ប្រធានក្រុមប្រឹក្សារាជធានី ស្នើបន្តផ្សព្វផ្សាយអោយ បានទូលំទូលាយ ដើម្បីអោយពលរដ្ឋមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩អោយបានច្រើន
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកម៉ប់ សារិន បានស្នើអោយមន្ទីរសុខាភិបាលរាជធានីភ្នំពេញនិងអាជ្ញាធរដែនដីបន្តផ្សព្វផ្សាយអោយបានទូលំទូលាយ ដើម្បីអោយប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩អោយបានច្រើន ខណៈដែល ពលរដ្ឋមួយចំនួនហាក់លែងយកចិត្តទុកដាក់ចំពោះការចាក់វ៉ាក់សាំងនេះ។
ការស្នើបែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤១របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែតុលាឆ្នាំ២០២២នេះ ក្រោមវត្តមាន លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតនៅសាលារាជធានីភ្នំពេញ។
លោកម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា៖ ក្នុងរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋមួយចំនួនហាក់លែងយកចិត្តទុកដាក់ចំពោះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។ដូច្នេះលោកស្នើអោយ
មន្ទីរសុខាភិបាលរាជធានីភ្នំពេញ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ បន្តផ្សព្វផ្សាយអោយបានទូលំទូលាយ នៅក្នុងកម្មវិធីនានា សំដៅធ្វើយ៉ាងណា អោយប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩អោយបានច្រើន។
លោក កើត ឆែ ពាក់ព័ន្ធនឹងការងារនេះ ក៏បានមានប្រសាសន៍លើកឡើងដែរថា៖ សម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ អាជ្ញាធររាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់ ដោយបានបង្កើតឡើងនូវទីតាំងសម្រាប់ចាក់វ៉ាក់សាំងនេះរហូតដល់៤៣ទីតាំង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកស្នើអោយអាជ្ញាធរនិងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ កុំបង្ខំប្រជាពលរដ្ឋអោយទៅទទួលការចាក់វ៉ាក់សាំងអោយសោះ គឺត្រូវធ្វើឡើងដោយការស្ម័ក្រចិត្តរបស់ពួកគាត់ ដោយមិនមានការបង្ខិតបង្ខំ។
បើតាមរបាយការណ៍ដែលបានលើកឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤១របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែតុលាឆ្នាំ២០២២នេះ បានអោយដឹងថា៖ ស្ថានភាពជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ (គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២)៖ អ្នកជំងឺកូវីដ-១៩ វិជ្ជមាន សរុបចំនួន ១១២.៣៤០នាក់ ។ អ្នកជាសះស្បើយ ចំនួន ១១០.៨១០នាក់ ។ អ្នកស្លាប់ដោយជំងឺកូវីដ-១៩ វិជ្ជមាន ចំនួន ១.៥០៥នាក់ អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគ្មាន។ អ្នកជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ សរុបចំនួន ២៥នាក់។
ការចាក់វ៉ាក់សាំងជូន ឥស្សរជន/ប្រជាពលរដ្ឋ និងកុមារ អាយុចាប់ពី ៣ឆ្នាំឡើង (គិតត្រឹមថ្ងៃទី៣០ ខែ
កញ្ញា ឆ្នាំ២០២២)៖ លទ្ធផលចាក់វ៉ាក់សាំងជូនកុមារពី ៣ឆ្នាំ ដល់អាយុក្រោម ៥ឆ្នាំ៖(គោលដៅ ៧២.៨៥៤នាក់) ដូសទី១ សរុប ៧៦.២៧៥នាក់ = ១០៤,៧០% ។ ដូសទី២ សរុប ៥៦.៧៥៥នាក់ = ៧៧,៩០% ។ ដូសទី៣ សរុប ៤.០១៦នាក់ = ៥,៥១%
លទ្ធផលចាក់វ៉ាក់សាំងជូនកុមារ អាយុ ៥ឆ្នាំ៖ ដូសទី១ សរុប ៦១,៤៩៩នាក់ = ១២៣,៣៧% ។ ដូសទី២ សរុប ៥៤.០៨៩នាក់ = ១០៦,៥០% ។ ដូសទី៣ សរុប ១១.៦៩១នាក់ = ២៣,៤៥%។ ដូសទី៤ សរុប ២.៥៩៤នាក់ = ៥,២០% ។
លទ្ធផលចាក់វ៉ាក់សាំងជូនកុមារ អាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ។ ដូសទី១ សរុប ២៣៦.២៤៥នាក់ = ១០៦,៨៣%។ ដូសទី២ សរុប ២៤៧.៧១៦នាក់ = ១១២,០២% ។ ដូសទី៣ សរុប ១៦៥.៨៧៥នាក់ = ៧៥,០១% ។ ដូសទី៤ សរុប ២៦.២៣៩នាក់ = ១១,៨៧% ។
លទ្ធផលចាក់វ៉ាក់សាំងជូនកុមារ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ។ ដូសទី១ សរុប ២២២.៨៤២នាក់ = ១១៦,៣៨% ។ ដូសទី២ សរុប ២២៣.៦៤១នាក់ = ១១៦,៧៩%។ ដូសទី៣ សរុប ២១៩.៦០៨នាក់ = ១១៤,៦៩% ។ ដូសទី៤ សរុប ៦៣.២៨៨នាក់ ៣២,០៥% ។ ដូសទី៤ សរុប ៨.៦៣៨នាក់= ៤,៥១% ។
លទ្ធផលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ អាយុចាប់ពី ១៨ឆ្នាំឡើង៖ ដូសទី១ សរុប ១.៧៧៣.១៣៦នាក់ = ១២៥,៥១% ។ ដូសទី២ សរុប ១.៧២៦.១២៣នាក់ = ១២២,១៨% ។ ដូសទី៣ សរុប ១.៥០៧.៥៣២នាក់ = ១០៦,៧១%។ ដូសទី៤ សរុប ១.១៥៦.៣០៥នាក់ = ៨១,៨៥%។ ដូសទី៥ សរុប ១៧៧.៩៣៥នាក់ = ១២,៥៩%៕