ស្អែកនេះ សហព័ន្ធកីឡាអេឡិចត្រូនិក ធ្វើមហាសន្និបាត
ភ្នំពេញ៖សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) នឹងរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី២ និងបន្តអាណត្តិថ្មី ២០២២-២០២៦ នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ដើម្បីកំណត់គោលដៅក្នុងការត្រៀមខ្លួនឱ្យកាន់តែមុតមាំនៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ជាប្រវត្តិសាស្ត្រដំបូង របស់ព្រះរាជាណាចក្រកម្ពុជា។
លោកជាច័ន្ទ បរិបូរណ៍រដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាប្រធានសហព័ន្ធកីឡាអេ
ឡិចត្រូនិកកម្ពុជា មានប្រសាសន៍ថាអាណត្តិថ្មីនេះគឺជាអណត្តិដ៏មានសារៈសំខាន់និងជាអាណត្តិយុទ្ធសាស្ត្រសម្រាប់ប្រភេទកីឡាអេឡិចត្រូនិកកម្ពុជាក្នុងការត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាកំណត់ត្រាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់ រយៈពេល ៦៤ឆ្នាំ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២២សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានកំណត់បង្ហាញពីវិញ្ញាសាសរុបចំនួន៩ សម្រាប់ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣ដោយប្រភេទកីឡាអេឡិចត្រូនិកកម្ពុជា ត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ឆ្នាំ២០២៣(CAMSOC)បានដាក់បញ្ជូលរួចហើយ នៅក្នុងចំណោម៣៨ប្រភេទកីឡានៃគោលដៅស៊ីហ្គេម ២០២៣។
វិញ្ញាសាចំនួន៩នេះ រួមមាន៖ AK2 (PC) ក្រុម-ឯកត្តជន, PUBG Mobile ក្រុម-ឯកត្តជន, Mobile Legends: Bang Bang ក្រុមបុរស-ក្រុមនារី, League of Legends: Wild Rift (Mobile) ក្រុមបុរសក្រុមនារីនិងវិញ្ញាសាក្រុម Cross Fire (PC)។បើយោងតាមសន្ទស្សន៍មេ
ដាយមាសរបស់ CAMSOC ក្នុងចំណោមបញ្ជីផ្លូវការ៣៨ប្រភេទកីឡា បានកំណត់ជាទិសដៅឱ្យប្រភេទកីឡាអេឡិចត្រូនិចកម្ពុជាដណ្តើមមេដាយមាសឱ្យបាន១គ្រឿង ក្នុងចំណោមមេដាយមាសសរុប ៨៤គ្រឿងនៃស៊ីហ្គេម ២០២៣៕