ថ្ងៃទី១៦តុលា កីឡាវាយកូនបាល់កម្ពុជា ចេញទៅ Davis Cup នៅបារ៉ែន
ភ្នំពេញ៖លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយក រដ្ឋមន្រ្តី និងអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាតំណាងប្រធានសហព័ន្ធនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅទីលានរបស់សហព័ន្ធនៃពហុកីឡដ្ឋានជាតិអូឡាំពិកបានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករជម្រើសជាតិវាយកូនបាល់កម្ពុជាមុនចេញទៅចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡាវាយកូនបាល់ Davis Cup នៅប្រទេសបារ៉ែន។
លោក សុខ ចិន្តាសោភាបានមានប្រសាសន៍ថា ក្រោយពីលោកបានទស្សនាការប្រកួតរបស់កីឡាករ Bun kenny សមាជិកក្រុមជម្រើសជាតិកម្ពុជាយើងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ M25 Futures, Hai Dang Cup 2022 នៅទីក្រុង តៃនិញប្រទេសវៀតណាមនាពេលថ្មីៗនេះបានធ្វើឲ្យរូបលោកកាន់តែចាប់អារម្មណ៍យ៉ាងចំពោះប្រភេទកីឡាមួយនេះ។
លោកក៏បានទាក់ទងលោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាដើម្បីជួបសំណេះសំណាលជាមួយក្រុមកីឡាករជម្រើសជាតិ ព្រោះលោកដឹងថា នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ខាងមុខនេះក្រុមកីឡាករយើងនឹងចេញទៅប្រកួតកីឡាវាយកូនបាល់ Davis Cup នៅប្រទេសបារ៉ែន។
លោកបានបន្តថា ការប្រកួតកីឡាវាយកូនបាល់ Davis Cup នៅប្រទេសបារ៉ែនមានសារសំខាន់ណាស់ ដោយក្រុមកីឡាករយើងបានកាន់ទង់ជាតិកម្ពុជាលើកឆាកអន្តរជាតិនៅពេលប្រកួត ហើយក៏ជាការឈានជើងមួយទៀត អ្វីដែលសំខាន់នោះគឺឆ្នាំក្រោយនេះប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣។
លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាក៏បានមានប្រសាសន៍ថា រូបលោកតំណាងឲ្យប្រធានសហព័ន្ធថ្លែងអំណរគុណដល់៖លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយក រដ្ឋមន្រ្តី និងអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)ដែលគាំទ្រសហព័ន្ធជានិច្ចទំាងកម្លាំងកាយ កម្លាំងចិត្តដល់ក្រុមកីឡាករជម្រើសជាតិវាយកូនបាល់កម្ពុជា ជាពិសេសការប្រកួតកីឡាវាយកូនបាល់ Davis Cupនៅប្រទេសបារ៉ែន។
សូមបញ្ជាក់ថាសម្រាប់ព្រឹត្តិកាណ៍ Davis Cupពេលនេះកម្ពុជាកំពុងតែលេងនៅក្នុងក្រុម៤ហើយសម្រាប់ការប្រកួតលើកនេះកម្ពុជាសង្ឃឹមថានឹងបានឡើងទៅលេងក្រុម៣ដែលជាក្រុមដែលមានលំដាប់ខ្ពស់ជាងនេះជាមិនខានឡើយ ៕