ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីក្រសួងកសិកម្ម និងវិស័យឯកជន បាននិងកំពុងរៀបចំផែនការ ដើម្បីផលិតពូជស្រូវឱ្យមានគុណភាព

96

 

បាត់ដំបង៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម បានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងកសិកម្មលោក ឌិត ទីណា និងវិស័យឯកជន បាននិងកំពុងរៀបចំផែនការ ដើម្បីផលិតពូជស្រូវឱ្យមានគុណភាព ហើយតម្រូវការលើទីផ្សារ សម្រាប់ផ្គត់ផ្គង់កសិករទូទាំងប្រទេស។

ដំណឹងនេះបានកើតមានឡើងកាលពីថ្ងៃទី២៤​ ខែតុលា ឆ្នាំ២០២២ ខណៈដែលលោក ឌិត ទីណា ​បានជួបពិភាក្សាការងារជាមួយ​ឧកញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុនបៃតងកម្ពុជា តំណាងរោងម៉ាស៊ីនកិនស្រូវ ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត ដូចជាភ្នាក់ងារប្រមូលទិញស្រូវ និងអ្នកផលិតពូជស្រូវសម្រាប់ផ្គត់ផ្គង់ដល់ប្រជាកសិករ។

នៅក្នុងកិច្ចប្រជុំដែលមានរយៈពេលជាងមួយម៉ោងនេះ​​ ភាគីទាំង២ បានជជែកពីផែនការផលិតស្រូវពូជដែលមានគុណភាព សម្រាប់ផ្គត់ផ្គង់ដល់កសិករឱ្យត្រូវនឹងតម្រូវការទីផ្សារ ដោយសង្ឃឹមថា ផែនការយុទ្ធសាស្ត្រថ្មីនេះ នឹងអាចជួយគាំទ្រខ្សែច្រវាក់ផលិតកម្មស្រូវឱ្យមានភាពរលូនជាងមុន ចាប់តាំងពីនៅវាលស្រែរហូតដល់ទីផ្សារតែម្ដង ដែលធ្វើយ៉ាងណាជួយដល់ប្រជាកសិករឱ្យទទួលបានទិន្នផលស្រូវប្រសើរជាងមុន ទាំងគុណភាព និងបរិមាណ។

ឧកញ៉ា ភូ ពុយ , ​នៅថ្ងៃទី២៥ ខែតុលាថា ការផលិតពូជសម្រាប់ផ្គត់ផ្គង់ដល់កសិករទូទាំងប្រទេសនេះ គឺជាចំណុចសំខាន់បំផុត សម្រាប់ជំរុញវិស័យស្រូវអង្ករ ​និងជួយឱ្យកសិករមានមូលដ្ឋាន គ្រឹះក្នុងការផលិត និងបង្កើ​នតម្លៃបន្ថែម​ដល់កសិផលរបស់កសិករ។

​លោកបានគូសបញ្ជាក់ថា ផែនការក្នុងការផលិតពូជស្រូវនេះហាក់មិនមានអ្វីរាំងស្ទះនោះទេ ដោយវិស័យឯកជន បានត្រៀមខ្លួនរួចហើយ ក្នុងការ​ធ្វើការងារជាមួយសហគមន៍កសិករ ដើម្បីរុញឱ្យសមាគមផលិតពូជដែលមានគុណភាព សម្រាប់លក់ទៅឱ្យកសិករ ខណៈបច្ចុប្បន្ននេះ ក្រសួងកសិកម្មកំពុងស្រាវជ្រាវថា ពូជស្រូវដែលនៅសល់មានបរិមាណប៉ុន្មានតោន ដើម្បីរៀបចំផែនការផលិតសម្រាប់ផ្គត់ផ្គង់នៅរដូវកាលក្រោយនេះ។

​លោកបានបញ្ជាក់យ៉ាងដូច្នេះថា យើងអាចធ្វើបានច្រើន​ ដីមិនខ្វះទេ យើងមិនបាច់មានដីផ្ទាល់ខ្លួនជារបស់រដ្ឋ ឬមួយជារបស់ឯកជនណាម្នាក់ក្នុងទំហំច្រើនទេ គឺយើងមានសហគមន៍កសិករនៅតាមតំបន់គោលដៅ ហើយយើងនឹង បង្កើតសហគមន៍​ឱ្យគាត់ផលិតពូជ។ យើងមានមន្រ្តីជំនាញពីក្រសួងក្នុងការនាំណែ និងត្រួតពិនិត្យ។ ដីសហគមន៍កសិករគាត់មានគ្រប់កន្លែងឱ្យតែយើងមានពូជយកទៅផលិត។ ដំបូងនេះយើងឃើញទៅលើដើម (ពូជ) ថា យើងមានប៉ុន្មានសម្រាប់យកឱ្យកសិករផលិត បើយើងមានដើម (ពូជ) ច្រើន យើងបង្កើតសហគមន៍ច្រើន ​នៅតាមតំបន់គោលដៅច្រើន បើមានតិចយើងបង្កើតតិច ដោយនេះគឺជាការចាប់ផ្តើម។

