ប្រធានក្រុមការងារចុះជួយឃុំបឹងព្រះ សន្យាជួយដោះស្រាយ ជូនតាមសំណូមពរប្រជាពលរដ្ឋនៅភូមិឫស្សីក្អែក ក្នុងវេទិការសាធារណៈ ខេត្ដព្រៃវែង
ព្រៃវែង៖ លោក អ៉ីវ លាង អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំបឹងព្រះ ខេត្ដព្រៃវែង បានសន្យាដោះសោះស្រាយជូនពលរដ្ឋតាមសំណូមពរ នៅភូមិឫស្សីក្អែក និងបញ្ហាលំបាកនានា ។ លោកបានសន្យាបែបនេះនៅក្នុងវេទិការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ នៅស្រុកបាភ្នំ ខេត្ដព្រៃវែង ថ្ងៃទី២១ តុលា ២០២២ ។
ប្រជាពលរដ្ឋបានលើកឡើងជាក្តីកង្វល់មាន បញ្ហាគ្រឿងញៀន ឆក់ត្រី ចោរលួច និងក្មេងទំនើង។ដោយឡែកសម្រាប់បញ្ហាប្រឈមមានភ្លើងអគ្គីសនី ប្រជាពលរដ្ឋបានសំណូមពរមកក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធអន្តរាគមន៍ឲ្យជួយពិនិត្យឡើងវិញពីការតភ្ជាប់ខ្សែភ្លើងតាមបង្គោលឲ្យបានសមស្រប និងបញ្ហាកម្លាំងភ្លើងខ្សោយ។
លោក អ៉ីវ លាង អនុរដ្ឋលេខាធិការ បានទទួលយកនូវក្តីកង្វល់ និងបញ្ហាប្រឈមទាំងអស់ ។តែបើតាមលោកមេប៉ុស្តិ៍បានរាយការណ៍ឲ្យដឹងថា បញ្ហាទាំងនេះ ត្រូវបានប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំបានកំណត់មុខសញ្ញា ឃាត់ខ្លួន និងបានធ្វើកិច្ចសន្យាអប់រំជាបន្តបន្ទាប់មកដែរ។ទន្ទឹមនឹងនេះ លោក បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដទៃ ចូលរួមសហការរាយការណ៍មកប៉ុស្តិ៍ ឬអាជ្ញាធរមានសមត្ថកិច្ច រាល់បាតុភាពមិនល្អកើតមាន។ ជាពិសេសបញ្ហាគ្រឿងញៀន ឯកឧត្តមបានជម្រុញប្រជាពលរដ្ឋផ្តល់កិច្ចសហការ ដោយរាយការណ៍មកអាជ្ញាធរ បើទោះបីជាអ្នកញឿននោះជាសមាជិកឬសាច់ញាតិខ្លួនក្តី កុំមានការលាក់លៀម ឬអៀនខ្មាសអី ដើម្បីចូលរួមបំបាត់គ្រឿងញឿនពីសហគមន៍របស់យើង។
លោក អ៉ីវ លាង បន្ថែមទៀតថា ការចូលរួមផ្តល់កិច្ចសហការពីប្រជាពលរដ្ឋជារឿងសំខាន់ចាំបាច់ណាស់ មិនអាចពឹងផ្អែកតែលើលោកមេប៉ុស្តិ៍ឬអាជ្ញាធរពាក់ព័ន្ធតែប៉ុណ្ណឹងគ្រប់គ្រាន់ ដែលអាចដឹងពីហេតុការណ៍នានានៅទូទាំងឃុំបាន នោះទេ ចាំបាច់ត្រូវការចូលរួមផ្តល់កិច្ចសហការពីប្រជាពលរដ្ឋដែលអាចដឹងឬស្ថិតនៅកន្លែងកើតហេតុផ្ទាល់ រាយការណ៍តាមទូរស័ព្ទឬតាមមធ្យោបាយនានាមកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការបានទាន់ពេលវេលា។
លោកបានស្នើសុំមានការយោគយល់ប្រជាពលរដ្ឋទាំងអស់គ្នាពាក់ព័ន្ធការអភិវឌ្ឍន៍នៅមូលដ្ឋាន ដោយការសម្បទានឲ្យគ្នាទៅវិញទៅមក ដើម្បីប្រយោជន៍រួមក្នុងមូលដ្ឋាន។ក្នុងឱកាសនោះដែរ លោកបានជម្រុញអាជ្ញាធរបង្កើនប្រសិទ្ធភាពការងារ ផ្តល់សេវាសាធារណៈឲ្យបានលឿន ដែលជាតម្រូវការមូលដ្ឋានរបស់ប្រជាពលរដ្ឋ ព្រោះអាជ្ញាធរជាអ្នកបម្រើរាស្ត្រ ប្រជាពលរដ្ឋបានបោះជូនជាតំណាងជូនពួកគាត់ហើយ ។
សូមបញ្ជាក់ថា៖ ការជួបជុំពេលនេះធ្វើឡើងនៅព្រឹកថ្ងៃសុក្រទី២១ ខែតុលា ឆ្នាំ ២០២២ នៅក្នុងភូមិឫស្សីក្អែក ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង និងមានការអញ្ជើញចូលរួមពីលោក ស៉ឹម ឈាវអ៊ូរ ប្រធានក្រុមការងារចុះជួយភូមិក្អែក ប្រធានក្រុមការងារចុះជួយភូមិ សមាជិក មេឃុំ មេប៉ុស្តិ៍ មេភូមិ និងអ្នកពាក់ព័ន្ធមួយចំនួន៕.
សំរិត