ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិស័យកសិកម្ម បានរួមចំណែកប្រមាណ ៦០% ក្នុងការកាត់បន្ថយភាពក្រីក្រ

62

 

ភ្នំពេញ ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីផ្ទេរ និង ប្រគល់តំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និង នេសាទ ថា រដ្ឋសភាជាតិ នីតិកាលទី ៦ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត តែងតាំង ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ តាមសំណើដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្ររាជាណាចក្រកម្ពុជា និង សូមអបអរសាទរផងដែរចំពោះ ឯកឧត្តម វង សាខុន ដែលរាជរដ្ឋាភិបាលបានតែងតាំងជា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ។

បន្ទាប់ពីបានស្តាប់ដោយយកចិត្តទុកដាក់ នូវរបាយការណ៍របស់ឯកឧត្តម វេង សាខុន អំពីវឌ្ឍនភាពការងាររបស់ក្រសួង ដោយគូសរំលេចអំពីការយកចិត្តទុកដាក់ ក្នុងការជំរុញការអភិវឌ្ឍវិស័យ កសិកម្ម, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម វង សាខុន, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ជាថ្នាក់ដឹកនាំ និង មន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី, ភារកិច្ច និង បេសកកម្មរបស់ខ្លួន យ៉ាងខ្ជាប់ខ្ជួន ប្រកបដោយស្មារតីទទួលខុសត្រូវ ហើយសម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ នាពេលកន្លងមក ។ ទន្ទឹមនេះ, ខ្ញុំក៏សូមកោតសរសើរចំពោះការប្ដេជ្ញាចិត្តរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្នុងការបន្តជំរុញអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ឱ្យក្លាយជាសសរទ្រូងដ៏រឹងមាំមួយ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និង ផលប្រយោជន៍របស់ ប្រជាកសិករ ។

ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និង ភាពប្រាកដនិយមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, កម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ប្រមាណ ៧% ក្នុងចន្លោះឆ្នាំ ២០១០ ២០១៩ ។ ទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះដល់ -៣,១% ក្នុងឆ្នាំ ២០២០, ការដាក់ចេញ និង អនុវត្តនូវវិធានការរដ្ឋបាល និង សុខាភិបាល ប្រកបដោយភាពម៉ឺងម៉ាត់ និង ប្រសិទ្ធភាព, គួបផ្សំនឹងការអនុវត្តដោយជោគជ័យ នូវយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស ដែលធ្វើឱ្យកម្ពុជាសម្រេចបានភាពស៊ាំសហគមន៍កម្រិតខ្ពស់ បានអនុញ្ញាតឱ្យកម្ពុជាបើកសកម្មភាព សង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ មុនប្រទេសជាច្រើននៅក្នុងតំបន់ និង លើសកលលោក ចាប់តាំងពីចុង ឆ្នាំ ២០២១ មក ។ ទន្ទឹមនេះដែរ, ការដាក់ចេញ និង អនុវត្តនូវ ក្របខណ្ឌយុទ្ធសាស្ត្រ និង កម្មវិធីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជា ងើបឡើងវិញក្នុអាត្រាប្រមាណ ៣%នៅឆ្នាំ២០២១ និង រំពឹងថាសម្រេចបាន ក្នុងអត្រាកំណើនប្រមាណជាង ៥,០% ក្នុងឆ្នាំ ២០២២ និង ប្រមាណ ៦,០% ក្នុងឆ្នាំ ២០២៣ ខាងមុខ ។

