អភិបាលរងរាជធានីភ្នំពេញ ១រូបទៀត ត្រូវបានប្រកាសតែងតាំងជាផ្លូវការ
ភ្នំពេញ៖ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ១រូបទៀត ត្រូវបានប្រកាសតែងតាំងជាផ្លូវការ នៅរសៀលថ្ងៃទី០៣ វិច្ឆិកាឆ្នាំ២០២២នេះ ។
ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តមឡេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងមានការចូលរួមពីឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ពិធីនេះត្រូវប្រកាសតែងតាំងលោក អ៊ីមរ៉ន ហាស្សាន់ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ ឲ្យកាន់តំណែងជាអភិបាលរងរាជធានីភ្នំពេញ១រូបទៀត ក្រោយពីបានប្រកាសឲ្យកាន់តំណែងអភិបាលរងរាជធានីភ្នំពេញចំនួន៣រូបរួចមកហើយ កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២២កន្លងមកនេះ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានធ្វើការណែនាំឲ្យ លោក អ៊ីមរ៉ន ហាស្សាន់ ដែលត្រូវបានប្រកាសតែងតាំងជាអភិបាលរងរាជធានីភ្នំពេញថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ សហការឲ្យបានល្អជាមួយក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ ខណ្ឌទាំង១៤ និងសង្គមស៊ីវិល ដោយអនុវត្តការងារដោយឈលើស្មារតីទទួលខុសត្រូវខ្ពស់ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ។
ឯកឧត្តមឡេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា ៖ តាមច្បាប់ថ្មី រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្ថែមអភិបាលរង ចំនួន៤រូបទៀត ដើម្បីបម្រើសង្គមជាតិនិងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ តែអភិបាលរង៣រូបនោះ យើងបានប្រកាសតែងតាំងរួចហើយ នៅសល់មួយរូបទៀត ត្រូវបានប្រកាសតែងតាំងនៅពេលនេះ។ ដូច្នេះទេ សម្រាប់អភិបាលរង ដែលត្រូវបានតែងតាំងថ្មី ត្រូវបំពេញការងារអោយបានល្អជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បី ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងដើម្បីធ្វើអោយរាជធានីភ្នំពេញ កាន់តែមានការអភិវឌ្ឍរីកចម្រើននិងមានសោភណ្ឌភាពស្រស់បំព្រងបន្ថែមទៀត។
បន្ថែមពីនេះទៀត ឯកឧត្តមឡេង វី បានធ្វើការណែនាំឲ្យ រដ្ឋបាលរាជធានីភ្នំពេញ បន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកកំពស់ជីវភាពប្រជាពលរដ្ឋនិងបន្តខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់នៅក្នុងសង្គម ។ ចំពោះកម្លាំងប្រដាប់អាវុធ ក្នុងជួរគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រូវបន្តគ្រប់គ្រងសភាពការណ៍ ទប់ស្កាត់បទល្មើសនានាឲ្យបានល្អ និងបំផុសប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តធ្វើយ៉ាងណាឲ្យភូមិ សង្កាត់ មានសុវត្ថិភាព។ ដើម្បីឲ្យរាជធានីភ្នំពេញ មានសោភ័ណភាពកាន់តែល្អប្រសើរនោះ លោកស្នើឲ្យអាជ្ញាធររាជធានី គ្រប់គ្រងសំណង់ឲ្យបានត្រឹមត្រូវ តាមស្តង់ដាបច្ចេកទេស បន្តដាំដើមឈើនៅតាមទីសាធារណៈ លើកកម្ពស់បរិស្ថាន ដោយត្រូវបំផុសប្រជាពលរដ្ឋ ឲ្យវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវនិងជំរុញឲ្យក្រុមហ៊ុន ប្រមូលសំរាមឲ្យបានទាន់ពេលវេលា។
គួរបញ្ជាក់ថា៖ គណៈអភិបាលរាជធានីភ្នំពេញ មកដល់នេះមានចំនួន១១រូបហើយ ដែលមានលោក ឃួង ស្រេង ជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងមានអភិបាលរងចំនួន១០នាក់ទៀត រួមមាន៖ លោកកើត ឆែ ,លោក មាន ចាន់យ៉ាដា លោកហួត ហៃ ,លោកស្រី កែវ សុខពិសី ,លោក ស៊ុយ សេរិទ្ធ លោកនួន ផារ័ត្ន , លោក ឃ្លាំង ហួត , លោក សុខ ពេញវុធ, លោក ហ៊ុន សុរិទ្ធី និងលោក អ៊ីមរ៉ន ហាស្សាន់ ដែលត្រូវបានប្រកាសតែងតាំងជាផ្លូវការ នៅរសៀលថ្ងៃនេះ៕