ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការបរទេសបង្ហាញ លទ្ធផលនៃជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីអ៊ុយក្រែន

134

(ភ្នំពេញ)៖ នៅវេលាម៉ោង៤ល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន បានជួបសន្ទនាគ្នាតាមទូរស័ព្ទលើបញ្ហាមួយចំនួន ជាពិសេសសង្គ្រាមនៅអ៊ុយក្រែន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានាធិបតីបានសម្តែងការពេញចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកម្ពុជាដែលបានគាំទ្រ និងបានចូលជាសហស្ថាបនិកសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាតិ និងជំហរជាក់លាក់របស់កម្ពុជាពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែន​។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួការបរទេសកម្ពុជា កាលពីថ្ងៃទី១​ ខែវិច្ឆិកា​ ឆ្នាំ២០២២។

ក្រសួងការបរទេសបន្តថា​ សម្តេចតេជោនាយកដ្ឋមន្ត្រី ហ៊ុន សែន មានសេចក្តីសោមនស្សរីករាយដែលបានជួបតាមប្រព័ន្ធទូរស័ព្ទជាមួយ ឯកឧត្តមប្រធានាធិបតី និងបានសម្តែងនូវការសោកស្តាយចំពោះសោកនាដកម្មដែលបាននិងកំពុងកើតឡើងនៅអ៊ុយក្រែន។ សម្តេចតេជោនាយកដ្ឋមន្ត្រីក៏បានសម្តែងក្តីបារម្ភចំពោះការវាយប្រហារថ្មីៗទៅលើទីក្រុងកៀវ និងទីក្រុងផ្សេងៗក្នុងប្រទេសអ៊ុយក្រែន ដែលបណ្តាលឱ្យមានការបាត់បង់ជីវិតប្រជាជន ការរងរបួសជាច្រើន និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដាច់ចរន្តអគ្គិសនី និងទឹកស្អាតយ៉ាងធ្ងន់ធ្ងរ ហើយបណ្តាលឲ្យមានវិបត្តិឋាមពល និងស្បៀងអាហារធ្ងន់ធ្ងរ ព្រមទាំងអតិផរណាកើនឡើងនៅទូទាំងសកលលោក។
សម្តេចតេជោនាយកដ្ឋមន្ត្រី ​ បានចែករំលែកបទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ និងបានសង្កត់ធ្ងន់ថា តាមបទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ និងការស្វែងយល់របស់ សម្តេច ផ្ទាល់បានបង្ហាញថា គ្មានសង្គ្រាមណាមួយអាចបញ្ចប់បានដោយប្រើប្រាស់សង្គ្រាមនោះទេ។
សម្តេចតេជោនាយកដ្ឋមន្ត្រី បញ្ជាក់ថា កម្ពុជាផ្តល់សារសំខាន់ដល់ការចរចា និងដំណោះស្រាយដោយសន្តិវិធី និងសង្ឃឹមថាភាគីពាក់ពន្ធ័ទាំងអស់នឹងខិតខំរកដំដោះស្រាយគ្រប់ជ្រុងជ្រោយដើម្បីបញ្ចប់សង្រ្គាមនៅ អ៊ុយក្រែន ដើម្បីអ៊ុយក្រែនទទួលបានមកវិញនូវសុខសន្តិភាព ស្ថិរភាព បូរណភាពទឹកដី និងការអភិវឌ្ឍន៍។
ជាមួយគ្នានេះផងដែរ សម្តេចតេជោនាយកដ្ឋមន្ត្រី បានបញ្ជាក់អំពីជំហររបស់កម្ពុជាចំពោះសង្គ្រាមនៅអ៊ុយក្រែនថា កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ប្រឆាំងនឹងការឈ្លានពាន ការគំរាម ឬ ការប្រើប្រាស់កម្លាំងលើអធិបតេយ្យភាព បូរណភាពដែនដីរបស់រដ្ឋឯករាជ្យ និងមិនគាំទ្រដល់ការបំបែករដ្ឋ ឬការទន្ទ្រានយកទឹកដីពីប្រទេសដទៃឡើយ។

