ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការកែតម្រូវសកម្មភាព និងខ្លឹមសារផ្សាយពាណិជ្ជកម្មដែលមិនអនុលោមទៅនឹងច្បាប់ និងបទប្បញ្ញត្តិជាធរមាន

70

 

ភ្នំពេញ ៖ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» ជូនដំណឹងដល់ បុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួល សិទ្ធិឱ្យ ចាត់ចែង ផ្សាយពាណិជ្ជកម្ម ឲ្យបានជ្រាបថា៖ កន្លងមកនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាប ការក្លែងបន្លំ «ក.ប.ប.» ដែលជាសេនាធិការនៃ គ.ជ.ក.ប. បានចេញសេចក្តីប្រកាសព័ត៌មាន ដោយទុក រយៈពេល ៣០(សាម សិ ប )ថ្ងៃ (ពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២) ដើម្បីកែតម្រូវ សកម្មភាព និងខ្លឹមសារផ្សាយពាណិជ្ជកម្មដែលមិនអនុលោមទៅនឹងច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
បន្ទាប់មក នៅ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ គ.ជ.ក.ប. ក៏បានអញ្ជើញបុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែង ផ្សាយពាណិជ្ជកម្ម នៃក្រុមហ៊ុនមួយចំនួន មកបំភ្លឺនៅចំពោះមុខ គ.ជ.ក.ប. នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ រហូត មក ដល់ពេលនេះ គ.ជ.ក.ប. តាមរយៈ អគ្គនាយកដ្ឋាន ក.ប.ប. ជាសេនាធិការ បានសង្កេតឃើញថា បុគ្គលផ្សាយ ពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែងផ្សាយពាណិជ្ជកម្មមួយចំនួន នៅតែមិនទាន់អនុវត្ត តាមខ្លឹមសារ នៃ សេចក្តី ជូនដំណឹង របស់អគ្គនាយកដ្ឋាន ក.ប.ប. និងស្មារតីនៃកិច្ចប្រជុំនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នៅឡើយ។ បុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែងផ្សាយពាណិជ្ជកម្ម នៅតែបន្តសកម្មភាពល្មើស ផ្សព្វផ្សាយ ពាណិជ្ជកម្ម របស់ខ្លួនតាមគ្រប់ប្រភេទ ទម្រង់ និងគ្រប់មធ្យោបាយ មានលក្ខណៈភូតកុហក បំភាន់ការពិត អាចធ្វើឱ្យ អ្នកប្រើប្រាស់ មានការយល់ច្រឡំអំពីការទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ប៉ះពាល់ដល់ដំណើរការប្រកួតប្រជែង ប្រកប ដោយសុចរិត និងកាត់បន្ថ យប្រសិទ្ធភាពសេដ្ឋកិច្ច ដែលត្រូវបានហាមឃាត់ ដោយច្បាប់ និង បទប្បញ្ញត្តិ ជាធរមាន ជាពិសេសច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។

ដើម្បីទប់ស្កាត់នូវសកម្មភាពប្រព្រឹត្តល្មើសពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្ម ព្រមទាំង លើកទឹក ចិត្ត ដល់ ការធ្វើ ធុរកិច្ចប្រកបដោយសុចរិត ជំរុញការប្រកួតប្រជែងប្រកបដោយសមធម៌ និងធានាការពារផលប្រយោជន៍ អ្នកប្រើប្រាស់ គ.ជ.ក.ប. សូមក្រើនរំលឹកដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលជាបុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែងផ្សាយពាណិជ្ជកម្ម ត្រូវអនុវត្តឱ្យបាន ត្រឹមត្រូវ តាម ខ្លឹមសារ នៃច្បាប់ និង បទប្បញ្ញត្តិជាធរមាន។ ឈរលើមូលដ្ឋាននេះ គ.ជ.ក.ប. ស្នើឱ្យ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលជាបុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួល សិទ្ធិឱ្យចាត់ចែង ផ្សាយពាណិជ្ជកម្មត្រូវសហការជាមួយ អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីផ្តល់ឯកសារពាក់ព័ន្ធនឹងការផ្សាយ ពាណិជ្ជកម្ម ផ្តល់រង្វាន់ និងកែតម្រូវ សកម្មភាពនិងខ្លឹមសារផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន ឱ្យស្របតាមខ្លឹមសារនៃច្បាប់ និង បទប្បញ្ញត្តិក្នុងរយៈពេល ៣(បី)ថ្ងៃ បន្ទាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះ។

ក្នុងករណីរកឃើញថា បុគ្គលណាមួយនៅតែប្រព្រឹត្តល្មើស ហើយមិនបានអនុវត្តតាមការណែនាំខាងលើ គ.ជ.ក.ប. នឹងចាត់វិធានការតាមផ្លូវច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ សង្ឃឹមជឿជាក់យ៉ាងមុតមាំលើកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធក្នុងគោលបំណងជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាឱ្យមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍អ្នកប្រើប្រាស់និងសង្គមជាតិទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង