Hun Sen-Cup៖ វិសាខាលើកពាន
ភ្នំពេញ៖ក្រុមបាល់ទាត់វិសាខាបានការពារតំណែងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន(Hun Sen Cup) លើកទី១៦ ឆ្នាំ២០២២ ដោយជោគជ័យ បន្ទាប់ពីយកឈ្នះក្រុមបឹងកេត ដោយលទ្ធផល ៤ទល់៣ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ។
ការប្រកួតផ្ដាច់ព្រ័ត្រនេះធ្វើលើទឹកដីកណ្ដាលដោយបឹងកេតបានស៊ុតបំប៉ោងសំណាញ់ទីក្រុមជើងឯក ២សម័យ ២គ្រាប់មុន ដែលធ្វើសម្រេចដោយកីឡាករ សៀង ចន្ធា ដោយនាទី១៤ និងនាទី៣១។ ចូលវគ្គទី២ ក្រុមទាំងពីរ បានវាយសម្រុកគ្នាកាន់តែខ្លាំង ពិសេសវិសាខា ដែលព្យាយាមវាយបករកបាន ២គ្រាប់វិញ ដោយកីឡាករ ស៊ិន សុផាណាត់ នៅនាទី៧៩ ពិសេសគ្រាប់បាល់ក្រឡកបង្គោលទីប៉ះអ្នកចាំទី កែវ សុខសិលា នៅនាទី៩០+៦ ដែលជាគ្រាប់តាមស្មើ នាំឲ្យការប្រកួតឈានដល់ការម៉ោង ១៥នាទី ២ដង។
ឈានដល់ការប្រកួតកាត់សេចក្ដីម៉ោងបន្ថែម៣០នាទីចុងក្រោយវិសាខាបានស៊ុតគ្រាប់បាល់នាំមុខបឹងកេតវិញ នៅនាទី៩៨ ដោយកីឡាករ ធារី ចន្ថាប៊ីន មុនកីឡាករ ឱ ភារុណ រកបានគ្រាប់តាមស្មើឲ្យបឹងកេត នៅនាទី១០២។
ទោះជាយ៉ាងណាក៏ឱកាសដណ្ដើមជើងឯករបស់ក្រុមនាគខៀវត្រូវបានបញ្ចប់បន្ទាប់ពីកីឡាករ កែវ សុខផេង បន្ថែមគ្រាប់ទី៤ ឲ្យវិសាខា នៅនាទី១០៤ ដែលជាគ្រាប់បាល់ជ័យជម្នះ នៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រតែម្ដង បន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត វិសាខា ឈ្នះបឹងកេត ៤ទល់៣។
ជោគជ័យនេះធ្វើឲ្យក្រុមវិសាខាក្លាយជាក្លិបដំបូងគេដែលបានគ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ៣សម័យកាលជាប់គ្នា សម្រាប់រដូវកាលឆ្នាំ២០២០, ២០២១ និងឆ្នាំ២០២២ ដ្បិតកន្លងមកមាន ២ក្រុម ដែលធ្លាប់ឈ្នះពាននេះត្រឹម ២សម័យកាលជាប់គ្នា គឺក្រុមភ្នំពេញក្រោន គ្រងជើងនៅឆ្នាំ២០០៨-២០០៩ និងក្រុមព្រះខ័នរាជស្វាយរៀង គ្រងជើងឯកនៅឆ្នាំ២០១១-២០១២។
ជាមួយការលើកពានសម្ដេចតេជោនាយករដ្ឋមន្ដ្រីនេះដែរ វិសាខា ទទួលបានពាន ១ មេដាយមាស ៤០គ្រឿង អមប្រាក់រង្វាន់ ១១០លានរៀល ។ រីឯចំណាត់ថ្នាក់លេខ២ ក្រុមបឹងកេត ទទួលបានមេដាយប្រាក់ ៤០គ្រឿង អមប្រាក់រង្វាន់ ៧០លានរៀល។
ក្រុមភ្នំពេញក្រោនដែលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់យកឈ្នះក្រុមអគ្គិសនីកម្ពុជា ក្នុងលទ្ធផល ៥ទល់០ ទទួលបានមេដាយសំរឹទ្ធ ៤០គ្រឿង អមប្រាក់រង្វាន់ ៤០លានរៀល៕