ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចលនាស្រ្តីនិងកីឡាកម្ពុជា ទទួលបានការកោតសរសើរ

99

ភ្នំពេញ៖លោកញាណសុខវិសាលប្រធាននាយកដ្ឋានទំនាក់ទំនងកិច្ចការអន្ដរជាតិនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបាននិយាយឲ្យដឹងថាកម្ពុជាបានទទួលការកោតសរសើរនិងវាយតម្លៃខ្ពស់ក្នុងការជំរុញចលនាស្ដ្រីក្នុងវិស័យកីឡាបន្ទាប់ពីលោកបានចូលរួមសិក្ខាសាលា ស្តីពីសមភាពយែនឌ័រ ក្នុងវិស័យកីឡា Olympic Council of Asia Gender Equity seminar នៅប្រទេសបារ៉ែន កាលពីថ្មីៗ។
លោកបានឲ្យដឹងថា សិក្ខាសាលានេះ មានរយៈពេល ២ថ្ងៃ នៅថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២២ ដោយមានតំណាងគណៈកម្មាធិការជាតិអូឡាំពិក នៃបណ្ដាប្រទេសអាស៊ីចំនួន៤២ចូលរួមពិសេសផ្នែកគណៈកម្មការស្ដ្រីនិងកីឡាក្នុងនោះក៏មានវត្តមានតំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា២រូបដែរគឺរូបលោកនិងលោកស្រីប្រាក់សម្ផស្សអនុប្រធានគណៈកម្មការស្ដ្រី និងកីឡា។

លោកថាក្នុងចំណោមប្រតិភូអូឡាំពិកអាស៊ីទាំង៤២ប្រទេសដែលចូលរួមសិក្ខាសាលាខាងលើមានតែ៤ប្រទេសប៉ុណ្ណោះដែលត្រូវបានជ្រើសរើសឱ្យធ្វើបទបង្ហាញក៏ដូចជាចែករំលែកពីចលនាស្ដ្រីក្នុងវិស័យកីឡា តាមប្រទេសរបស់ខ្លួន រួមមានកម្ពុជា ប៊ូតាន ម៉ុងហ្គោលី និងម្ចាស់ផ្ទះបារ៉ែន។
លោកបន្ដថាបទបង្ហាញរបស់យើងគឺគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានផ្ដោតការយកចិត្តទុកដាក់លើការលើកកម្ពស់ស្ដ្រីរបៀបយ៉ាងម៉េចក្នុងចលនាអូឡាំពិកពិសេសកំឡុងពេលកូវីដ-១៩។ យើងក៏បានរៀបចំសិក្ខាសាលារបស់ស្ដ្រីផងដែរ ជាក់ស្ដែងពេលនោះ យើងបានរៀបចំឲ្យ ស៊ន សៀវម៉ី និង ហែមថុន វិទិនី ចែករំលែក លើកទឹកចិត្ត និងបង្ហាញនូវរបៀបហាត់ប្រាណមួយចំនួនដើម្បីឲ្យពួកគាត់ហាត់ប្រាណជាប្រចាំតាមការណែនាំរបស់ពួកយើង ដើម្បីកុំឲ្យពួកគាត់ស្ដ្រេស កំឡុងពេលបិទខ្ទប់នៅផ្ទះ ដោយសារវិបត្តិកូវីដ-១៩ នោះ។
លោក ញាណ សុខវិសាល បានបន្ដថា តាមរយៈការធ្វើបទបង្ហាញរបស់យើងនេះ យើងបានទទួលការកោតសរសើរពីបណ្ដាប្រទេសជាមិត្តក្នុងទ្វីបអាស៊ីទាំងអស់ថាកម្ពុជាធ្វើបទបង្ហាញបានយ៉ាងល្អ ពិសេសគឺការជំរុញចលនាស្រ្ដីក្នុងវិស័យកីឡានេះតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង