ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អុកចត្រង្គកម្ពុជា នឹងមានវត្តមាន ក្នុងស៊ីហ្គេមឆ្នាំ២០២៣

124

ភ្នំពេញ៖ស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាអុកចត្រង្គកម្ពុជានឹងបង្ហាញខ្លួនជាលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តុះបន់នេះ ។
អុកចត្រង្គដែលជាកីឡាប្រពៃណីមួយរបស់កម្ពុជានឹងបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិ
ការណ៍កីឡាស៊ីហ្គេមនៅក្នុងចំណោមប្រភេទកីឡាអុកដែលត្រូវបានបែងចែកជាពីរគឺអុកចត្រង្គ និងអុកចិន(Xiangqi)។ស្របពេលជាមួយគ្នាសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាតែកំពុងជ្រើសរើសកីឡាករ-កីឡាការិនីជម្រើសជាតិ ចំនួន ១១នាក់ ដើម្បីត្រៀមប្រកួតលើ ៦វិញ្ញាសា ស្មើនឹងការប្រជែងមេដាយមាសចំនួន៦គ្រឿងក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រលើទឹកដីកម្ពុជា។

បើតាមការបញ្ជាក់ដោយ លោក ប៊ិន គាសេង ជើងឯករងស្តេចអុកអង្គរសង្រ្កាន ឆ្នាំ២០១៧និងជាអគ្គលេខាធិការរងសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាទទួលបន្ទុកការងារបច្ចេកទេសបានឲ្យដឹងថា៖ការជ្រើសរើសកីឡាករកីឡាការិនីសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ គឺជារឿងសំខាន់របស់សហព័ន្ធកីឡាអុកហើយត្រូវបានធ្វើឡើងដោយសម្រិតសម្រាំងមានវិធីសាស្ត្រច្រើនដំណាក់កាល។
ដោយសារវិញ្ញាសាប្រភេទកីឡាអុក យើងមាន ៦វិញ្ញាសា ហើយត្រូវប្រើកីឡាករ-កីឡាការិនី ១១នាក់ ប៉ុន្តែដោយមានគោលការណ៍ កីឡាករម្នាក់អាចលេងបាន ២វិញ្ញាសា អ៊ីចឹងយើងសម្រេចចិត្តជ្រើសរើសកីឡាករផ្នែកបុរស ៩នាក់ និងកីឡាការិនី ២នាក់ ដើម្បីចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។

បច្ចុប្បន្ន កីឡាករចំនួន ៨រូប ត្រូវបានជ្រើសរើសរួចរាល់ហើយនៅតែកីឡាករម្នាក់ទៀត ដែលត្រូវប្រកួតជម្រុះក្នុងចំណោមកីឡាករ៤នាក់(ជាជើងខ្លាំងលេខ៣ក្នុងពូល)ចំពោះកីឡាការិនី នឹងត្រៀមធ្វើការប្រកួតជម្រុះក្នុងពេលឆាប់ៗនេះផងដែរ។
ពេលនេះមានប្រទេសចំនួន៤ហើយបានបញ្ជាក់ជាផ្លូវការអំពីការចូលរួមប្រកួតក្នុងនោះរួមមានម្ចាស់ផ្ទះកម្ពុជា, ថៃ, មីយ៉ាន់ម៉ានិងវៀតណាមស្របពេលដែលប្រទេសផ្សេងៗដទៃទៀត មិនទាន់មានការបញ្ជាក់នៅឡើយទេ។
អតីតជើងឯករងស្តេចអុកអង្គរសង្រ្កានឆ្នាំ២០១៧រូបនេះបានបន្តថានៅក្នុងតំបន់អាស៊ីអាគ្នេយ៍វប្បធម៌លេងអុកគឺស្រដៀងៗគ្នា។ថៃក៏លេងអុកដូចគ្នាជាមួយយើងដែរខុសលក្ខខណ្ឌតិចតួច។ ហើយវៀតណាម ផ្នែកខាងក្រោមក៏មានលេងអុកដូចជាមួយយើង។ រីឯនៅភូមា (មីយ៉ាន់ម៉ា) ក៏គេលេងអុកភូមា ប៉ុន្តែប្រភេទដូចៗគ្នា គ្រាន់តែខុសគ្នាបន្តិចបន្តួច ហេតុនេះអាចលេងចូលគ្នាបាន។ សម្រាប់ប្រទេសផ្សេងៗដូចជាសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ភាគច្រើនគាត់លេងអុកអន្តរជាតិ និងលេងអុកកូនកាត់អាស៊ីអាគ្នេយ៍។ អ៊ីចឹង ប្រទេសខ្លះគេអត់ទាន់យល់ច្បាស់ដែរ។
ក្នុងនាមជាម្ចាស់លើប្រភេទកីឡាអុកចត្រង្គអគ្គលេខាធិការរងរូបនេះបានមើលឃើញថា ៤ប្រទេសខាងលើ សុទ្ធតែមានវប្បធម៌ និងក្បួនខ្នាតនៃការលេងអុក ប្រហាក់ប្រហែលគ្នា។ យ៉ាងណាក៏ដោយ សហព័ន្ធបានដាក់ក្ដីរំពឹងឈ្នះមេដាយមាស យ៉ាងតិច ៣គ្រឿង ក្នុងចំណោម ៦មេដាយមាស។
នៅក្នុងប្រភេទកីឡាអុកចត្រង្គនេះមានមេដាយដល់ទៅ៦មេដាយមាសហើយសមត្ថ
ភាពកីឡាករកម្ពុជាយើង បច្ចេកទេស ទេពកោសល្យលេង ភាពប៉ិនប្រសប់ជាដើម គឺមិនចាញ់ប្រទេសជិតខាងនោះទេ។ ថៃ ក៏ខ្លាំងផងដែរ ដោយសាររបៀបលេងអុករបស់គេ គឺស្រដៀងយើងខុសលក្ខខណ្ឌបន្តិចបន្តួចប៉ុណ្ណោះ។សហព័ន្ធបានធ្វើការប្តេជ្ញាចិត្តជម្រុញកីឡាករកីឡាការិនីហ្វឹកហាត់ក្នុងកម្រិតមួយដ៏ខ្ពស់ដើម្បីបង្កើនគុណភាពដោយសង្ឃឹមថាទទួលបានមេដាយមាស យ៉ាងតិច ៣គ្រឿង»។ សម្ដីរបស់លោក ប៊ិន គាសេង។
ជុំវិញការបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅក្រោយចប់ព្រឹត្តិការណ៍ លោកប៊ិនគាសេងរំពឹងថាកីឡាមួយប្រភេទនេះជាកីឡាប្រពៃណី។យើងចង់បង្ហាញទៅអន្តរជាតិថា យើងជាប្រទេសដែលមានវប្បធម៌ មានល្បែងល្បងប្រាជ្ញាដែលបន្សល់ទុកពីដូនតា គឺមានភាពអស្ចារ្យណាស់ ផ្នែកខាងខួរក្បាល ផ្នែកខាងគិត៕

អត្ថបទដែលជាប់ទាក់ទង