឆាប់រហ័ស។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមផងដែរថា៖ បច្ចុប្បន្នកម្ពុជាមានបណ្ដាញផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស និងភស្តុភាកម្មកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃក្នុងនោះ៖ ផ្លូវជាតិសំខាន់ៗមួយចំនួន មានការពង្រីកពីពីរគន្លងទៅបួនគន្លង ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នក្នុងខែតុលា រួមជាមួយនឹងគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត តភ្ជាប់ជាមួយទីក្រុងហូជីមិញ គ្រោងបើកការដ្ឋានសាងសង់នៅក្នុងពេលខាងមុខនេះផងដែរ។

ជាមួយគ្នានេះ កម្ពុជាកំពុងសាងសង់ព្រលានយន្តហោះថ្មីខ្នាតអន្តរជាតិចំនួន៣នៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងព្រលានយន្តហោះខេត្តកោះកុង។ កម្ពុជាបានធ្វើការបញ្ចប់ផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម ដែលត្រូវការទុនអនុវត្តប្រមាណជាង៥០ពាន់លានដុល្លារអាមេរិក ដែលនឹងដាក់ឆ្លងគណ:រដ្ឋមន្រ្តីនាពេលឆាប់ខាងមុខ។ ជាងនេះទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន YCH សិង្ហបុរី និងក្រុមហ៊ុន Worldbridge ដើម្បីចាប់ផ្តើមអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មទីក្រុងភ្នំពេញ ហើយក្រសួងក៏គ្រោងចាប់ផ្តើមអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មទីក្រុងព្រះសីហនុនៅពេលខាងមុខ និងកំពុងស្វែងរកការវិនិយោគលើវិស័យសំខាន់មួយចំនួនទៀត ជាពិសេសការវិនិយោគមជ្ឈមណ្ឌលដឹកទំនិញតាមផ្លូវអាកាសតំបន់ផងដែរ។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានចង្អុលបង្ហាញពីសារសំខាន់នៃទីតាំងភូមិសាស្ត្ររបស់ប្រទេស កម្ពុជាស្ថិតនៅចំណុចកណ្តាល និងជាបេះដូងរបស់អាស៊ាន អាចប្រើប្រាស់ជាមជ្ឈមណ្ឌលឧស្សាហកម្ម មួយសម្រាប់បម្រើឱ្យអ្នកប្រើប្រាស់ដែលជាអតិថិជនប្រមាណ ៦៥៥លាននាក់ ព្រមទាំងជាចំណុចកណ្តាលនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ ដែលអាចប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្តុភារកម្មសម្រាប់បម្រើឱ្យអតិថិជនប្រមាណ៣៣៤លាននាក់ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន FedEx ដែលបានលើកឡើង និងចង់ឃើញនូវការហោះហើរមកផ្ទាល់នៃយន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន FedEx មកកម្ពុជា និងបានស្នើឱ្យក្រុមហ៊ុនជួបពិភាក្សាជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ និងបានណែនាំឱ្យមន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួងជួយសម្របសម្រួលដើម្បីឱ្យក្រុមហ៊ុនអាចពង្រីកប្រតិបត្តិការ អាជីវកម្មរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជាបានល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង