ត្រីមាសទី៣ឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជាCDC បានអនុម័តគម្រោងវិនិយោគសរុប ១៥០គម្រោង ក្រោមទុនវិនិយោគប្រមាណ៣៥០០លានដុល្លារ
ភ្នំពេញ៖ គិតត្រឹមត្រីមាសទី៣ឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) បានអនុម័តគម្រោងវិនិយោគសរុបចំនួន១៥០គម្រោង ក្រោមទុនវិនិយោគ ៣៥០០លានដុល្លារ ក្នុងនោះមានប្រភេទគម្រោងរោងចក្រ កាត់ដេរសម្លៀកបំពាក់ សម្ភារធ្វើដំណើរ និងគម្រោងបង្កើតរោងចក្រដំឡើងរថយន្ដ។
បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២នេះ CDC បានអនុម័យគម្រោងវិនិយោគចំននួន១៥០គម្រោង ដោយគម្រោងទាំងនោះភាគច្រើនរួមមាន៖ គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប សម្ភារធ្វើដំណើរ, គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ, គម្រោងផលិតសំបក កង់យានយន្ត, រោងចក្រផលិតសម្ភារៈបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិក, គម្រោងបង្កើតរោងចក្រដំឡើងរថយន្ដ និងគម្រោងលើវិស័យដទៃៗជាច្រើនទៀត។
លោក សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្នុងត្រីមាសទី៣ឆ្នាំ២០២២នេះ ការវិនិយោគក្នុងស្រុក បានឈរនៅលំដាប់លេខវៀងទី១ ដោយបានចូលរួមចំណែកប្រមាណ៥១% នៃទុនវិនិយោគសរុប ខណៈការវិនិយោគមកពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី២។
លោកបានបញ្ជាក់ទៀតថា តួលេខវិនិយោគនៅរយៈពេល៩ខែ ឆ្នាំ២០២២នេះ មានការកើនឡើងទាំងចំនួនគម្រោងវិនិយោគ និងទុនវិនិយោគ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលសមិទ្ធិផលទាំងនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈប្រើប្រាស់វ៉ាក់សាំងជាអាវុធយុទ្ធសាស្ត្រគន្លឹះ ដែលបានផ្ដល់លទ្ធភាពឱ្យកម្ពុជា អាចបើកដំណើរការសង្គមសេដ្ឋកិច្ច លើគ្រប់វិស័យឡើងវិញ ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១មក។
សូមបញ្ជាក់ថា លោក សុខ ចិន្ដាសោភា កាលពីពេលថ្មីៗនេះ ក៏បានលើកទឹកចិត្តឱ្យតំណាងវិស័យឯកជន បន្តស្វែងយល់បន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងជាច្រើនដែលកម្ពុជាបានចុះហត្ថលេខា ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានចាប់ពីដើមឆ្នាំ ២០២២នេះ។ ហើយបើតាមការរំពឹងទុក ព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា សាធារណរដ្ឋកូរ៉េ ពិតជាមានតម្លៃច្រើន ដែលនឹងជួយជំរុញអោយមានការវិនិយោគដោយផ្ទាល់បន្ថែមពីទីផ្សារក្រៅប្រទេស៕. សំរិត