ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការបារាំងសម្រេចថា សម្តេចតេជោ ហ៊ុន សែន មិនស្ថិតនៅពីក្រោយការស្លាប់របស់ លោក ហុក ឡង់ឌី ដូចការចោទប្រកាន់របស់ សម រង្ស៉ី

67

 

ភ្នំពេញ៖ នៅទីបំផុតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ តុលាការប្រទេសបារាំងបានសម្រេចថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មិនស្ថិតនៅពីក្រោយការស្លាប់របស់ លោក ហុក ឡង់ឌី ដូចការចោទប្រកាន់របស់ សម រង្ស៉ី នោះទេ ។ នេះបើយោងតាមលោក គី តិច មេធាវីសម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុក ពីទីក្រុងប៉ារីស ប្រទេសបារាំង។

លោក គី តិច ប្រធានក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ឱ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ ក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន បានចូលរួមជាមួយក្រុមមេធាវីជនជាតិបារាំងតំណាងរបស់ សម្តេចតេជោ ហ៊ុន សែន និងលោក ឌី វីជ្ជា ចូលរួមស្តាប់ប្រកាសសាលក្រមដោយតុលាការទីក្រុងប៉ារីស ប្រទេសបារាំង ពាក់ព័ន្ធនឹងបណ្តឹងរបស់ សម្តេចតេជោ ហ៊ុន សែន ប្តឹងសម រង្ស៉ី និងពាក់ព័ន្ធនឹងបណ្តឹងរបស់ លោក ឌី វិជ្ជា ប្តឹងលោក សម រង្ស៉ី ពីបទបរិហារកេរ្តិ៍។

លោក គី តិច បានបញ្ជាក់ថា នៅក្នុងបន្ទប់សវនាការនៅព្រឹកមិញនេះ ចៅក្រមបានលើកសំអាងហេតុ និងការយល់ឃើញលើចំណុចមួយ ដែលបញ្ជាក់ថា ការចោទប្រកាន់របស់ សម រង្ស៉ី ទៅលើសម្តេចតេជោ ពាក់ព័ន្ធនឹងការធ្លាក់ឧទ្ធម្ភាចក្រ ដែលមានឯកឧត្តម ហុក ឡង់ឌី ជាជនរងគ្រោះ គឺពុំមានភស្តុតាង ឬការបញ្ជាក់ណាមួយឱ្យបានច្បាស់លាស់ ហើយក៏ពុំអាចចាត់ទុកថា សម្តេចតេជោ ពាក់ព័ន្ធនឹងការកើតហេតុ ឬនៅពីក្រោយនៃការកើតហេតុនេះដែរ។

លោកមេធាវីបានបន្តថា សំអាងហេតុរបស់ចៅក្រម ក៏បានលើកទៀតថា សម រង្ស៉ី បានដាក់ឯកសារ ជាសារព័ត៌មានជាឯកសារផ្សេងៗ មានភាពមិនច្បាស់លាស់ ស្រពិចស្រពិលស្មុគស្មាញ ដែលតុលាការពុំអាចទទួលយកមកធ្វើជាសំអាងហេតុឱ្យបានត្រឹមត្រូវ ច្បាស់លាស់នោះទេ។ តុលាការក៏បានលើកសម្អាង ហេតុមួយទៀត បញ្ជាក់ច្បាស់ថា សម រង្ស៉ី ពិតជាបាននិយាយបរិហារកេរ្តិ៍ចំពោះសម្តេចតេជោ ដែលពុំអាចប្រកែកបាន។

សូមបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន និង លោក ឌី វិជ្ជា តាមរយៈមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងមេធាវីបារាំង បានដាក់ពាក្យបណ្តឹងជាផ្លូវការ២ដាច់ដោយឡែកពីគ្នា ដើម្បីប្តឹងបុគ្គល សម រង្ស៉ី ពីបទ បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល ទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង ។

ការសម្រេចដាក់ពាក្យប្តឹងនេះ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានបង្ហោះបំផ្លើសការពិតដោយចោទប្រកាន់ថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកនៅពីក្រោយការស្លាប់របស់ លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិកម្ពុជា។

ពាក់ព័ន្ធនឹងករណីនេះ លោកសម រង្សី ត្រូវបានតុលាការទីក្រុងប៉ារីស ប្រទេសបារាំង បានលើកសម្អាងហេតុដោយបញ្ជាក់ច្បាស់ថា សម រង្ស៉ី ពិតជាបាននិយាយបរិហារកេរ្តិ៍ចំពោះសម្តេចតេជោ ដែលពុំអាចប្រកែកបាន៕

អត្ថបទដែលជាប់ទាក់ទង