កីឡាបាល់ទះកម្ពុជា និងសមាគមកីឡាកម្ពុជា-អាមេរិក ចុះMOUតាមអនឡាញ
ភ្នំពេញ៖ថ្ងៃទី២៨តុលាឆ្នាំ២០២២ម្សិលម៉ិញនេះសហព័ន្ធកីឡាបាល់ទះកម្ពុជាបានចុះ អនុស្សរណៈ(MOU)នៃការយោគយល់គ្នាជាមួយសមាគមកីឡាកម្ពុជាសហរដ្ឋអាមេរិកតាមប្រព័ន្ធអនឡាញក្នុងន័យស្វែងរកកីឡាករកីឡាការិនីបន្ថែមចូលក្រុមជម្រើសជាតិដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ពិធីចុះអនុស្សរណៈ តាមប្រព័ន្ធអនឡាញនេះ ដឹកនាំដោយលោកបណ្ឌិត អាំង សេរីពិសិដ្ឋអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានបញ្ជាក់ពីគោលបំណងនៃអនុស្សរណៈនេះ ផ្ដោតលើកិច្ចការសំខាន់ចំនួន២ គឺទី១ ផ្តោតលើវិញ្ញាសាឆ្នេរខ្សាច់នារី និងទី២ ផ្ដោតទៅលើបាល់ទះនារីក្នុងសាល។
លោកអគ្គលេខាធិការ បានបញ្ជាក់ថា៖ «អនុស្សរណៈនេះ គឺក្នុងន័យតែមួយគត់ ថាធ្វើម៉េចដើម្បីអភិវឌ្ឍវិស័យកីឡាបាល់ទះកម្ពុជាយើង ឲ្យមានភាពរីកចម្រើនថែមទៀត ដែលក្នុងនោះខ្ញុំផ្ដោតទៅលើកិច្ចការងារសំខាន់ជាចម្បងពីរ។ទី១គឺពាក់ព័ន្ធជាមួយវិញ្ញាសាឆ្នេរខ្សាច់ ខ្ញុំជឿជាក់ថា បងប្អូនជនរួមជាតិអាចនឹងជ្រាបហើយ។
កីឡាការិនីប្រភេទឆ្នេរខ្សាច់នៅប្រទេសកម្ពុជារបស់យើង អត់ដែលមានទេ ភាគច្រើន គឺវាពាក់ព័ន្ធទៅនឹងវប្បធម៌ប្រពៃណី ក៏ថាបានដែរ។ បណ្ដាប្រទេសអាស៊ានមួយចំនួន ក៏អញ្ចឹងដែរ ការស្លៀកប៊ីគីនី មិនអាចលេងបានទេ។ អ៊ីចឹង មានភាពបិទបាំងបន្តិច ដូច្នេះហើយវិញ្ញាសាមួយនេះមិនត្រូវបានអ្នកណាផ្ដួចផ្ដើមគំនិតនៅក្នុងប្រភេទវិញ្ញាសាបាល់ទះ លើឆ្នេរខ្សាច់នារីទេ។
វប្បធម៌ អរិយធម៌យើង ត្រូវតែថែរក្សាហើយ ប៉ុន្តែពិភពលោកសកលភាវូបនីយកម្ម ក៏យើងមិនត្រូវតែបុរាណនិយមពេកទេ ក្នុងន័យតែមួយអភិរក្ស ប៉ុន្តែត្រូវមានការអភិវឌ្ឍ។ ហេតុនេះ យើងបានសំណូមពរបណ្ដាអត្តពលិកកម្ពុជារបស់យើង មិនត្រឹមតែនៅអាមេរិកទេ បណ្ដាពិភពលោកទាំងអស់ ឲ្យតែគាត់មានឆន្ទៈស្រឡាញ់ជាតិ ចង់ជួយជាតិ ជ្រោងកីឡាជាតិ គឺយើងស្វាគមន៍ ក្នុងករណីដែលគាត់មានទេពកោសល្យគ្រប់គ្រាន់ ដើម្បីក្លាយជាកីឡាករ-កីឡាការិនី តំណាងជាតិរបស់យើង មកចូលរួមជាមួយកីឡាការិនីនៅក្នុងប្រទេស ដើម្បីធ្វើឲ្យ ឲ្យយើងទទួលបាននូវលទ្ធផលល្អប្រសើរ នៅពេលដែលយើងទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ នៅកម្ពុជាយើងនេះ។
ទី២ក៏យើងស្នើសុំដែរក្នុងការស្វែងរកកីឡាការិនីក្នុងសាលបន្ថែមទៀត។
សព្វថ្ងៃនេះកីឡាការិនីរបស់យើងគឺនៅមានកម្រិតទាបខ្លាំងដែលយើងពិបាកប្រកួតប្រជែងជាមួយបណ្ដាប្រទេសជិតខាង។ ហើយយើងអត់មានប្រវត្តិបង្កើតក្រុមជម្រើសជាតិកម្ពុជា វិញ្ញាសានារីនេះ ធ្វើការប្រកួតប្រជែងជាមួយនឹងបរទេសដែរ។
ហេតុនេះហើយបានជាសហព័ន្ធកីឡាបាល់ទះកម្ពុជារបស់យើងទីបំផុតយើងបានបង្កើតក្រុមនារីដោយជ្រើសរើសបាន១៤នាក់ដើម្បីទៅហ្វឹកហាត់នៅប្រទេសចិន។និយាយដោយស្មោះត្រង់គុណផលរបស់យើងគឺនៅមានកម្រិតទាបបំផុតដោយសារការប្រកួតប្រជែងវិញ្ញាសាបាល់ទះនារីរបស់យើង គឺមិនសម្បូរបែប ខុសពីបុរស។
ដូច្នេះទើបសហព័ន្ធទាមទារឲ្យជនរួមជាតិរបស់យើងដែលជាជនជាតិខ្មែរនិងបណ្ដាប្រទេសនៅលើពិភពលោកដែលគាត់មានគុណផលល្អមានទេពកោសល្យល្អហើយជាអត្តពលិកតំណាងសាកលវិទ្យាល័យ វិទ្យាល័យ នៅស្រុកគេ ដែលគាត់ធ្វើការប្រកួតប្រជែងបានច្រើន គាត់អាចមកចូលរួមហើយសហព័ន្ធស្វាគមន៍និងច្របាច់បញ្ចូលគ្នារវាងជនជាតិខ្មែរនៅតាម
បណ្ដាប្រទេស មកចូលរួមជាមួយនឹងកីឡាការិនីដែលយើងទើបតែរើសបាន ១៤នាក់។
លោកអគ្គលេខាធិការបានសម្ដែងក្ដីជឿជាក់ថាការផ្គុំចូលគ្នានេះនឹងនាំមកនូវលទ្ធផលល្អជាងនេះបន្ថែមទៀតផងដែរ ជាពិសេសអាចធ្វើការប្រកួត មានភាពរំភើបក្នុងការទស្សនា។
បាល់ទះនារីកម្ពុជាថ្មីៗនេះទើបតែសម្រេចជ្រើសរើសបានកីឡាការិនីសម្រាប់ការប្រកួតបាល់ទះនារី លើកដំបូងក្នុងស៊ីហ្គេម នៅកម្ពុជា និងបានបញ្ជូនកីឡាការិនីចំនួន ១៤នាក់ ទៅហ្វឹកហាត់នៅប្រទេសចិន រយៈពេល ៦ខែ។
សូមបញ្ជាក់ថាប្រភេទកីឡាបាល់ទះសម្រាប់វិញ្ញាសានារីត្រូវបានដាក់បញ្ចូលទៅក្នុង
ការប្រកួតស៊ីហ្គេមតាំងពីឆ្នាំ១៩៧៧មកប៉ុន្តែកម្ពុជាពុំដែលមានក្រុមបាល់ទះនារីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះឡើយ។ សម្រាប់ឆ្នាំ២០២៣ គឺជាលើកដំបូង ដែលបាល់ទះនារីកម្ពុជា បង្ហាញខ្លួននៅស៊ីហ្គេម៕