ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៨ ដល់ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២
រាជធានីភ្នំពេញ៖ បើតាមសេចក្តីប្រកាសព័ត៌មាន ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២២ , តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៨ ដល់ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម ម មិញជិញ នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តម ផាម មិញជិញ នឹងមានជំនួប ពិភាក្សាទ្វេភាគីនៅវិមានសន្តិភាព ដោយផ្តោតការពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិ បត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាកង្វល់រួម។ នៅក្រោយជំនួប នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ ទ្វេភាគីមួយចំនួន។
ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ឯកឧត្តម ផាម មិញជិញ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ, មណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ“ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងវិមានមិត្តភាពកម្ពុជា-វៀតណាម។
ដំណើរទស្សនកិច្ចរបស់ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាម ស្របនឹងការប្រារព្ធខួបអនុ ស្សាវរីយ៍លើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលត្រូវបានកំណត់ជា “ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម”។