លោកថោង ខុន និយាយពីអត្ថន័យ គ្រឿងឥស្សរិយយសពីOCA
ភ្នំពេញ៖លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ CAMSOC និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បានរំឭកជាថ្មីពីគុណតម្លៃដ៏មាន
អត្ថន័យចំពោះការទទួលបាននូវគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត«ខ្សែកមាស»ពីក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) កាលពីថ្មីៗនេះ។
លោកបញ្ជាក់ថានេះគឺបានមកពីកិច្ចសហការនិងការខិតខំប្រឹងប្រែងរវាងប្រតិបត្តិករចលនាអូឡាំពិក និងស្ថាប័នពាក់ព័ន្ធទាំងអស់។ ពិសេសដោយសារមានការដឹកនាំដ៏ត្រឹមត្រូវ និងការយកចិត្តទុកដាក់ឧបត្ថម្ភជ្រោមជ្រែងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
លោកបណ្ឌិតថោងខុនមានប្រសាសន៍ថា៖«ខ្ញុំគិតថានេះគឺជាកិត្តិយសដ៏ឧត្ដុង្គឧត្តមមួយ មិនមែនសម្រាប់តែរូបខ្ញុំម្នាក់ទេតែសម្រាប់មហាគ្រួសារចលនាអូឡាំពិករបស់យើងទាំងអស់គ្នា ដែលកន្លងមក យើងមានការខិតខំប្រឹងប្រែង សហការគ្នាយ៉ាងល្អ រវាងក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ និងប្រតិបត្តិករអូឡាំពិកទាំងអស់ ទាំងជាតិ និងអន្ដរជាតិ។ ពិសេសជាងគេគឺបានមកដោយសារការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយក
រដ្ឋមន្ដ្រីនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែលសម្ដេចទាំងទ្វេតែងយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយទំនុកបម្រុងឧបត្ថម្ភដល់ចលនាអូឡាំពិក ពិសេសកីឡាករ-កីឡាការិនីរបស់យើង ទាំងកីឡាករ-កីឡាការិនីធម្មតា ក៏ដូចជាកីឡាករ-កីឡាការិនីជនពិការ។
លោកបញ្ជាក់ទៀតថា៖«គ្រឿងឥស្សរិយយសនេះបានលើកទឹកចិត្តឲ្យខ្ញុំផ្ទាល់ក៏ដូចជាគ្រួសារអូឡាំពិកកម្ពុជាឲ្យបន្ដខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីឈានដល់គោលដៅនៃការកសាងពិភពលោកមួយដ៏ល្អប្រសើរ មានសុខសន្ដិភាព តាមរយៈចលនាអូឡាំពិក។
ម្យ៉ាងវិញទៀតគឺជាការគាំទ្រលើកទឹកចិត្ដបន្ថែមទៀតឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ ត្រៀមរៀបចំធ្វើម្ចាស់ផ្ទះមហាព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣និងការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ឲ្យទទួលបានជោគ
ជ័យដ៏ត្រចះត្រចង់ផងដែរ។ គ្រឿងឥស្សរិយយសនេះបាននាំមកនូវស្មារតីមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ និងរឹងមាំបន្ថែមទៀត ក្នុងរង្វង់គ្រួសារអូឡាំពិក»។
ក្រោយកម្ពុជាមានសុខសន្ដិភាពពេញលេញ គិតចាប់ពីឆ្នាំ១៩៩៨ មកទល់បច្ចុប្បន្ន កម្ពុជាបានអភិវឌ្ឍនិងរីកចម្រើនលើគ្រប់វិស័យក្នុងនោះវិស័យកីឡាក៏ដូចគ្នាពិសេសហេដ្ឋា
រចនាសម្ព័ន្ធកីឡា។ជាក់ស្ដែងអំឡុងកម្ពុជារៀបចំមហាសន្និបាតOCAលើកទី៤១កាលពីដើមខែតុលាកន្លងទៅ ប្រតិភូអូឡាំពិកអាស៊ី និងអន្ដរជាតិ រួមទាំងលោក Raja Randhir Singh ប្រធានស្ដីទីOCAបានធ្វើដំណើរទស្សនកិច្ចហេដ្ឋារចនាសម្ព័ន្ធកីឡាហើយបានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំង ចំពោះការរីកលូតលាស់នៃហេដ្ឋារចនាសម្ព័ន្ធកីឡាកម្ពុជា។
លោកRaja Randhir Singhនិងប្រតិភូអូឡាំពិកអន្ដរជាតិជាច្រើនបានមកទស្សនកិច្ចនៅ
ទីស្នាក់ការNOCCហើយបានភ្ញាក់ផ្អើលចំពោះអគារនៃចលនាអូឡាំពិកកម្ពុជានេះ។បន្ទាប់មកពួកគាត់បានធ្វើទស្សនកិច្ចពហុកីឡដ្ឋានជាតិមរតកតេជោ ពួកគាត់កាន់តែភ្ញាក់ផ្អើលថែមទៀត ដោយលាន់មាត់“WOW”គ្រប់គ្នាថាកម្ពុជារៀបចំបានត្រឹមត្រូវនិងមានហេដ្ឋារចនាសម្ព័ន្ធកីឡាដ៏អស្ចារ្យ ដែលជាភាពជឿជាក់ និងកក់ក្ដៅ សម្រាប់ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ»។
កម្ពុជាពុំធ្លាប់ទទួលរងពិន័យណាមួយពីគណៈកម្មាធិការអូឡាំពិកអន្ដរជាតិឬក្រុមប្រឹក្សាកីឡាអាស៊ី ឬអាស៊ីអាគ្នេយ៍ឡើយគឺកម្ពុជាតែងគោរពអនុវត្តបានត្រឹមត្រូវតាមធម្មនុញ្ញអូឡាំពិក ទើបកម្ពុជាទទួលបាននូវការកោតសរសើរចំពោះចលនាអូឡាំពិកកម្ពុជារហូតទទួលបាននូវគ្រឿងឥស្សរិយយសដ៏ឧត្ដុង្គឧត្តមពីក្រុមប្រឹក្សាអូឡាំពិកអាស៊ី ៕