រដ្ឋបាលខណ្ឌទួលគោកបើកការដ្ឋាន ជួសជុលផ្លូវអ៊ុតកៅស៊ូAC ៣ខ្សែ និងស្តាលូ ២ខ្សែ ជាគម្រោងអភិវឌ្ឍន៍ខណ្ឌ ឆ្នាំ២០២២
ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោក បានបើកការដ្ឋានជួសជុលផ្លូវអ៊ុតកៅស៊ូAC ៣ខ្សែ និងស្តាលូ ២ខ្សែ ជាគម្រោងអភិវឌ្ឍន៍ខណ្ឌ ឆ្នាំ២០២២ ក្រោយពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធខាងលើបានទទួលរងការខូចខាត ដែលទាមទារឱ្យមានការជួសជុលឡើងវិញ។
ពិធីបើកការដា្ឋនគម្រោងអភិវឌ្ឍន៍ខណ្ឌ ឆ្នាំ២០២២
នេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ក្រោមវត្តមានលោកជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ដោយមានការចូលរួមមន្ត្រីរដ្ឋបាលខណ្ឌ សង្កាត់និងប្រជាពលរដ្ឋប្រមាណ២០០នាក់ នៅសង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោក។
លោកជា ពិសី បានមានប្រសាសន៍លើកឡើងថា៖ ស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ ដូចជាប្រព័ន្ធផ្លូវ និងប្រព័ន្ធលូមួយចំនួននៅក្នុងភូមិសាស្ត្រខណ្ឌទួលគោកមានការខូចខាត ដែលទាមទារឱ្យមានការជួសជុលឡើងវិញ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ ជារៀងរាល់ឆ្នាំ រដ្ឋបាលខណ្ឌបានរៀបចំផែនការអភិវឌ្ឈន៍ របស់ខ្លួន ដោយផ្តោតជាសំខាន់ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជាការជួសជុលផ្លូវចាក់អ៊ុតកៅស៊ូAC ការជួសជុលផ្លូវចាក់បេតុងសរសៃដែក ការជួសជុលដាក់លូថ្មី ការជួសជុលអណ្តូងលូដែលមានសភាព ចាស់ទ្រុឌទ្រោម និងការស្ថាលូបង្ហូរទឹកសំអុយជាដើម។
លោកជា ពិសី បន្តទៀតថា សម្រាប់ឆ្នាំ២០២២នេះ រដ្ឋបាលខណ្ឌទួលគោកបានលើកគម្រោងជួសជុលផ្លូវអ៊ុតកៅស៊ូAC ចំនួន០៣ខ្សែ និងគម្រោងស្តាលូ ផ្លូវចំនួន០២ខ្សែ និងបានបើកការដ្ឋានជួសជុលនិងស្តាលូឡើងវិញនៅពេលនេះ ដែលក្នុងនោះរួមមាន៖ ទី១
ការងារជួសជុសផ្លូវអ៊ុតកៅស៊ូAC ផ្លូវលេខ២៦៥ (ខាងត្បូងផ្សារសំណង់១២) ប្រវែង ១៤០ម៉ែត្រ ទទឹង ៩ម៉ែត្រផ្ទៃក្រឡា ៨៤០ម៉ែត្រការ៉េ ។ ទី២– ផ្លូវលេខ២៦៥ (ខាងជើងផ្សារសំណង់១២)ប្រវែង៩៥ ម៉ែត្រទទឹង៩ម៉ែត្រផ្ទៃក្រឡា៥៧០ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ។ ទី៣ ផ្លូវលេខ៣៦២ចាប់ពីផ្លូវលេខ២៥៥ដល់ផ្លូវលេខ២៦១ស្ទួនប្រវែង២០០ម៉ែត្រ ទទឹង៩ម៉ែត្រ ផ្ទៃក្រឡា១៨០០ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់បឹងសាឡាង។ ស្តាលូ ផ្លូវលេខ២៥៧ ចាប់ពីផ្លូវលេខ ១២៩ ដល់ផ្លូវលេខ២៣០ប្រវែង២១២០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ សង្កាត់ទឹកល្អក់ទី២ និងសង្កាត់ទឹកល្អក់ទី៣ ។ ផ្លូវលេខ២០២ ចាប់ពីផ្លូវលេខ២៥៣ដល់ផ្លូវលេខ២១៩ ប្រវែង១៩៣២ម៉ែត្រ ស្ថិតក្នុងផ្សារដេប៉ូទី១ សង្កាត់ទឹកល្អក់ទី៣ និងសង្កាត់ផ្សារដើមគរ។
ដើម្បីឱ្យក្រុមហ៊ុនដំណើរការការងារខាងលើ
ប្រកបដោយភាពរលូន និងអនុវត្តសម្រេចបានតាម ផែនការការងារដែលបានគ្រោងទុក លោកអភិបាលខណ្ឌបានស្នើអោយចៅសង្កាត់ពាក់ព័ន្ធទាំងអស់ជួយសហការ ពិសេសផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់នឹងការដ្ឋានឱ្យបានដឹង និងចូលរួមសហការ តាមដានការអនុវត្តតម្រោង៕