អភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យលោក Cyril Girot នាយកប្រតិបត្តិ នៃក្រុមហ៊ុន Cambodia Airports ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ
តព្រះសីហនុ ៖ រសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យលោក Cyril Girot នាយកប្រតិបត្តិ នៃក្រុមហ៊ុន Cambodia Airports ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ។
លោក Cyril Girot នាយកប្រតិបត្តិ នៃក្រុមហ៊ុន Cambodia Airports បានជំរាបជូនពីគោលបំណងនៃកិច្ចពិភាក្សា ១.ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ជាអាកាសយានដ្ឋានអន្តរជាតិដែលមានលក្ខណៈទំនើបស៊ីវិល័យ ២.ស្នើសុំជួយអន្តរាគមន៍ស្តារប្រព័ន្ធអូរនៅជុំវិញអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុដើម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សា។
លោកនាយកប្រតិបត្តិក្រុមហ៊ុនបានបន្តថា ក្រុមហ៊ុនទទួលបានសេចក្តីប្រកាសអន្តរក្រសួង ស្តីពីការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ហើយក្រុមហ៊ុននៅរង់ចាំសហការ ដើម្បីធ្វើការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុឱ្យកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដោយសារខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើន ជាទស្សនវិស័យនៃទីក្រុងឆ្លាតវៃនាពេលខាងមុខ ដែលជាចលនាលំហូភ្ញៀវទេសចរចូលមកខេត្តព្រះសីហនុ ជាពិសេសភ្ញៀវទេសចរ និងអ្នកវិនិយោគចិន។ ឆ្នាំនេះដោយមានការកិច្ចសហការគាំទ្រពីឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក្នុងការចូលរួមសហការដោះស្រាយបញ្ហាប្រព័ន្ធរំដោះទឹកនៅជុំវិញអាកាសយានដ្ឋានកាន់តែល្អប្រសើរ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍លោកនាយកប្រតិបត្តិក្រុមហ៊ុន Cambodia Airports និងសហការី ព្រមទាំងថ្លែងអំណរគុណក្រុមហ៊ុនដែលបានអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលជាផ្នែកមួយនៃសក្តានុពលរបស់ខេត្ត។ ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានឆ្នេរ កោះ កំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក និងផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ ដែលបានដាក់ឱ្យដំណើការសាកល្បងកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ថ្មីៗនេះ រយៈពេលមួយខែ ដោយមិនគិតប្រាក់។
ឯកឧត្តមអភិបាលខេត្តបានបញ្ចាក់ថា រដ្ឋបាលខេត្តត្រូវការព័ត៌មានជាក់លាក់ នៃកាអភិវឌ្ឍរបស់ក្រុមហ៊ុន Cambodia Airports ដើម្បីដាក់បញ្ចូលក្នុងផែនការមេ ហើយយើងក៏ត្រូវការគាំទ្រគ្នាទៅវិញទៅមកផងដែរ។ តាមរយៈផែនការមេរបស់ខេត្តព្រះសីហនុ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់ឧស្សាហកម្ម តំបន់ស្នាក់នៅប្រកបដោយចិរភាព ជំរុញទីផ្សារហិរញ្ញវត្ថុ ហើយយើងក៏មានគោលដៅវែងឆ្ងាយរង់ចាំដៃគូវិនិយោគ។ ខេត្តព្រះសីហនុជាផ្នែកមួយនៃរាជធានីភ្នំពេញ ដែលមានក្រុមហ៊ុន សហគ្រាសជាសាខា ទន្ទឹមនោះយើងចង់បង្កើតទីនេះ ជាមូលដ្ឋានសេដ្ឋកិច្ច ដែលមានក្រុមហ៊ុនឈរជើង ស្នាក់នៅប្រកបរបរនៅទីនេះ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានចាត់ឱ្យក្រុមការងារបច្ចេកទេស សហការជាមួយក្រុមហ៊ុនCambodia Airports ចុះពិនិត្យប្រព័ន្ធរំដោះទឹកនៅជុំវិញអាកាសយានដ្ឋាននៅថ្ងៃស្អែក ដើម្បីដោះស្រាយបញ្ហាប្រឈមឱ្យទទួលបានលទ្ធផលល្អ៕