ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គយនិងរដ្ឋាករកម្ពុជា និងIMF រៀបចំសិក្ខាសាលា ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

108

 

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) សហការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងក្រោមការគាំទ្រថវិការបស់រដ្ឋាភិបាលជប៉ុន បានរៀបចំសិក្ខាសាលាស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មចំនួន ២វគ្គ រួមមាន វគ្គមូលដ្ឋានស្តីពី “បច្ចេកទេសស៊ើបអង្កេតការសម្អាតប្រាក់សម្រាប់មន្ត្រីគយនិងរដ្ឋាករជួរមុខ” ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីមន្ត្រីគយនិងរដ្ឋាករចំនួន ៧៤ រូប និងវគ្គកម្រិតខ្ពស់ស្តីពី “ការស៊ើបអង្កេតហិរញ្ញវត្ថុលើបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម” ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីក្រុមការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ប្រចាំ អគរ ចំនួន ៥៦ រូប និងក្រុមការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មចំនួន ១៧ រូប មកពីអង្គភាព ប្រឆាំងអំពើពុករលួយ, អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា, ក្រសួងយុត្តិធម៌, ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អគ្គស្នងការនគរបាលជាតិ, អគ្គនាយកដ្ឋានពន្ធដារ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅនៅសាលាជាតិគយនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

សិក្ខាសាលាទាំងពីរវគ្គ ត្រូវបានសម្របសម្រួលដោយលោក Stephen Cox ទីប្រឹក្សាកិច្ចការគយរបស់ IMF ប្រចាំកម្ពុជា ឡាវ ម៉ុងហ្គោលី និងមីយ៉ាន់ម៉ា និង មានលោក Tom Hansan ទីប្រឹក្សា IMF ផ្នែកកិច្ចការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ជាគ្រូឧទ្ទេសនាមលើប្រធានបទសំខាន់ៗដូចជា បច្ចេកទេសវិភាគ និងស៊ើបអង្កេតហិរញ្ញវត្ថុ, ការរៀបចំផែនការសម្រាប់ធ្វើការស៊ើបអង្កេត, សញ្ញាណបទល្មើសសម្អាតប្រាក់ក្រោមរូបភាពពាណិជ្ជកម្ម និងបច្ចេកទេសស៊ើបអង្កេត, បច្ចេកទេសស៊ើបអង្កេត និងចាប់យកផលនៃបទល្មើស និងប្រសិទ្ធភាពនៃកិច្ចសហ-ប្រតិបត្តិការជាតិ ជាដើម។

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ដែលរាជរដ្ឋាភិបាលកម្ពុជា មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តកិច្ចការនេះ។ ជាក់ស្ដែង ក្របខណ្ឌច្បាប់និងយុទ្ធសាស្ត្រជាតិ ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មត្រូវបានដាក់ចេញ ស្របគ្នានឹងការបង្កើតយន្តការស្ថាប័នដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានជម្រាបអង្គពិធីថា កម្ពុជាបានចូលជាសមាជិកក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់ (Asia/Pacific Group on Money Laundering-APG) ក្នុងឆ្នាំ២០០៤, ហើយតាមរយៈសមាជិកភាពនេះ កម្ពុជាត្រូវអនុវត្តកាតព្វកិច្ចប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មជាប្រចាំ ស្របតាមបញ្ហានិងវិធានការថ្មីៗ ដែលកំណត់ដោយ APG និងក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force-FATF)។
ក្រោមការចង្អុលបង្ហាញរបស់គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ និងកិច្ចខិតខំប្រឹងប្រែងរបស់អនុ-គណៈកម្មការចំពោះកិច្ច និងក្រុមការងារនៃក្រសួង/ស្ថាប័នពាក់ព័ន្ធ កម្ពុជាបានអនុវត្តដោយជោគជ័យនូវផែនការសកម្មភាពនិងអនុសាសន៍របស់ FATF ដែលនៅដក់សល់ទាំងអស់ ដើម្បីដកខ្លួនចេញពីបញ្ជីប្រផេះ។ ក្នុងពេលនេះ កម្ពុជាកំពុងត្រៀមខ្លួនធ្វើការជាមួយគណប្រតិភូនៃ JG ដែលនឹងចុះមកវាយតម្លៃដោយផ្ទាល់ (On-Site Visit) នៅអំឡុងដើមឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ជាការពិតកម្ពុជាបានដាក់គោលដៅការងារដើម្បីដកខ្លួនចេញពីបញ្ជីប្រផេះ ក៏ប៉ុន្តែកម្ពុជាបានកំណត់និងប្រកាន់យកឆន្ទៈអនុវត្តការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មប្រកបដោយនិរន្តរភាព។ ជាក់ស្តែងសិក្ខាសាលានាពេលនេះ គឺជាការបន្តលើកកម្ពស់សមត្ថភាពដល់មន្ត្រីគយនិងរដ្ឋាករ ក៏ដូចជាមន្ត្រីនៃស្ថាប័នអនុវត្តច្បាប់ដទៃទៀត លើជំនាញនិងបច្ចេកទេសស៊ើបអង្កេតបទល្មើសសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ដែលមន្ត្រីទាំងនោះត្រូវបន្តអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួន ជាច្រើនឆ្នាំទៅមុខទៀត។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជា បានថ្លែងអំណរគុណដល់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងទីប្រឹក្សា ព្រមទាំងគ្រូឧទ្ទេសនាមក្នុងការគាំទ្រសហការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវចូលរួមសកម្មក្នុងក្រុមតូចៗដើម្បីធ្វើលំហាត់អនុវត្ត (Group Practical Exercise) និងពិភាក្សាផ្លាស់ប្តូរយោបល់ឱ្យបានផុសផុលជាមួយអ្នកជំនាញការ ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែម សម្រាប់យកទៅអនុវត្តនៅតាមអង្គភាពរៀងៗខ្លួន ក៏ដូចជាចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ឱ្យសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង