ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារកាណាឌីយ៉ា និងធនាគារអភិវឌ្ឍន៍ចិន បានធ្វើជាសហប្រធាននៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រតិបត្តិ សមាគមអន្តរធនាគារចិន-អាស៊ាន CAIBAលើកទី១២ នៅកម្ពុជា

133

ភ្នំពេញ៖ ធនាគារកាណាឌីយ៉ា និងធនាគារអភិវឌ្ឍន៍ចិន បានធ្វើជាសហប្រធាន នៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃសមាគម អន្តរធនាគារចិន-អាស៊ានCAIBA លើកទី១២ និងកិច្ចប្រជុំយន្ដការសហប្រតិបត្តិការអន្តរធនាគារអាស៊ានបូក៣ APTIBCMឆ្នាំ២០២២ ដែលរៀបចំឡើងរួមគ្នា ដោយផ្ទាល់តាមរយៈអនឡាញ នៅព្រឹកថ្ងៃទី០៤ វិច្ឆិកា ឆ្នាំ២០២២ នៅធនាគារកាណាឌីយ៉ាភ្នំពេញ កោះពេជ្រ ។
កិច្ចប្រជុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ពី លោក រ័ត្ន សុវណ្ណនរៈ ឧបការី ទេសាភិបាល និង ជា អគ្គនាយក ត្រួតពិនិត្យ ធនាគារជាតិ នៃកម្ពុជា,លោក តេង ស៊ីជុន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណៈរដ្ឋប្រជា មានិតចិន ប្រចាំអាស៊ាន ព្រមទាំង ថ្នាក់ដឹកនាំនិងអ្នកឯកទេសធនាគារជាង៤០នាក់ មកពីធនាគារ សមាជិក និងធនាគារសង្កេតការណ៍របស់ CAIBA និង APTIBCM ចូលរួមផងដែរ ។

ថ្លែងទៅកាន់អង្គប្រជុំ លោក រ័ត្ន សុវណ្ណនរៈ បានអបអរសាទរចំពោះ CAIBA និង APTIB CM សម្រាប់ការចូលរួមយ៉ាងសកម្មនៅក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសសមាជិករៀងៗខ្លួន។
ក្នុងឱកាសនេះ លោក តេង ស៊ីជុន ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាដែលធ្វើឡើងដោយសមាគមអន្តរធនាគារចិន-អាស៊ាន និងយន្តការសហប្រតិបត្តិការអន្តរធនាគារអាស៊ាន+៣ ដែលបានគាំទ្រយ៉ាងខ្លាំងទៅលើការងើបឡើងវិញរបស់សេដ្ឋកិច្ច និងការអភិវឌ្ឍ ប្រកបដោយចីរភាពក្នុងតំបន់។

លោកបានបន្ដថា៖ កិច្ចប្រជុំនេះ ក្រោមប្រធានបទ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ”, ធនាគារសមាជិក ក៏ដូចជាធនាគារសង្កេតការណ៍របស់ CAIBA និង APTIBCM បានចូលរួមចែករំលែក និងផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍ដ៏មានអត្ថន័យ លើប្រធានបទនានា រួមមាន (១) ការជំរុញហិរញ្ញប្បទានដែលផ្តោតលើបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ក្រោយសម័យកាលរីករាលដាលនៃជំងឺកូវីដ-១៩, (២) ការជំរុញសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងតំបន់ ដើម្បីពង្រឹងការតភ្ជាប់ទំនាកទំនងហេដ្ឋារចនាសម្ព័ន្ធ, (៣) ការជំរុញបរិយាបន្នហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់សហគ្រាសខ្នាតតូច ក្នុងសេដ្ឋកិច្ចក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ និង (៤) ការជំរុញសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងតំបន់ តាមរយៈនវានុវត្តន៍ឌីជីថល។

សូមបញ្ជាក់ថា៖ សមាជិករបស់CAIBAរួមមាន ៖ធនាគារធំៗចំនួន១១ មកពីប្រទេស សមាជិកអាស៊ាន និងប្រទេសចិន មានដូចជាBank Islam Brunei Darussalam (ប្រ៊ុយណេ)-ធនាគារ កាណាឌីយ៉ា(កម្ពុជា)-Bank Mandiri (ឥណ្ឌូនេស៊ី) – Lao Development Bank (ឡាវ)-CIMB Group (ម៉ាឡេស៊ី)- Bank for Foreign Trade of Myanmar(ភូមា)- Banco De Oro (ហ្វីលីពីន)-DBS (សិង្ហបុរី)-Kasikorn Bank(ថៃ)-BIDV (វៀតណាម) និង China Development Bank(ចិន)៕ សំរិត

អត្ថបទដែលជាប់ទាក់ទង