មន្ត្រីចរាចរណ៍ម្នាក់ ដែលប្រើប្រាស់ពាក្យសម្តី និងកាយវិការមិនសមរម្យ ជាមួយពលរដ្ឋដែលបើកបរល្មើសច្បាប់ ត្រូវដកបញ្ឈរជើង
ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ខែតុលានេះ បានឲ្យដឹងថា មន្ត្រីចរាចរណ៍ដែលប្រើប្រាស់ពាក្យសម្តី និងកាយវិការមិនសមរម្យ ជាមួយពលរដ្ឋដែលបើកបរល្មើសច្បាប់ ត្រូវបានកោះហៅមកធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា ដាក់វិន័យកងកម្លាំង និងដកយកមកបញ្ឈរជើង៣ខែ។
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបានឃើញឃ្លឹបវីដេអូផ្សព្វផ្សាយ នៅលើបណ្តាញសង្គមទាក់ទងទៅនឹងមន្ត្រីនគរបាលចរាចរណ៍មួយរូបឈ្មោះ ពុត ធារី បានប្រើប្រាស់ពាក្យពេចន៍ និងកាយវិការមិនសមរម្យ ទៅលើប្រជាពលរដ្ឋដែលបើកបរល្មើសច្បាប់ចរាចរណ៍ នៅគោលដៅផ្លូវជាតិលេខ៥ ការិយាល័យបុគ្គលិក នៃផែនការងារធនធានមនុស្ស បានធ្វើការកោះហៅឲ្យមន្ត្រីរូបនោះចូលខ្លួនដើម្បីសួរនាំ និងអនុវត្តវិន័យកងកម្លាំង ដោយធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដកមកបញ្ឈរជើងរយៈពេល០៣ខែ ហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃម៉ោងធ្វើការ។
ជាចុងបញ្ចប់ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានផ្តល់ជាព័ត៌មាន ក៏ដូចជារូបភាពទាក់ទងបញ្ហាទាំងនេះ ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយនឹងទទួលនូវការរិះគន់ក្នុងន័យស្ថាបនា៕