ប្រតិភូទេសចរណ៍អេកម៉ិក និង CLMV កោតសរសើរការរៀបចំនៅសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ពេលទស្សនកិច្ចនៅសៀមរាប-អង្គរ
(សៀមរាប)៖ ក្នុងពេលទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ ប្រតិភូទេសចរណ៍នៃក្រុមប្រទេសអេកម៉ិក (ACMECS) និងប្រទេស CLMV បានកោតសរសើរចំពោះការរៀបចំឱ្យមានផលិតផលទេសចរណ៍ក្នុងតំបន់ ក៏ដូចជាទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចររបស់សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ដែលស្ថិតនៅឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ប្រតិភូអន្តរជាតិប្រមាណជិត១០០នាក់នេះដឹកនាំដោយលោកស្រី កុយ ពិសី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន និងមានវត្តមានលោកជំទាវ Suanesavanh Vignaket រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ព្រមទាំងតំណាងក្រសួងសណ្ឋាគារមីយ៉ាន់ម៉ា ក្រសួងទេសចរណ៍និងកីឡាថៃ និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមផងដែរ។
លោក សូត្រ សួរ ប្រធានសហគមន៍បាគងភូមិខ្ញុំបានចាត់ចែងរៀបចំទទួលភ្ញៀវទេសចរយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយបដិសណ្ឋារកិច្ចពេញចិត្តចំពោះប្រតិភូក្រុមប្រទេសអេកម៉ិក និងប្រទេស CLMV។
ប្រតិភូចម្រុះជាតិសាសន៍បានដើរទស្សនាទូទាំងបរិវេណសហគមន៍ និងបានស្ដាប់នូវការធ្វើបទបង្ហាញរបស់លោកប្រធានសហគមន៍ សូត្រ សួរ ព្រមទាំងបានទទួលទានអាហារពេលថ្ងៃត្រង់ និងសិក្សាឈ្វេងយល់នូវចំណុចពិសេសៗជាច្រើនទៀត។ សំឡេងអឺងកងសប្បាយរីករាយ លាយឡំសូរខ្យល់រំហើយនារដូវស្រូវទុំ បរិយាកាសក្នុងសហគមន៍ទេសចរណ៍ស្រស់ថ្លា ភ្ញៀវទេសចរពោរពេញដោយក្ដីសោមនស្ស។
លោក សូត្រ សួរ បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងការបង្កើតសហគមន៍ និងផលិតផលទេសចរណ៍ថ្មីៗ គោលបំណងដើម្បីប្រជាសហគមន៍និងបង្កើតឱកាសការងារដល់ប្រជាជន ការរៀបចំសេវាកម្មកម្សាន្ត សេវាកម្មម្ហូបអាហារ/ភេសជ្ជៈ និងបដិសណ្ឋារកិច្ចជូនភ្ញៀវទេសចរ ការបណ្ដុះបណ្ដាលនិងប្រើប្រាស់បុគ្គលិក ការចូលរួមជួយជ្រោមជ្រែងពីសំណាក់ក្រសួងទេសចរណ៍ ក៏ដូចជាក្រសួង ស្ថាប័ន អាជ្ញាធរ និងដៃគូពាក់ព័ន្ធ ការរៀបចំឱ្យមានការទាក់ទាញ ព្រមទាំងការលើកស្ទួយជីវភាពប្រជាជន/យុវជននៅក្នុងភូមិផងដែរ។
គួរជម្រាបថា ដំណើរទស្សនកិច្ចនៅតំបន់អង្គរនេះគឺធ្វើឡើងក្នុងអំលុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២៕