លោកបន្ថែមថា៖ តំបន់ដែលយើងត្រៀមសម្រាប់បង្កើតសហគមន៍ផលិតពូជនោះ យើងនឹងកំណត់គោលដៅដែលមានសក្តានុពល។ សម្រាប់សហមន៍ដែលផលិតពូជនេះបាន លោករដ្ឋមន្រ្តីកំពុងតែគិតគូរថា តើក្រោយពីគាត់ផលិតបានហើយ អ្នកណាជាអ្នកទិញ ហើយអ្នកណាជាអ្នកយកទៅលក់ទៅឱ្យកសិករដាំដុះ អ៊ីចឹងកំពុងជជែកគ្នាថាតើវិស័យឯកជនជាអ្នកទិញពីសហគមន៍ ហើយយកទៅលក់ឱ្យកសិករប្រើប្រាស់ ដាំដុះ ឬមួយយ៉ាងមិច ចាំមើលយើងជជែកគ្នាបន្តទៀត។ ខ្ញុំរង់ចាំស្តាប់ពីក្រសួងមកវិញ ព្រោះម្សិលមិញនេះ កំពុងខ្វែងដៃខ្វែងជើងទៅពិនិត្យពូជនៅឃ្លាំងរបស់គាត់ ថាតើនៅសល់ប៉ុន្មានតោន យកទៅឱ្យសហគមន៍កសិកម្មផលិតពូជហ្នឹង។ ឯកជន និងសហគមន៍ត្រៀមខ្លួនហើយ ប្រសិនបើពូជមាន១ពាន់តោន ថាតើត្រូវត្រៀមសហគមន៍ប៉ុន្មានគោលដៅឱ្យគ្រប់១ពាន់តោន។

លោកបានឱ្យដឹងផងដែរថា សម្រាប់ជំហានដំបូងនេះ ការផលិតគឺសម្រាប់ចែកចាយនៅខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងកំពង់ឆ្នាំងសិន ប្រសិនបើការដាំដុះទទួលបានផលច្រើន នឹងឈានទៅផលិតឱ្យ បានកាន់តែច្រើនបន្ថែមទៀត។

បើតាមអ្នកជំនាញខាងវិស័យស្រូវអង្កររូបនេះ សម្រាប់ពូជស្រូវដែលមានគុណភាព ​និងតម្រូវការទីផ្សារ គឺពូជស្រូវសែនក្រអូប ដែលដាំដុះនៅរដូវប្រាំង ដែលជាប្រភេទអង្ករសម្រាប់នាំចេញ និងមានការទទួលស្គាល់ មានឈ្មោះល្បីល្បាញនៅក្រៅប្រទេស និងពូជ​អង្ករសធម្មតា(អាចពូជស្រូវ ៥១ ឬ៥៤)។ ចំណែកពូជសម្រាប់ដាំដុះនៅរដូវវស្សា ​​គឺពូជស្រូវរំដួល។

ក្នុងពិធីសំណេះសំណាល និងផ្តល់ស្រូវពូជ និងស្បៀងអាហារដល់កសិករដែលរងគ្រោះ ដោយទឹកជំនន់ នៅខេត្តបាត់ដំបងចំនួនជាង ១ ម៉ឺនគ្រួសារ នាថ្ងៃទី ២៤ ខែតុលា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យរដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលទើបនឹងឡើងកាន់ដំណែងថ្មី ឱ្យរកវិធីសាស្រ្តក្នុងការផលិតពូជស្រូវសម្រាប់ស្តុកទុក ដើម្បីធានាពីលទ្ធភាពក្នុងការផ្គត់ផ្គង់ពូជស្រូវដែលសុទ្ធ និងមានគុណភាពល្អដល់កសិករ។

ក្នុងនោះដែរ សម្តេចតេជោបានប្រសាសន៍ថា មិនចាំបាច់ទៅរកដី ដើម្បីផលិតពូជខ្លួនឯងនោះទេ ព្រោះប្រជាពលរដ្ឋផលិតស្រូវស្រាប់ហើយ តែគ្រាន់តែជ្រើសរើសតំបន់ណាមួយដែលមានប្រភពទឹកគ្រប់គ្រាន់ ​ហើយយកពូជស្រូវដែលល្អ សម្រាប់ឱ្យពួកគាត់ផលិតពូជឱ្យ ហើយរដ្ឋាភិបាលនឹងទិញពូជស្រូវពីប្រជាកសិករយកមកស្តុកទុកវិញ។

លោក​ ងិន ឆាយ ​អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ​​មានប្រសាសន៍ថា តាមការសិក្សា ការប្រើប្រាស់ពូជស្រូវដែលសុទ្ធល្អ និងមានគុណភាព ផ្តល់ទិន្នផលចំណេញពី១៥%ទៅ២០% ​លើសពូជស្រូវធម្មតា។ លោកលើកឡើងថា ដើម្បីទទួលបានពូជដែលសុទ្ធល្អ កសិករ ឬសហគមន៍កសិកម្ម ​គួរសហការជាមួយវិស័យឯកជន ក្នុងការចុះកិច្ចសន្យាផលិតពូជ ទៅលើបរិមាណដែលខ្លួនត្រូវការ។ លោកជំរុញឱ្យកសិករ​ ប្រើប្រាស់ពូជថ្មីដែលត្រូវនឹងតម្រូវការទីផ្សារ និងមានបរិមាណសមស្រប ដើម្បីទទួលបានផលចំណេញ ពីការដាំដុះ។

សូមជម្រាបថា ​បន្ថែមពីការជជែកពិភាក្សាលើការផលិតពូជស្រូវ រដ្ឋមន្រ្តីក្រសួងកសិកម្ម និងឧកញ៉ា ភូ ពុយ បានពិភាក្សាលើបញ្ហាប្រឈម និងផលប៉ះពាល់​ដែលកសិករ បានជួយប្រទះ ការជួយលើផ្នែកបច្ចេកទេស នៃការផលិតដល់កសិករ ការប្រើប្រាស់ជី ការដឹកជញ្ជូន ដើម្បីបង្កើនប្រាក់ចំណេញដល់កសិករ​ បន្ទាប់ពីការផលិតរួច​ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង