គ្រូបង្វឹកកង់ភ្នំកម្ពុជា ប្រកាសស្វាគមន៍អ្នកខ្លាំងៗ ក្នុងតំបន់អាស៊ាន
ភ្នំពេញ៖គ្រូបង្វឹកកង់ភ្នំកម្ពុជា លោក អ៊ុច សុខវិបុល បានបញ្ជាក់ថា កម្ពុជាស្វាគមន៍សម្រាប់អត្តពលិកខ្លាំងៗមកពីតំបន់អាស៊ានដែលមានបំណងចង់មកសាក
ល្បងប្រណាំងលើទីលាននៅភ្នំគូនលែនដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាមុនការមកដល់ព្រឹត្តិ
ការណ៍ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
លោកបន្ដថាការចូលរួមរបស់កីឡាករកីឡាការិនីថៃគឺជាសារសំខាន់មួយដ៏ល្អសម្រាប់
អត្តពលិកកង់ភ្នំកម្ពុជាបានតេស្តសមត្ថភាពសាកថ្វីជើងគ្នានិងតេស្តផ្លូវប្រណាំងសម្រាប់កីឡា
ករ កីឡាការិនីយើង គឺធ្វើបានល្អច្រើន ជាមួយអត្តពលិកមកពីប្រទេសថៃ។
ទម្រង់លេងរបស់អត្តពលិកកង់ភ្នំកម្ពុជាយើងគឺមានភាពល្អប្រសើរច្រើនដោយពួកគាត់អាចដឹងកម្រិតនៃការលេងជាមួយគ្នា។ក្នុងការប្រកួតកន្លងមកកីឡាករកម្ពុជាបានប្រដេញប្រឡែងលេងជាមួយកីឡាករថៃ ដើម្បីស្ទាបស្ទង់ពីបច្ចេកទេសគេ រួចក៏រត់ផ្តាច់យកតែម្តង។
កីឡាករវ័យក្មេងឃីម ម៉េងឡុងនិងកីឡាករចាន់ ឆាយហ្វុងធ្វើបានល្អដោយយកឈ្នះ
យុវជនថៃដាច់ឆ្ងាយ។រីឯកីឡាការិនីកម្ពុជាខែមម៉ាល័យក៏ធ្វើបានល្អដែលនេះជាក្តីសង្ឃឹមខ្ពស់សម្រាប់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅកម្ពុជាខាងមុខនេះ។
ដោយមានទំនុកចិត្តខ្ពស់កម្ពុជាស្វាគមន៍អត្តពលិកបណ្តាប្រទេសដទៃទៀតក្នុងតំបន់អាស៊ានដែលមានបំណងចង់ចូលរួមហើយវាកាន់តែល្អបើសិនកីឡាករកីឡាការិនីជើងខ្លាំងរបស់គេមកទៀតដើម្បីផ្លាស់ប្តូរបទពិសោធន៍នោះគឺល្អមែនទែនមានន័យថាកម្ពុជាទទួលបានផលចំណេញច្រើនដោយកីឡាករកីឡាការិនីកម្ពុជាកាន់តែស្គាល់កីឡាករគេកីឡាករគេក៏មកស្គាល់ថ្វីជើងកីឡាកររបស់កម្ពុជាយើងដែរ។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយាន បានវាយតម្លៃថា ការរៀបចំទីលានបានល្អជាមួយនឹងវត្តមានកីឡាករបរទេសគឺកាន់តែល្អ។សិទ្ធផលអត្ពលិកកម្ពុជានិងថៃក្នុងការប្រកួតកន្លងមកមានភាពប្រដំប្រសងគ្នាខុសពីការប្រកួតមុនៗជាពិសេសកីឡាករវ័យក្មេង២រូប គឺ ឃីម ម៉េងឡុង និង ចាន់ ឆាយហ្វុង ធ្វើបានល្អខ្លាំង ខណៈកីឡាការិនី ខែម ម៉ាល័យ ក៏ដូចគ្នា។ ចំពោះទីលានសម្រាប់ស៊ីហ្គេមខាងមុខនេះ សហព័ន្ធនឹងធ្វើការកែលម្អ ដោយបន្ថែមចម្ងាយផ្លូវអោយវែង ឧបសគ្គអោយច្រើន និងខ្លាំងជាមុន ទៅតាមបច្ចេកទេស ក្នុងនាមជាម្ចាស់ផ្ទះ។
លោក នូ ចំរើនអគ្គលេខាធិការបន្ថែមថា សហព័ន្ធកីឡាទោចក្រយានកម្ពុជា មានការប្រកួតកម្រិតជាតិ២ នៅចំពោះមុខ គឺព្រឹត្តិការណ៍កីឡាជាតិលើក ទី៣ នាខែវិច្ឆិកា និងការប្រកួតថ្នាក់ជាតិ នាខែធ្នូ និងការប្រកួតកម្រិតអន្តរជាតិ នាដើមឆ្នាំ២០២៣ គឺ Pre-Sea Gamesដោយសហព័ន្ធគ្រោងអញ្ជើញបណ្តាប្រទេសក្នុងតំបន់មកចូលរួមដើម្បីផ្លាស់ប្តូរបច្ចេកទេស និងដកស្រង់បទពិសោធន៍ ត្រៀមព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រកបដោយជោគជ័យ៕