ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២

96

រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងេជាប្រធានអនុគណៈកម្មការ សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ នៅនាយកដ្ឋានអង្គរក្ស។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស , ឯកឧត្តមថ្នាក់ដឹកនាំកងកម្លាំងទាំង​ ៣ប្រភេទ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

បន្ទាប់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានធ្វើបទបង្ហាញលម្អិតអំពីផែនការការពារសុវត្ថិភាព សន្តិសុខ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា កងកម្លាំង និងអាជ្ញាធរសមត្ថកិច្ចទាំងអស់បានត្រៀមខ្លួនរួចជាស្រេច ទាំងកម្លាំងសរុប មធ្យោបាយសរុប ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបានដាច់ខាតជូនថ្នាក់ដឹកនាំកំពូលៗលើពិភពលោក និងថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន ដែលនឹងមកចូលរួមកិច្ចប្រជុំ នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បន្តថា សមត្ថកិច្ចកម្ពុជា ក៏បានត្រៀមខ្លូនរួចជាស្រេច ដើម្បីសហការជាមួយកម្លាំងសមត្ថកិច្ចបណ្តាប្រទេសនឹងមកចូលរួមផងដែរ បើសិនជាមានការស្នើសុំ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម​ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត​ នេត​ សាវឿន​ ក៏បានណែនាំដល់អាជ្ញាធរ និងបញ្ជាការគ្រប់ថ្នាក់ ឲ្យយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ ចាប់ពីថ្ងៃទី២៥ ខែតុលានេះតទៅ រហូតដល់ចប់កិច្ចប្រជុំកំពូលអាស៊ាន បានបញ្ជប់។ ទន្ទឹមនោះ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ការពារសុវត្ថិភាព សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំកំពូលៗដែលអញ្ជើញមកចូលរួមប្រជុំ ជាពិសេសកម្លាំងនគរបាលចរាចរណ៍ត្រូវយកចិត្តទុកដាក់ក្នុងការសម្រួលចរាចរណ៍តាមដងផ្លូវ។

ឯកឧត្តម​ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត​ នេត​ សាវឿន​ ក៏បានសង្កត់ធ្ងន់ឲ្យសមត្ថកិច្ចទាំងអស់ មានការប្រុងប្រយ័ត្ន ក៏ដូចជាយកចិត្តទុកខ្ពស់ពាក់ព័ន្ធនឹងឧបករណ៍ដ្រូន ដើម្បីធានាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ កន្លែងស្នាក់នៅរបស់ថ្នាក់ដឹកនាំ និងទីតាំងប្រារព្ធកិច្ចប្រជុំ៕

អត្ថបទដែលជាប់ទាក់ទង