សម្តេចតេជោនាយកដ្ឋមន្ត្រី បានលើកឡើងផងដែរថា ដោយសហការជាមួយប្រទេសជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជាទៅជួយបណ្តុះបណ្តាលដល់អ្នកដោះមីនរបស់អ៊ុយក្រែនតាមពេលវេលាសមស្រប។
ពាក់ពន្ធ័និងទំនាក់ទំនងទ្វេភាគី សម្តេចតេជោនាយកដ្ឋមន្ត្រី បានថ្លែងអំណរគុណអ៊ុយក្រែនដែលបានជួយគាំទ្រ និងឧបត្ថម្ភទទួលយកនិស្សិតកម្ពុជាក្នុងកំឡុងទស្សវត្សរ៍៨០ ។ សម្តេចតេជោនាយកដ្ឋមន្ត្រី ក៏ធ្លាប់បានអញ្ជើញទៅទស្សនកិច្ចនៅអ៊ុយក្រែនកាលពីឆ្នាំ១៩៨១ ផងដែរ។
ពាក់ពន្ធ័និងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ សម្តេចតេជោនាយកដ្ឋមន្ត្រី បានស្នើឱ្យប្រទេសទាំងពីរតែងតាំង និងផ្លាស់ប្តូរឯកអគ្គរាជទូត/អគ្គរដ្ឋទូតទៅវិញទៅមក។

ឯកឧត្តមប្រធានាធិបតី ហ្ស៊ែលឡិនស្គី បានថ្លែងអំណរគុណ និង ស្វាគមន៍ចំពោះកម្ពុជាដែលមានបំណងផ្តល់ជំនួយខាងដោះមីននេះ។ ​ឯកឧត្តមប្រធានាធិបតី បានឯកភាពចំពោះការតែងតាំង ឯកអគ្គរាជទូត/អគ្គរដ្ឋទូតទៅវិញទៅមក។​ ឯកឧត្តមប្រធានាធិបតី ហ្ស៊ែលឡិនស្គី ក៏បានអញ្ជើញ សម្តេចតេជោនាយកដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនតាមពេលសមស្រប។
ពាក់ពន្ធ័នឹងកិច្ចការអាស៊ាន ឯកឧត្តមប្រធានាធិបតី ហ្ស៊ែលឡិនស្គី បានកត់សម្គាល់ដោយការពេញចិត្តនិងបានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសេចក្តីថ្លែងការណ៍ទាំងបីរបស់​អាស៊ាន គាំទ្រ ដល់​អ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាចំពោះសំណើអ៊ុយក្រែនសុំចូលជាភាគីនៃសន្ធិសញ្ញា មិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC) ។

ឯកឧត្តមប្រធានាធិបតី បានស្នើសុំថ្លែងសន្ទកថាតាមប្រព័ន្ធវីដេអូក្នុងពេលកិច្ចប្រជុំអាស៊ាន និងបញ្ជាក់ពីបំណងរបស់អ៊ុយក្រែនក្នុងការចូលជា​ដៃគូរសន្ទនាតាមវិស័យរបស់អាស៊ាន (ASEAN Sectoral Dialogue Partner) ផងដែរ។
ជាការឆ្លើយតប សម្តេចតេជោនាយកដ្ឋមន្ត្រី បានជម្រាបជូនថា​ កម្ពុជានឹងបន្តធ្វើការងារជាមួយប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បីឆ្លើយតបនឹងបំណងរបស់អ៊ុយក្រែនក្នុងការចូលជា​ដៃគូសន្ទនាតាមវិស័យរបស់អាស៊ាននេះ។
នៅចុងបញ្ចប់កិច្ចសន្ទនា សម្តេចតេជោនាយកដ្ឋមន្ត្រី បានទទួលយកសេចក្តីអញ្ជើញ សម្តេច ទៅទស្សនកិច្ចនៅអ៊ុយក្រែនតាមពេលវេលាសមស្រប។

ឯកឧត្តមប្រធានាធិបតី បានថ្លែងអំណរគុណ សម្តេចតេជោនាយកដ្ឋមន្ត្រី ចំពោះជំនួប ហើយក៏បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ានក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ពន្ធ័កាលពីខែសីហាកន្លងទៅ និងបានជូនពរកម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់បន្ថែមទៀត ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ២០២២ នេះ៕​

អត្ថបទដែលជាប់ទាក់ទង