ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ចាត់ទុកប្រទេស AMCES និង CLMV ថាបានជំរុញឱ្យមានកំណើនលំហូរទេសចរណ៍រវាងប្រទេសសមាជិកឡើងវិញ

149

 

ភ្នំពេញ៖ សម្តេចតេជោ ចាត់ទុកប្រទេស AMCES និង CLMV ថាបានជំរុញឱ្យមានកំណើនលំហូរទេសចរណ៍រវាងប្រទេសសមាជិក ក៏ដូចជាកិច្ចសហការផ្សព្វផ្សាយទាក់ទាញទេសចរណ៍ពីប្រទេសទី៣ បានយ៉ាងមានប្រសិទ្ធភាព ក្រោមយុទ្ធនាការ «ប្រទេស៥ គោលដៅទេសចរណ៍តែមួយ»។
ក្នុងសុន្ទរថាថ្លែងបើកកិច្ចប្រជុំដែលរៀបចំឡើងនៅក្រុងសៀមរាបអង្គរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមើលឃើញផងដែរថា កិច្ចប្រជុំទាំងពីរខាងលើនេះ បានបង្ហាញនូវសាមគ្គីភាពក្នុងតំបន់ ហើយក៏ជាឱកាសដែលថ្នាក់ដឹកនាំទេសចរណ៍ ACMECS និង CLMV វាយតម្លៃផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩ លើវិស័យទេសចរណ៍ និងដាក់ចេញយុទ្ធសាស្ត្រសមស្របក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញក្រោយពីវិបត្តិដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមករបស់ការដឹកនាំទេសចរណ៍ប្រទេស AMCES និង CLMV ដែលតែងតែជំរុញឱ្យមានកំណើនលំហូរទេសចរណ៍រវាងប្រទេសសមាជិក ក៏ដូចជាកិច្ចសហការផ្សព្វផ្សាយទាក់ទាញទេសចរណ៍ពីប្រទេសទី៣ បានយ៉ាងមានប្រសិទ្ធភាព ក្រោមយុទ្ធនាការ «ប្រទេស៥ គោលដៅទេសចរណ៍តែមួយ» និង «ប្រទេស៤ គោលដៅទេសចរណ៍តែមួយ»។
វិស័យទេសចរណ៍ បានជួបវិបត្តិយ៉ាងធ្ងន់ធ្ងរដោយសារតែវិបត្តិនៃការរាតត្បាតជំងឺកូវីដ១៩រយៈពេលពីរឆ្នាំកន្លងទៅ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ផ្តើមចេញពីវិបត្តិនៃជំងឺកូវីដ១៩នេះ ធ្វើឱ្យគេមើលឃើញថា វិស័យទេសចរណ៍មានតួនាទីកាន់តែចាំបាច់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពរីកចម្រើនរបស់សង្គមជាតិ ហើយជាពិសេសតួនាទីដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិ និងប្រជាជាតិ, សាមគ្គីផាព និងមិត្តភាពនៃប្រទេសក្នុងតំបន់។

សម្ដេចតេជោបានបញ្ជាក់ថា ប្រទេសសមាជិក គួរបង្កើនកិច្ចសហការលើការអភិវឌ្ឍ ទេសចរណ៍ជនបទ ដែលរួមមានទេសចរណ៍សហគមន៍ អេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង កសិទេសចរណ៍ ទេសចរណ៍សុខុមាលភាព ទេសចរណ៍ម្ហូបអាហារ ជាដើម ដែលទាំងនេះ ជាតម្រូវការទេសចរណ៍កំពុងកើនឡើង ហើយចូលរួមដោយផ្ទាល់ដល់ការរីកចម្រើននៅមូលដ្ឋាន។ ទន្ទឹមនេះផងដែរ ACMECS និង CLMV គួរដាក់ចេញនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការជួយគាំទ្រសហគ្រាសធុនតូចបំផុត តូច និង មធ្យម (SMEs) ឱ្យក្លាយជា ឆ្អឹងខ្នងនៃការអភិវឌ្ឍ វិស័យទេសចរណ៍ប្រកបដោយភាពធន់ និងចីរភាព ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង