ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ និងថ្នាក់ដឹកនាំខេត្តព្រះវិហារ បន្តចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្ត

89

ព្រះវិហារ៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ លោកទេសរដ្ឋមន្ត្រី មាស សុភា អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមមន្ទីរ អង្គភាពនានា ជុំវិញខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះបានបន្តចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រខេត្ត និងចុះពិនិត្យទំនប់សណ្តរ ដែលជាគម្រោងរបស់រដ្ឋបាលខេត្តហើយកំពុងអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សម្រាប់ការពារមិនឱ្យទឹកជនន់ ជន់លិចខេត្ត ព្រមទាំងសំណេះសំណាលជាមួយមន្ត្រី បុគ្គលិក កម្មករ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ដែលកំពុងមប្រើការនៅតាមការដ្ឋាននានា។

  ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ មន្ទីរ អង្គភាព ជុំវិញខេត្តព្រះវិហារ ដែលបានខិតខំយកចិត្តទុកដាក់សហការគ្នាជួយប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ ទាំងការដឹកជញ្ជូនទៅកាន់ទីទួលសុវត្ថិភាព ទាំងការឧបត្ថម្ភស្បៀង អាហារ សម្ភារនិងការថែទាំសុខភាព។

ស្របពេលស្ថានភាពទឹកដងស្ទឹងសែននៅថ្ងៃនេះ មានការស្រកចុះ លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងអំពាវនាវនិងណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ ចុះសិក្សាវាយតម្លៃលើផលប៉ះពាល់ ស្រែចំការ ដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋដែលរងការខូចខាតដោយទឹកជំនន់ ដើម្បីឲ្យពួកគាត់បានទទួលពូជស្រូវ ពូជដំណាំផ្សេងៗយកទៅដាំដុះបន្ត ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារសម្លេងពិសេសកាលពីព្រលប់ថ្ងៃម្សិលមិញនេះ។

លោក មាស សុភា ក៏បានថ្លែងវាយតម្លៃខ្ពស់ចំពោះការសាងសង់ទំនប់សណ្តរ ដែលជាគម្រោងរបស់របស់រដ្ឋបាលខេត្តនិងកំពុងអនុវត្តសាងសង់ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ។ លោកសង្កត់ធ្ងន់ថា ទំនប់សណ្តរនេះមានសារៈសំខាន់ណាស់ មិនត្រឹមតែទប់ទឹកមិនឲ្យចូលក្រុងប៉ុណ្ណោះទេ ប៉ុន្តែជាផ្លូវគមនាគមន៍ក្រវ៉ាត់ក្រុង ហើយអនាគតនឹងក្លាយជាផ្លូវក្រាលកៅស៊ូ ដើម្បីឈានបន្តអភិវឌ្ឍន៍ក្រុងព្រះវិហារផងដែរ។

នៅក្នុងឱកាសនេះដែរ លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការបុគ្គលិក កម្មករ ទាំងអស់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ បានខិតខំយកចិត្តទុកដាក់អនុវត្ត តួនាទី ភារៈកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ លើការងារ ជួសជុល ថែទាំផ្លូវដែលគ្រប់គ្រងដោយមន្ទីរ។ មិនតែប៉ុណ្ណោះ មន្ទីរអាចធ្វើបាន ដោះស្រាយបាន ការងារចាំបាច់មួយចំនួន ដែលជាសំណូមពររបស់ប្រជាពលរដ្ឋ ទាំងថវិកាមិនទាន់ធ្លាក់ក៏មានដែរ៕

 

អត្ថបទដែលជាប់ទាក់ទង