សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ក្រុមការងារ និងមេធាវីបារាំង ដែលបានប្រឹងប្រែងការពារក្តី ក្នុងសំណុំរឿងរបស់សម្តេចប្តឹងទណ្ឌិត សម រង្ស៉ី នៅប្រទេសបារាំង
ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ តុលាការប្រទេសបារាំងបានសម្រេចថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មិនស្ថិតនៅពីក្រោយការស្លាប់របស់ លោក ហុក ឡង់ឌី ដូចការចោទប្រកាន់របស់ សម រង្ស៉ី នោះទេ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រុមការងារ និងមេធាវីបារាំង ដែលបានប្រឹងប្រែងការពារក្តី ក្នុងសំណុំរឿងរបស់សម្តេចប្តឹងទណ្ឌិត សម រង្ស៉ី នៅប្រទេសបារាំង។
នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។
សម្តេចតេជោបានមាន ប្រសាសន៍ថា ការដែលសម្តេចតាមប្តឹងដល់ប្រទេសបារាំង គឺទាមទារនូវភាពស្អាតស្អំរបស់សម្តេចតែប៉ុណ្ណោះ។ សម្តេចតេជោបានថ្លែងថា ការចង់បានរបស់សម្តេចលើបណ្តឹងនេះ មិនមែនចង់បានលុយរបស់បុគ្គលនោះទេ តែអ្វីដែលសម្តេចចង់បាន គឺភាពស្អាតស្អំពីការចោទប្រកាន់របស់បុគ្គលនោះ។
សម្តេចបានបញ្ជាក់ថា ទៅពីខ្មែរ ដល់បារាំង ខ្ញុំចង់បានតែប៉ុណ្ណឹង។
សូមអស់លោកដែលចេះភាសាបារាំង អានអត្ថបទទាំងមូល ដែលចេញដោយតុលាការបារាំងទើបយល់ច្បាស់។
លោក គី តិច ប្រធានក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកឱ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ ក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន បានចូលរួមជាមួយក្រុមមេធាវីជនជាតិបារាំងតំណាងរបស់ សម្តេចតេជោ ហ៊ុន សែន និងលោក ឌី វីជ្ជា ចូលរួមស្តាប់ប្រកាសសាលក្រមដោយតុលាការទីក្រុងប៉ារីស ប្រទេសបារាំង ពាក់ព័ន្ធនឹងបណ្តឹងរបស់ សម្តេចតេជោ ហ៊ុន សែន ប្តឹងសម រង្ស៉ី និងពាក់ព័ន្ធនឹងបណ្តឹងរបស់ លោក ឌី វិជ្ជា ប្តឹងលោក សម រង្ស៉ី ពីបទបរិហារកេរ្តិ៍។
លោក គី តិច បានបញ្ជាក់ថា នៅក្នុងបន្ទប់សវនាការនៅព្រឹកមិញនេះ ចៅក្រមបានលើកសំអាងហេតុ និងការយល់ឃើញលើចំណុចមួយ ដែលបញ្ជាក់ថា ការចោទប្រកាន់របស់ សម រង្ស៉ី ទៅលើសម្តេចតេជោ ពាក់ព័ន្ធនឹងការធ្លាក់ឧទ្ធម្ភាចក្រ ដែលមានឯកឧត្តម ហុក ឡង់ឌី ជាជនរងគ្រោះ គឺពុំមានភស្តុតាង ឬការបញ្ជាក់ណាមួយឱ្យបានច្បាស់លាស់ ហើយក៏ពុំអាចចាត់ទុកថា សម្តេចតេជោ ពាក់ព័ន្ធនឹងការកើតហេតុ ឬនៅពីក្រោយនៃការកើតហេតុនេះដែរ។ សំអាងហេតុរបស់ចៅក្រម ក៏បានលើកទៀតថា សម រង្ស៉ី បានដាក់ឯកសារ ជាសារព័ត៌មានជាឯកសារផ្សេងៗ មានភាពមិនច្បាស់លាស់ ស្រពិចស្រពិលស្មុគស្មាញ ដែលតុលាការពុំអាចទទួលយកមកធ្វើជាសំអាងហេតុឱ្យបានត្រឹមត្រូវ ច្បាស់លាស់នោះទេ។ តុលាការក៏បានលើកសម្អាង ហេតុមួយទៀត បញ្ជាក់ច្បាស់ថា សម រង្ស៉ី ពិតជាបាននិយាយបរិហារកេរ្តិ៍ចំពោះសម្តេចតេជោ ដែលពុំអាចប្រកែកបាន។
សូមបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន និង លោក ឌី វិជ្ជា តាមរយៈមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងមេធាវីបារាំង បានដាក់ពាក្យបណ្តឹងជាផ្លូវការ២ដាច់ដោយឡែកពីគ្នា ដើម្បីប្តឹងបុគ្គល សម រង្ស៉ី ពីបទ បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល ទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង ។
ការសម្រេចដាក់ពាក្យប្តឹងនេះ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានបង្ហោះបំផ្លើសការពិតដោយចោទប្រកាន់ថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកនៅពីក្រោយការស្លាប់របស់ លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិកម្ពុជា។
ពាក់ព័ន្ធនឹងករណីនេះ លោកសម រង្សី ត្រូវបានតុលាការទីក្រុងប៉ារីស ប្រទេសបារាំង បានលើកសម្អាងហេតុដោយបញ្ជាក់ច្បាស់ថា សម រង្ស៉ី ពិតជាបាននិយាយបរិហារកេរ្តិ៍ចំពោះសម្តេចតេជោ ដែលពុំអាចប្រកែកបាន៕