កម្ពុជាជំរុញផ្សព្វផ្សាយយុទ្ធនាការ “ទស្សនាកម្ពុជា ឆ្នាំ២០២៣ (Visit Cambodia Year 2023)” នាឱកាសវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២២ នៅទីក្រុង Hoi An ខេត្ត Quang Nam នៃវៀតណាម
ភ្នំពេញ ៖ ក្រសួងទេសចរណ៍តំណាងដោយ ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិកំពុងដឹកនាំមន្រ្តីជំនាញ ចូលរួមវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២២ (Mekong Tourism Forum 2022) នៅទីក្រុង Hoi An ខេត្ត Quang Nam នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី០៩-១៤ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីមានការអាក់ខានដោយសារការរីករាយដាលនៃជំងឺកូវីដ-១៩ វេទិកាខាងលើនេះគឺសំដៅការចូលរួមចំណែកដល់ការស្តារឡើងវិញនៃវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩ ក្នុងការពង្រឹងផ្សព្វផ្សាយ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ (GMS)។ ប្រតិភូក្រសួងទេសចរណ៍ នឹងចូលរួមកិច្ចប្រជុំសំខាន់ៗចំនួន០៧៖
(១) វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២២ក្រោមប្រធានបទ “Rebuild Tourism… Rebound Resilience”
(២) វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធទេសចរណ៍ប្រកដោយបរិយាប័ន្នវគ្គ២ (ADB-TIIG2)
(៣) កិច្ចប្រជុំទ្វេភាគីរវាងអង្គភាពទេសចរណ៍មេគង្គ (Destination Mekong) និងក្រសួងទេសចរណ៍កម្ពុជា
(៤) កិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី៥០ (50th GMS TWG)
(៥) កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO)
(៦) កិច្ចប្រជុំទ្វេភាគីលើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា-វៀតណាមលើកទី៣
(៧) ការទទួលទង់មេគង្គប្តូរវេន សម្រាប់ការត្រៀមរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៦-២១ ខែមីនា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ “គិតគូរឡើងវិញពីភាពធន់ និងបច្ចេកវិទ្យា (Rethink for Resilience and Digitalization)។