ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ ក៏បានកំណត់បន្ថែមនូវ «គោលដៅយុទ្ធសាស្ត្រចំនួន៤» នៅក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន

36

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ បានគូសបញ្ជាក់ថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ ក៏បានកំណត់បន្ថែមនូវ «គោលដៅយុទ្ធសាស្ត្រចំនួន៤» នៅក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ដើម្បីពង្រឹងការតភ្ជាប់ឌីជីថល ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន និងការអភិវឌ្ឍសំដៅជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពធន់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា «គោលដៅយុទ្ធសាស្ត្រចំនួន៤» នៅក្រោមសសរស្ដម្ភសហគម ន៍សេដ្ឋកិច្ចអាស៊ាន រួមមានទី១៖ ការពង្រឹងការតភ្ជាប់ឌីជីថល, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ទី២៖ ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន, ទី៣៖ ការជំរុញសមាហរណកម្ម, បរិ យាប័ន្ន, ភាពធន់ និងភាពប្រកួតប្រជែងអាស៊ានឱ្យខ្លាំងជាងមុន និងទី៤៖ អាស៊ានជាសកលសម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍ សំដៅជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពធន់ផងដែរ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ឆ្លៀតឱកាសនេះ ខ្ញុំសូមជម្រាបជូនកិច្ចប្រជុំកំពូលនេះផងដែរថា កម្ពុជាក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ ក៏បានកំណត់បន្ថែមនូវ «គោលដៅយុទ្ធសាស្ត្រចំនួន៤» នៅក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមាន១៖ ការពង្រឹងការតភ្ជាប់ឌីជីថល, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ២៖ ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន, ៣៖ ការជំរុញសមាហរណកម្ម, បរិយាប័ន្ន, ភាពធន់ និងភាពប្រកួតប្រជែងអាស៊ានឱ្យខ្លាំងជាងមុន និង៤៖ អាស៊ានជាសកលសម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍសំដៅជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពធន់ផងដែរ»។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ឈរលើមូលដ្ឋាននេះ, សមាជិកអាស៊ាន បានខិតខំយ៉ាងសកម្ម ក្នុងការសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់នូវសមិទ្ធផលសេដ្ឋកិច្ចអាទិភាព (Priority Economic Deliverables) ទាំង១៩ ដែលត្រូវបានកំណត់កន្លងមក។

ប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ បានបញ្ជាក់ថា យើងទាំងអស់គ្នាត្រូវសហការគ្នា ដើម្បីធានាថា អាស៊ាននៅតែជាតំបន់ដែលមានភាពទាក់ទាញ និងរស់រវើកសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ៕

អត្ថបទដែលជាប់ទាក់ទង