គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌទាំង១៤ត្រូវ បង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់ អោយអស់ពីមូលដ្ឋានអោយដូចភ្លៀងរលឹម
ភ្នំពេញ៖ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ អោយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងនិងកុងស៊ីបញ្ចាំខុសច្បាប់អោយអស់ពីមូលដ្ឋាន អោយដូចភ្លៀងរលឹមទៅតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការដាក់បទបញ្ជានេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៥ តុលានេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកស្នងការរងនរគបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងនិងកុងស៊ីបញ្ចាំខុសច្បាប់អោយដូចភ្លៀងរលឹម ធ្វើយ៉ាងណាលុបបំបាត់អោយខាងតែបានចំពោះកុងស៊ីបញ្ចាំមិនស្របច្បាប់ ។
លោកឃួង ស្រេង បានបន្តទៀតថា ចំពោះការអនុវត្តលើការបង្ក្រាបបទល្មើសល្បែងស៊ីសងនិងកុងស៊ីបញ្ចាំនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនីមួយៗត្រូវធ្វើរបាយការណ៍ជាប្រចាំមករដ្ឋបាលរាជធានីភ្នំពេញ។ កិច្ចការងារនេះពិតជាទទួលបាននូវការសាទរយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ ដែលនេះជាកម្លាំងចិត្តមួយ នាំអោយយើងទទួលបានជោគជ័យក្នុងយុទ្ធនាការនៃការបង្ក្រាបបទល្មើសល្បែងស៊ីសងនិងកុងស៊ីបញ្ចាំខុសច្បាប់ទាំងនេះ។លោកស្នើអោយការអនុវត្តត្រូវតែធ្វើឡើងដោយឈរលើគោលការណ៍បំរើផលប្រយោជន៍ប្រជាពលរដ្ឋ មានន័យថា កុងស៊ីបញ្ចាំខុសច្បាប់ បញ្ចាំទ្រព្យសម្បត្តិចោរត្រូវតែលុបបំបាត់ ហើយលើកទឹកចិត្តចំពោះកុងស៊ីបញ្ចាំស្របច្បាប់។
ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសល្បែងស៊ីសងនិងកុងស៊ីបញ្ចាំនេះ បើគិតពីថ្ងៃទី១៧ដល់ថ្ងៃទី០៣តុលា
ឆ្នាំ២០២២នេះ បានត្រួតពិនិត្យនិងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់សរុបចំនួន១៣៣៨ទីតាំង ។ត្រួតពិនិត្យនិងបង្ក្រាបបទល្មើសកុងស៊ីបញ្ចាំខុសច្បាប់សរុបចំនួន៧៤ទីតាំង៕