ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាល់ទះជម្រើសជាតិកម្ពុជា គ្រោងប្រកួត ជាមិត្តភាពជាមួយបារាំង

110

ភ្នំពេញ៖ពេលនេះក្រុមបាល់ទះជម្រើសជាតិកម្ពុជាកំពុងតែមានជម្រើសចំនួន២ដើម្បីប្រកួតជាមួយក្រុមបាល់ទះជម្រើសជាតិបារាំងឬក្រុមជម្រើសជាតិអាយុក្រោម២១ឆ្នាំរបស់បារាំង ។
បន្ទាប់ពីមានជំនួប រវាងប្រមុខថ្នាក់ដឹកនាំសហព័ន្ធ នៃប្រទេសទាំងពីរកាលពីថ្មីៗរវាង
លោកនាយឧត្តមសេនីយ៍នេត សាវឿនប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាជាមួយលោក
Eric Tanguyប្រធានសហព័ន្ធកីឡាបាល់ទះបារាំងតាមប្រព័ន្ធZoom។ភាគីបារាំងបានបង្ហាញ
នូវឆន្ទៈជួយលើកស្ទួយវិស័យកីឡាបាល់ទះកម្ពុជាតាមរយៈការផ្លាស់ប្ដូរប្រតិភូផ្លាស់ប្ដូរបច្ចេកទេសនិងឈានទៅដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU)នាពេលអនាគតទៀតផង។
ប្រមុខសហព័ន្ធកីឡាបាល់ទះកម្ពុជាបន្ដថាដើម្បីឆ្លើយតបទៅនឹងការត្រៀមខ្លួនរបស់
កម្ពុជាក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ខាងមុខលោកប្រធានសហព័ន្ធកីឡាបាល់ទះបារាំង បានទទួលយកសំណូមពររបស់កម្ពុជារៀបចំការប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិរវាងក្រុម
ជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិ ឬក្រុមយុវជនអាយុក្រោម២១ឆ្នាំរបស់បារាំង ដើម្បីដកស្រង់បទពិសោធន៍ និងបច្ចេកទេសល្អៗ។
លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនបញ្ជាក់បន្ថែមថាការប្រកួតលក្ខណៈអន្ដរជាតិនេះគ្រោងធ្វើឡើងក្រោមជម្រើស២។ជម្រើសទី១គឺក្រុមជម្រើសជាតិបារាំងឬក្រុមយុវជនអាយុក្រោម២១ឆ្នាំរបស់បារាំងមកប្រកួតមិត្តភាពនៅកម្ពុជា។ជម្រើសទី២យើងបញ្ជូនក្រុមជម្រើសជាតិកម្ពុជាទៅប្រកួតនៅប្រទេសបារាំងតែម្ដង។បច្ចុប្បន្នក្រុមអគ្គលេខាធិការដ្ឋានសហព័ន្ធប្រទេសទាំងពីរ បាននិងកំពុងពិភាក្សារៀបចំការប្រកួតនេះ។
ជុំវិញការចងសម្ព័ន្ធភាពដ៏ល្អនិងឈានទៅរកការប្រកួតមិត្តភាពជាមួយក្រុមកំពុងឈរចំណាត់ថ្នាក់លេខ៣លើពិភពលោក(បារាំង)នេះលោកបណ្ឌិតអាំង សិរីពិសិដ្ឋអគ្គលេខាធិការ
សហព័ន្ធបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ដែលជាស្ថិតក្នុងផែនការរបស់សហព័ន្ធក្នុងការជំរុញក្រុមជម្រើសជាតិកម្ពុជា ធ្វើការប្រកួតមិត្តភាពអន្ដរជាតិឲ្យបានច្រើន។ ពិសេសក្រុមខ្លាំងៗជាងខ្លួន ដើម្បីវាស់ស្ទង់ក៏ដូចជាពង្រឹងសមត្ថភាពនិងបច្ចេកទេសឆ្ពោះទៅប្រជែងមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣។

អត្ថបទដែលជាប់ទាក់ទង