ស្របពេលដែលកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចល្អប្រសើរ, វិស័យកសិកម្មក៏បាន ដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នៅលើទិដ្ឋភាព សំខាន់ៗចំនួន ៤ មានជាអាទិ៍៖ ទី១.ការរក្សានិរន្តភាពសន្តិសុខស្បៀង; ទី២.ការកាត់បន្ថយភាព ក្រីក្រ; ទី៣.ការចូលរួមចំណែកក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ; និង ទី៤.ការបង្កើតការងារ ។ ក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ជាពិសេស ប្រព័ន្ធធារាសាស្ត្រ, ការផ្ដល់ការលើកទឹកចិត្ត ផ្នែកសារពើពន្ធដល់វិស័យកសិកម្ម ដូចជា ការនាំចូលវត្ថុធាតុដើមកសិកម្ម និង ការចិញ្ចឹមសត្វ និង ការផ្តល់កិច្ចសម្រួលពាណិជ្ជកម្មល្អប្រសើរ សម្រាប់ការនាំចេញផលិតផលកសិកម្ម ជាដើម, វិស័យ កសិកម្មកម្ពុជាទទួលបាននូវការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើន ផលិតកម្មកសិកម្ម និង ការនាំចេញផលិតផលកសិកម្មគ្រប់ប្រភេទ ។ ជាការពិត, វិស័យកសិកម្ម បានរួមចំណែកប្រមាណ ៦០% ក្នុងការកាត់បន្ថយភាពក្រីក្រ ឱ្យធ្លាក់ចុះពីអាត្រា ៥០% ក្នុងឆ្នាំ ២០០៧ មកត្រឹម ២១% ក្នុងឆ្នាំ ២០១១ ។ នៅក្នុងឆ្នាំ ២០២១ កន្លងទៅ, វិស័យកសិកម្មក៏បាន រួមចំណែកប្រមាណ ២២,៨% ក្នុង ផ.ស.ស និង បានបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណជាង ៣ លាននាក់ផងដែរ ។ ជាមួយគ្នានេះ, ក្នុងពេលវិបត្តិជំងឺកូវីដ-១៩កន្លងមក, វិស័យកសិកម្មក៏បាន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ស្បៀងអាហារ, រក្សាលំនឹងជីវភាពប្រជាជន និង ផ្ដល់ការងារ ដល់បងប្អូនជាពលករចំណាកស្រុក និង កម្មករនៅក្នុងវិស័យផ្សេងទៀតនៃសេដ្ឋកិច្ច ដែលទទួលរង នូវផលប៉ះពាល់ខ្លាំងពីវិបត្តិនៃជំងឺកូវីដ-១៩ ។

ក្នុងរយៈពេលមធ្យម និង វែងទៅមុខ, រាជរដ្ឋាភិបាលនៅតែចាត់ទុកកសិកម្ម ជាវិស័យអាទិភាព, ទាំងនៅលើទិដ្ឋភាពសន្តិសុខស្បៀង, ការរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងពេលមាន វិបត្តិ, ការបង្កើតការងារ និង ការចូលរួមក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ យ៉ាងណាមិញ, ទន្ទឹមនឹង ការរីកចម្រើនគួរឱ្យកត់សម្គាល់, វិស័យកសិកម្មកម្ពុជានៅតែមានបញ្ហាប្រឈមជារចនាសម្ព័ន្ធមួយចំនួន ដូចជា៖ ទី១.កំណើនផលិតភាពកសិកម្មនៅមានកម្រិតទាប ដែលបណ្ដាលមកពីកត្ដាកង្វះការប្រើប្រាស់ ពូជសុទ្ធល្អ; កង្វះការអនុវត្តបច្ចេកទេស និង បច្ចេកវិទ្យាឱ្យបានសមស្រប; ភាពមានកម្រិត និង មិន ទាន់ប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយ នៃប្រព័ន្ធស្រោចស្រព បើទោះបីជារដ្ឋាភិបាលបានខិតខំជំរុញ ការវិនិយោគ ក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ក្តី និង ការធ្លាក់ចុះគុណភាពដីកសិកម្ម ស្របពេល ដែលកម្ពុជាស្ថិតក្នុងស្ថានភាពមួយ ដែលពុំអាចមានលទ្ធភាពច្រើន ក្នុងការពង្រីកដីកសិកម្មបន្ថែមទៀត; ទី២.កង្វះហេដ្ឋារចនាសម្ព័ន្ធ គាំទ្រក្រោយពេលប្រមូលផល ដូចជា៖ ប្រព័ន្ធដឹកជញ្ជូនត្រជាក់, កន្លែង ត្រួតពិនិត្យ និង បញ្ជាក់គុណភាព, កន្លែងប្រមូលផ្ដុំ និង ទីផ្សារបោះដុំផលិតផលកសិកម្ម ជាដើម ខណៈដែលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាព សម្រាប់គាំទ្រដល់ការនាំចេញផលិតផលកសិកម្ម នៅ មានភាពទន់ខ្សោយនៅឡើយ និង មិនទាន់អាចឆ្លើយតបបានពេញលេញទៅនឹងលក្ខខណ្ឌតម្រូវ និង ស្ដង់ដារបស់ប្រទេសបញ្ជាទិញ; ទី៣.កង្វះការកែច្នៃផលិតផលកសិកម្ម; ទី៤.ការនាំចេញផលិតផល កសិកម្មភាគច្រើនទៅកាន់ប្រទេសជិតខាង នៅមានលក្ខណៈក្រៅផ្លូវការ ដែលជាទូទៅធ្វើឱ្យទទួល រងហានិភ័យនៃការប្រែប្រួលថ្លៃ; និង ទី៥.កង្វះការសម្របសម្រួលស្ថាប័ន និង ការធ្វើសុខដុមនីយកម្ម គម្រោង និង កម្មវិធីដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ។

ក្នុងពេលដែលយើងកំពុងតែប្រារព្ធពិធីផ្ទេរតំណែងនេះ, វិស័យកសិកម្មរបស់យើងកំពុងតែទទួលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងស្ទើរតែទូទាំងប្រទេស ។ ទឹកជំនន់ក្នុងឆ្នាំនេះមានរយៈពេល អូសបន្លាយយូរជាងឆ្នាំកន្លងទៅ ដែលជាហេតុធ្វើឱ្យមានផលប៉ះពាល់ច្រើន ដល់ដំណាំរបស់បងប្អូន ប្រជាកសិករ ។ ផ្អែកតាមការវាយតម្លៃបឋមរបស់ក្រុមការងារ, គិតត្រឹមថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២, ដំណាំស្រូវដែលទទួលរងផលប៉ះពាល់សរុបមានចំនួន ២០៦ ៧៧៣ ហិកតា, ផ្ទៃដីដំណាំ ស្រូវដែលបានខូចខាតមានចំនួន ៨៥ ១២៨ ហិកតា និង ផ្ទៃដីដំណាំស្រូវដែលអាចស្តារឡើងវិញ មានចំនួន ៤៨ ៤៧២ ហិកតា ។

ជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះការបំពេញការងាររបស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្នុងការចុះពិនិត្យ វាយតម្លៃ និង ផ្ទៀងផ្ទាត់លើការខូចខាត ដោយទឹកជំនន់ ដោយបានធ្វើការសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, រដ្ឋបាលថ្នាក់ក្រោមជាតិ និង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ខ្ញុំសូមស្នើឱ្យឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា, ថ្នាក់ដឹកនាំ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ ចាត់ទុកការងារដោះស្រាយផលប៉ះពាល់ពីទឹកជំនន់នេះ ជាការងារអាទិភាពទីមួយ នាពេល ចំពោះមុខ និង អនុវត្តឱ្យបានល្អប្រសើ នូវវិធានការដែលទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេច តេជោនាយករដ្ឋមន្ត្រី ដែលខ្ញុំសូមយកឱកាសនេះ ដើម្បីគូសបញ្ជាក់ដូចខាងក្រោម៖

ទី១.បន្តចុះពិនិត្យ និង វាយតម្លៃផលប៉ះពាល់ និង ការខូចខាតជាក់ស្ដែង ដោយសារជំនន់ ទឹកភ្លៀង លើដំណាំកសិកម្ម, សត្វពាហនៈ និង វារីវប្បកម្ម ជាពិសេស កំណត់ឱ្យច្បាស់លាស់ នូវទីតាំងខូចខាត, ទំហំផ្ទៃដី និង ចំនួនគ្រួសារកសិករដែលរងគ្រោះ ដោយសហការជាមួយក្រសួង ស្ថាប័ន ជាពិសេស រដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ ឱ្យមានប្រសិទ្ធភាពខ្ពស់ ។

ទី២.បន្តធ្វើយុទ្ធនាការស្តារឡើងវិញ នូវផ្ទៃដីដាំដុះដែលទទួលរងនូវការខូចខាត ដោយទឹកជំនន់ និង នាំយកពូជស្រូវ, ពូជដំណាំ, ពូជត្រី និង កង្កែប ទៅចែកជូនប្រជាកសិករតាមខេត្តគោលដៅ ដែល រងផលប៉ះពាល់ ដើម្បីឆ្លើយតបទៅនឹងទំហំនៃការខូចខាតដំណាំកសិកម្ម, ផលិតកម្មសត្វ និង វារីវប្ប កម្មដែលបានកើតមានឡើងកន្លងមក ។

