សម្តេចតេជោ ហ៊ុន សែន នឹងស្នើតែងតាំង ឯកឧត្ដម វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ ស្នើតែងតាំង ឯកឧត្ដម វេង សាខុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
តបតាមសំណើរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ លោក វេង សាខុន ត្រូវបានព្រះករុណា សម្តេច ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ហេតុផលចម្បង នៃការបញ្ចប់តំណែងនេះ មិនទាន់ត្រូវបានបង្ហើបនៅឡើយទេ ប៉ុន្តែភ្លាមៗ បន្ទាប់ពីមានការបញ្ចប់តំណែងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារជូនជនរួមជាតិ អំពីស្ថានភាព នៃទឹកជំនន់នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យកសិកម្ម ខណៈដែល លោក វេង សាខុន អវត្តមាននៅក្នុងប្រទេស ដោយទៅបំពេញទស្សនកិច្ចនៅអឺរ៉ុប៕