ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូហ្វតិន្នីស នឹងចូលរួមព្រឹត្តិការណ៍ The 6th Indonesia Soft Tennis Championships 2022 នៅឥណ្ឌូនេស៊ី

99

 

ភ្នំពេញ៖ក្រុមកីឡាសូហ្វតេន្នីសកម្ពុជានឹងចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ The 6th Indonesia Soft Tennis Championships 2022 នាប្រទេសឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។
នេះជាព្រឹត្តិការណ៍ដ៏មានសារសំខាន់បំផុតសម្រាប់ការវាស់ស្ទង់កម្រិតសមត្ថភាពកីឡាករ-កីឡាការិនីជម្រើសជាតិក្នុងការវាស់ស្ទង់សមត្ថភាពមុនព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣មកដល់។
ប្រភេទកីឡាមួយនេះគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)បាន
ដាក់គោលដៅឲ្យសហព័ន្ធមួយនេះ ធ្វើយ៉ាងណាយកឲ្យបាន មេដាយមាសយ៉ាងហោចចំនួន ២សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។មិនព្រងើយកន្តើយឡើយសហព័ន្ធបានរៀបចំផែនការយ៉ាងយកចិត្តទុកដាក់ដើម្បីសម្រេចឲ្យបាននូវគោលដៅនេះហើយបើសិនបានលើសនេះ គឺកាន់តែប្រសើរ។
ខែធ្នូខាងមុខនេះ សហព័ន្ធនឹងបញ្ជូនកីឡាករ-កីឡាការិនី ទៅប្រកួតលើវិញ្ញាសាចំនួន៥ រួមមាន ឯកត្តជនបុរស, ឯកត្តជននារី, វាយគូបុរស, វាយគូនារី និងវាយគូចម្រុះបុរស-នារី។ ជាមួយគ្នានោះ មន្ត្រីរបស់សហព័ន្ធបានប្រាប់ឲ្យដឹងថា ទៅឥណ្ឌូណេស៊ីលើកនេះ គឺជាការវាស់ស្ទង់សមត្ថភាពដ៏មានសារសំខាន់បំផុត ក្នុងការត្រៀមខ្លួន សម្រាប់ស៊ីហ្គេម ២០២៣។ សហព័ន្ធជឿជាក់ថា កីឡាករ នឹងធ្វើបានល្អ ព្រោះមុនចេញទៅប្រកួត សហព័ន្ធបានរៀបចំការតេស្ដសមត្ថភាព យ៉ាងយកចិត្តទុកដាក់បំផុត។ អ្នកចេញទៅ សុទ្ធសឹងតែអ្នកដែលមានសមត្ថភាព តាមរយៈការធ្វើតេស្ត ប្រកបដោយសុក្រឹតភាព តម្លាភាព និងគុណភាព។
សម្រាប់ព្រឹត្តិការណ៍ The 6th Indonesia Soft Tennis Championships 2022នេះ សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជាសម្រេចបញ្ជូនកីឡាករចំនួន ៦នាក់ និងកីឡាការិនីចំនួន ៦នាក់ ដើម្បីទៅចូលរួមប្រកួត៕

អត្ថបទដែលជាប់ទាក់ទង