ទី៣.ណែនាំដល់ថ្នាក់ដឹកនាំក្រសួង, អង្គភាពជំនាញក្រោមឱវាទ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រាជធានី-ខេត្ត ចូលរួមសហការសម្របសម្រួល ធ្វើប្រតិបត្តិការឆ្លើយតបទៅនឹងគ្រោះ ធម្មជាតិនេះ និង ពន្លឿនការស្តារឡើងវិញ នូវផលប៉ះពាល់នៅតាមបណ្តាខេត្តគោលដៅរបស់ខ្លួន ។

ទី៤.សហការជាមួយលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ស្នើត្រៀមគ្រាប់ពូជស្រូវ និង ពូជដំណាំរួមផ្សំផ្សេងទៀតឱ្យបានគ្រប់គ្រាន់ និង ចាត់ចែងបញ្ចេញឱ្យទាន់ ពេលវេលា ទៅដល់គោលដៅចែកចាយ ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស សហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិគោលដៅ និង ចាត់ឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ សកម្មចុះជួយគាំទ្រការងារបច្ចេកទេសនៅពេលដាំដុះស្តារឡើងវិញ ។

ទី៥.ជំរុញអង្គភាពជំនាញ ឱ្យខិតខំយកចិត្តទុកដាក់ បន្តចុះពិនិត្យតាមដានសុខភាពសត្វ, ការចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វផ្សេងៗ និង ទប់ស្កាត់ចលនាសត្វដោយខុសច្បាប់ នៅតាម បណ្តារាជធានី-ខេត្តជាប់ជាប្រចាំ រួមទាំងបទល្មើសជលផល និង ព្រៃឈើផងដែរ ។ និង

ទី៦.ផ្តល់ការសហការជិតស្និតជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការប្រមូលទិន្ន័យអំពីតម្រូវការពូជ, ផ្ទៃដីស្តាឡើងវិញ, អត្តសញ្ញាណជនរងគ្រោះ និង ព័ត៌មានដទៃទៀត ដើម្បីដាក់ចេញនូវវិធានការស្តារ និង ផ្តល់ជំនួយសង្គមផ្សេងៗទៀត ប្រកបដោយប្រសិទ្ធភាព ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញវត្ថុ បានមានប្រសាសន៍ថា បន្ថែមពីលើការងារអាទិភាពនាពេលចំពោះមុខ , ក្នុងគោលដៅបន្ត ជំរុញអភិវឌ្ឍវិស័យកសិកម្ម ក៏ដូចជាទាញយកឱ្យអស់នូវសក្តានុពលដ៏ធំធេងពីវិស័យនេះ, ខ្ញុំសូមធ្វើ ការគូសរំលេចនូវកិច្ចការជាអាទិភាពសំខាន់ៗមួយចំនួន សម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ផ្តោតការយកចិត្តទុកដាក់ ក្នុងរយៈពេលខ្លី, មធ្យម និង វែងខាងមុខ ដូចខាងក្រោម ៖

ទី១.អនុវត្តការងារក្នុងស្មារតីបុរេសកម្ម ដោយតាមដាន និង វាយតម្លៃជាប្រចាំ អំពីស្ថានភាព ទូទៅនៃវិស័យកសិកម្ម និង ដោះស្រាយបញ្ហាប្រឈមនានា ឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ ។

ទី២.ជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពនូវ គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ ២០២២-២០៣០; ក្របខណ្ឌយុទ្ធសាស្ត្រ និង កម្មវិធីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ និង ពន្លឿនការ រៀបចំផែនការមេអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ ២០៣០ ។

ទី៣.ធ្វើឱ្យប្រសើរឡើង នូវផលិតភាពកសិកម្ម តាមរយៈការពង្រឹងការគ្រប់គ្រងគុណភាពដី, ការផ្តល់សេវាបច្ចេកទេសកសិកម្មឱ្យសមស្របតាមតម្រូវការរបស់ប្រជាជន, ការប្រើប្រាស់បច្ចេកវិទ្យា, ការជ្រើសរើសពូជដំណាំ, ការកាត់បន្ថយថ្លៃដើមផលិតកម្ម, ការប្រើប្រាស់ធាតុចូលសមស្រប និង ការអនុវត្តកសិកម្មល្អ, ព្រមទាំងការពង្រឹង និង ការកែលម្អសមត្ថភាពកសិដ្ឋាន, ស្ថានីយពិសោធន៍ និង មជ្ឈមណ្ឌលអភិវឌ្ឍន៍កសិកម្ម ឱ្យក្លាយជា មជ្ឈមណ្ឌលឧត្តមភាពកសិកម្ម សម្រាប់ផ្សព្វផ្សាយ ទៅតាមឯកទេសសមស្រប ។

ទី៤.ជំរុញការដាំដុះបន្លែ តាមរយៈការអនុវត្តកសិកម្មល្អ និង ការប្រើប្រាស់ផ្ទះសំណាញ់ ឬផ្ទះ កញ្ចក់ ដោយមានការរៀបចំផែនការផលិតកម្ម និង កិច្ចសន្យាកសិកម្មច្បាស់លាស់ ជាមួយទីផ្សារ; ជំរុញវារីវប្បកម្មគ្រប់រូបភាពឲ្យបានខ្លាំងក្លាស្របតាម ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីវប្បកម្ម ឆ្នាំ ២០១៦-២០៣០ និង ជំរុញផលិតកម្មសត្វ ដើម្បីធានាបាននូវការផ្គត់ផ្គង់សាច់សត្វ, ត្រី និង បន្ថ ក្នុងស្រុក សំដៅកាត់បន្ថយការពឹងផ្អែកលើការនាំចូល; និង ជំរុញការនាំចេញ ។

ទី៥.បន្តជំរុញផលិតកម្មស្រូវ ជាពិសេស ស្រូវក្រអូប និង ដំណាំកសិ-ឧស្សាហកម្ម ដែលមាន សក្តានុពល ដូចជា៖ ដំឡូងមី, កៅស៊ូ, ស្វាយចន្ទី, ដូង, ស្វាយ, ពោតក្រហម និង មៀនប៉ៃលិន ជាដើម តាមរយៈការបង្កើនការផ្គត់ផ្គង់ និង ការប្រើប្រាស់ពូជដែលសុទ្ធ និង មានថ្លៃសមរម្យ, ការបង្កើន ប្រសិទ្ធភាពក្នុងការប្រើប្រាស់ធាតុចូល, ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធស្រោចស្រព, ការអនុវត្ត វិធានការចម្រុះគ្រប់គ្រងជីជាតិដី តាមរយៈការអនុវត្ត កម្មវិធីសកម្មភាពជាតិដើម្បីប្រយុទ្ធប្រឆាំងនឹង ការធ្លាក់ចុះគុណភាពដី, ការផ្តល់សេវាបច្ចេកទេសកសិកម្មល្អប្រសើរ, ការសម្របសម្រួលតភ្ជាប់កសិករ និង ក្រុមផលិត ទៅកាន់ទីផ្សារ និង ពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ឱ្យមានលក្ខណៈជាអាជីព ។ ទន្ទឹមនេះ, ត្រូវពង្រឹងការអនុវត្តវិធានការការពារដំណាំ និង ជំរុញការអនុវត្ត ច្បាប់ស្តីពីការការពារ រុក្ខជាតិ និងភូតគាមអនាម័យ ព្រមទាំងទប់ទប់ស្កាត់ការឆ្លងរាលដាលសមាសធាតុចង្រៃ ។

ទី៦.ពង្រឹង និង ពង្រីកសហគមន៍ព្រៃឈើ តាមរយៈប្រព័ន្ធកសិ-រុក្ខកម្ម និង ការគ្រប់គ្រង ធនធានព្រៃឈើ និង សត្វព្រៃ ប្រកបដោយនិរន្តរភាព, ការស្តារព្រៃឈើឡើងវិញ និង ការបន្តអនុវត្ត វិធានការចាំបាច់នានា ដើម្បីជួយបង្កើនប្រាក់ចំណូល, លើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ និង រក្សាចីរភាពប្រព័ន្ធអេកូឡូស៊ី ។ ជាមួយគ្នានេះដែរ, ត្រូវបន្តទប់ស្កាត់ និង បង្ក្រាបបទល្មើសនេសាទ និង ការកាប់រាន ដុតឈូសឆាយដីព្រៃលិចទឹកតាមគ្រប់រូបភាព ព្រមទាំងចាត់ការតាមនីតិវិធីឱ្យមាន ប្រសិទ្ធភាពខ្ពស់ និង ស្មារតីទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

ទី៧.លើកកម្ពស់ការចូលរួមវិនិយោគពីវិស័យឯកជន ក្នុងគ្រប់ខ្សែច្រវាក់តម្លៃកសិកម្ម ដើម្បី ចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា, ទាំងមុន និង ក្រោយពេលប្រមូលផល, សហការ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាទីផ្សារសម្រាប់កសិករ, បង្កើនការអនុវត្ត ផលិត កម្មកសិកម្មតាមកិច្ចសន្យា ឱ្យកាន់តែទូលំទូលាយ, និង ជំរុញការកែច្នៃ និង ការនាំចេញនូវផលិតផល កសិកម្ម និងកសិ-ឧស្សាហកម្មនានា ។

ទី៨.លើកកម្ពស់ការសម្របសម្រួល, កិច្ចសហការ និង កិច្ចសហប្រតិបត្តិការជាមួយគ្រប់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, ក្នុងការជំរុញអនុវត្ត ប្រកបដោយ ប្រសិទ្ធភាព នូវគោលនយោបាយ, យុទ្ធសាស្ត្រ, កម្មវិធី, វិធានការ និង គម្រោងនានា សំដៅបន្តលើក ស្ទួយការអភិវឌ្ឍវិស័យកសិកម្មជាតិ ។

ទី៩.ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ, ទាំងក្នុងក្របខណ្ឌទ្វេភាគី និង ពហុភាគី, ដើម្បី កៀរគរជំនួយហិរញ្ញវត្ថុ និង ជំនួយបច្ចេកទេសថ្មីៗ សំដៅបន្តការធ្វើទំនើបភាវូបនីយកម្មកសិកម្ម និង បើកទីផ្សារសម្រាប់ផលិតផលកសិកម្មឱ្យបានកាន់ទូលំទូលាយ ។

ទី១០.លើកកម្ពស់ប្រសិទ្ធភាពការងារ, សាមគ្គីភាព និង ឯកភាពផ្ទៃក្នុង តាមរយៈការពង្រឹងមុខងារ, ភារកិច្ច និង រចនាសម្ព័ន្ធគ្រប់គ្រង, ការពង្រឹងភាពជាអ្នកដឹកនាំ និង ស្មារតីម្ចាស់ការ ប្រកបដោយការ ទទួលខុសត្រូវខ្ពស់, ការរៀបចំ និង អនុវត្តឱ្យបានម៉ត់ចត់ នូវក្រមប្រតិបត្តិសម្រាប់បំពេញការងាររបស់ មន្ត្រីគ្រប់លំដាប់ថ្នាក់, ការពង្រឹងសមត្ថភាពធនធានមនុស្ស និង ការប្រើប្រាស់គុណាធិបតេយ្យ ក្នុងការជ្រើសរើស និង តែងតាំងមន្ត្រី ។

ទី១១.ចូលរួមអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ពង្រឹងការប្រមូល ចំណូលមិនមែនសារពើពន្ធគ្រប់ប្រភេទ, ប្រើប្រាស់ថវិកាជាតិឱ្យចំគោលដៅ និង ប្រកបដោយប្រសិទ្ធភាពខ្ពស់ និង ពង្រឹងការរក្សាការពារ និង ចាត់ចែងទ្រព្យសម្បត្តិរដ្ឋឱ្យបានល្អប្រសើរ ។

ជាការពិត, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅមានការងារអាទិភាពជាច្រើនទៀត ដែលត្រូវបន្តអនុវត្ត ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែរីកចម្រើន ។ ក្នុងស្មារតីនេះ, ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏សកម្ម និង ប្រកបដោយថាមពលរបស់ ឯកឧត្តម ឌិត ទីណា និង ជាពិសេស ដោយមានការគាំទ្រ និង កិច្ចប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំ និង មន្ត្រី រាជការ-និយោជិតគ្រប់លំដាប់ថ្នាក់, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នឹងបន្តសម្រេចបាន នូវសមិទ្ធផលជាច្រើនថែមទៀត ជូនជាតិមាតុភូមិ ៕

អត្ថបទដែលជាប់ទាក់ទង