សម្តេចតេជោ ហ៊ុន សែន នឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy តាមទូរសព្ទ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៤រសៀល
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន បានថ្លែងថា សម្តេចនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy តាមទូរសព្ទ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៤រសៀល។
ថ្លែងក្នុងឱកាសអញ្ជើញចែកស្រូវពូជ និងស្បៀងអាហារ ជូនពលរដ្ឋខេត្តព្រៃវែង ជាង៦ពាន់គ្រួសារ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា សម្តេចក៏បានអញ្ជើញប្រធានាធិបតីរុស្ស៉ី លោក Vladimir Putin មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ផងដែរ ប៉ុន្តែមិនទាន់មានការឆ្លើយតប។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ច្បាស់ហើយ ពីការកំណត់ពេលវេលា សម្រាប់ការជួបរវាងខ្ញុំ និងប្រធានាធិបតី អ៊ុយក្រែន នឹងត្រូវធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៤រសៀល ម៉ោងនៅរាជធានីភ្នំពេញ ត្រូវនឹងម៉ោង១១ នៅទីក្រុងគៀវ។ យើងក៏កំពុងរង់ចាំការឆ្លើយពីប្រធានាធិបតីរុស្ស៉ី ថាមកប្រជុំឬអត់»។
សូមជម្រាបថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។
កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០០២ និង ២០១២ ។
បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រធានាធិបតីអាមេរិក លោក Joe Biden ក៏នឹងអញ្ជើញមកកម្ពុជា ដើម្បីប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធ នៅពេលខាងមុខនេះផងដែរ៕