ការប្រឡងជ្រើសរើស ក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃឆ្នាំ២០២២នេះ មានបេក្ខជន ប្រលងជាង១០០០នាក់ ជ្រើសរើសយក ចំនួន១៧៦នាក់
ភ្នំពេញ៖ គណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី០៩តុលាឆ្នាំ២០២២នេះ
បានដំណើរការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២ បម្រើការងារនៅមណ្ឌលអប់រំកែប្រែទី១ មណ្ឌលយុវនីតិសម្បទា និងពន្ធនាគាររាជធានីភ្នំពេញ នៅ “មណ្ឌលប្រឡងសាលាបឋមសិក្សា ជា ស៊ីម សន្ធរម៉ុក ដែលមានទីតាំងស្ថិត នៅក្នុង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ជាមួយនិងបេក្ខជនប្រលងជាង១០០០នាក់ដោយត្រូវជ្រើសរើសយកចំនួន១៧៦នាក់។
ការប្រឡងនេះធ្វើឡើងក្រោមការអញ្ជើញកាត់វិញ្ញាសារប្រឡង ដោយលោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការកណ្តាលរៀបចំការប្រឡង លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងជាប្រធានមណ្ឌលប្រលង និងលោកអ៊ួង ចន្ធី អគ្គនាយករងនិងជាប្រធាននាយកដ្ឋានបុគ្គលិកអគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃរួមនឹងមន្ត្រីពាក់ពន្ធ័មួយចំនួនទៀត។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា
ការប្រលងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២ គឺដើម្បីយកទៅបម្រើការងារនៅមណ្ឌលអប់រំកែប្រែទី១ មណ្ឌលយុវនីតិសម្បទា និងពន្ធនាគាររាជធានីភ្នំពេញ ដែលមានបេក្ខជនប្រលងចំនួន១២២៧នាក់ ជ្រើសរើសយកចំនួន១៧៦នាក់ ក្នុងនោះ សម្រាប់ការប្រលងយកទៅបម្រើការងារនៅមណ្ឌលអប់រំកែប្រែទី១ មានបេក្ខជនចំនួន៣៨៨នាក់ ស្រី១២៨នាក់ ជ្រើសរើសយកចំនួន៣០នាក់ស្រី៥នាក់ , មណ្ឌលយុវនីតិសម្បទា មានបេក្ខជនចំនួន៧០២នាក់ ស្រី ២៧៨នាក់ ជ្រើសរើសយកចំនួន១១០នាក់ ស្រី១១នាក់ , ពន្ធនាគាររាជធានីភ្នំពេញ មានបេក្ខជនចំនួន១៣៧នាក់ ស្រី ២៥នាក់ ជ្រើសរើសយកចំនួន៣៦នាក់ ស្រី២នាក់។
ចំពោះការប្រលងនេះបេក្ខជនត្រូវបានអនុវត្ត គឺ
មិនត្រូវលួចចម្លង ឬមានបំណងលួចចម្លង,មិនត្រូវពិភាក្សា ឬចម្លងគ្នា,មិនត្រូវយកអាវុធជាតិផ្ទុះចូលក្នុងមណ្ឌលប្រឡង,ហាមយកតាម និងប្រើប្រាស់ទូរស័ព្ទ វិទ្យុទាក់ទងគ្រប់ប្រភេទ និងឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទដែលអាចផ្ទុកឯកសារបាន ចូលក្នុងបន្ទប់ប្រឡង។ ក្នុងករណីមេប្រយោគ ឬ អនុរក្សឆែក
រកឃើញ បេក្ខជននឹងត្រូវបណ្ដេញចេញពីបន្ទប់ប្រឡង។ មិនត្រូវឲ្យអ្នកដទៃប្រឡងជំនួស ឬសរសេរកិច្ចការជំនួសនៅលើសន្លឹកកិច្ចការរបស់ខ្លួន,មិនត្រូវគូសសញ្ញាសំគាល់នៅលើសន្លឹកកិច្ចការ,មិនត្រូវធ្វើសកម្មភាពណាដែលនាំឲ្យចលាចលក្នុងមណ្ឌលប្រឡង ,ហាមដាច់ខាតចំពោះការសេពគ្រឿងស្រវឹង និងជក់បារីនៅក្នុងបរិវេណមណ្ឌលប្រឡង ។
រាល់ការប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិខាងលើ បេក្ខជនត្រូវប្រឈមនឹងការបញ្ឈប់មិនឲ្យប្រឡង ហើយ សន្លឹកកិច្ចការរបស់បេក្ខជននោះនឹងត្រូវបានពិន្ទុសូន្យ និងទទួលកម្រិតវិន័យផ្សេងៗទៀតដែលត្រូវបានកំណត់ ដោយគណៈកម្មការកណ្ដាលរៀបចំការប្រឡង៕