ឆ្នាំនេះ ជាឆ្នាំវិសេសវិសាលរបស់អាស៊ាន ប្រារព្ធខួបអនុវស្សាវរីយ៍ ៥៥ឆ្នាំនៃវឌ្ឍនភាព និងការអភិវឌ្ឍ ចាប់តាំងពីការបង្កើត ក្នុងគោលដៅសុខសន្តិភាព ទំនើបកម្ម ភាពធន់ និងបរិយាបន្ន
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានថ្លែងបញ្ជាក់ថា ឆ្នាំនេះ ជាឆ្នាំវិសេសវិសាលរបស់អាស៊ាន ដោយអាស៊ានប្រារព្ធពិធីខួបអនុវស្សាវរីយ៍៥៥ឆ្នាំ នៃវឌ្ឍនភាព និងការអភិវឌ្ឍ ចាប់តាំងពីការបង្កើតសមាគម។
សម្តេចតេជោបន្ថែមថា អាស៊ានបានឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយ រយៈពេល៥៥ឆ្នាំមកនេះ ក្នុងនាមជាអង្គការថ្នាក់តំបន់ ក៏ដូចជាគ្រួសារ និងបងប្អូន ដែលរួមគ្នាសម្រេចបាននូវគោលបំណងចម្បង ក្នុងការកសាងសហគមន៍អាស៊ាន ប្រកបដោយសុខសន្តិភាព ទំនើបកម្ម ភាពធន់ និងបរិយាបន្ន។
ការថ្លែងរបស់សម្តេចតេជោប្រធានអាស៊ាន ក្នុងឱកាស អញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ជាផ្លូវការ នៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា «ដើម្បីប្រារព្ធអបអរសាទរ លើការសម្រេចបាននូវសមិទ្ធផលគោលដៅជាប្រវត្តិសាស្ត្រនេះ យើងនឹងដាក់ចេញ នូវសេចក្ដីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីខួបលើកទី៥៥ នៃការបង្កើតអាស៊ាន ដែលនឹងត្រូវបានបំពេញបន្ថែម ដោយសេចក្តីថ្លែងការណ៍២ផ្សេងទៀត គឺសេចក្តីថ្លែងការណ៍ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពី «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» និងសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្ដីពីរបៀបវារៈនៃការតភ្ជាប់អាស៊ាន ក្រោយឆ្នាំ២០២៥ ដែលនឹងត្រូវបានអនុម័ត នាពេលបន្តិចទៀតក្នុងថ្ងៃនេះ»។
សម្តេចបញ្ជាក់ទៀតថា «មគ្គុទេសក៍គោលនយោបាយទាំងនេះ បានបង្ហាញអំពីការតាំងចិត្តរបស់យើង ក្នុងការកសាងអនាគតអាស៊ាន ទៅជាសហគមន៍ដែលមានឯកភាព បរិយាបន្ន ភាពធន់ និងនីតិរដ្ឋ ជាសហគមន៍ពោរពេញដោយកាលានុវត្តភាព ដែលប្រជាជនអាចមានការតភា្ជប់គ្នាយ៉ាងរលូន, ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌, បរិស្ថានសុខភាពល្អ និងការគាំពារសង្គម ប្រកបដោយសមធម៌ និងជាសហគមន៍ ដើរតួជាស្នូលសម្រាប់និម្មាបនកម្មតំបន់ ដែលប្រែប្រួលយ៉ាងឆាប់រហ័ស និងក្នុងការពង្រឹងទំនាក់ទំនង ជាមួយដៃគូខាងក្រៅ ដោយផ្អែកលើទំនុកចិត្ត និងការគោរព គា្នទៅវិញទៅមក ដើម្បីសន្តិភាព សន្តិសុខ និងកំណើនប្រកបដោយចីរភាព ក្នុងតំបន់ ក៏ដូចជាសកលលោក»។
សម្តេចតេជោបានថ្លែងទៀតថា ខណៈអាស៊ានធ្វើដំណើរទៅមុខ ក៏មិនត្រូវភ្លេចនូវអតីតកាល និងគុណតម្លៃ ដែលបានកសាង និងថែរក្សានោះទេ។ ដោយសម្តេចជឿជាក់ថាបាវចនា «អាស៊ាន ចក្ខុវិស័យតែមួយ, អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ» នៅតែមានគុណតម្លៃពិតប្រាកដនាពេលនេះ។ សូមសមាជិកអាស៊ានទាំងអស់គ្នា ផ្ដោតលើគោលបំណងរួមនៃការអភិវឌ្ឍរួមគ្នា ដើម្បីសន្តិភាព ស្ថិរភាព និងឧត្តមភាពនៅតំបន់នេះ។
សម្តេចបន្ថែមទៀតថា ទំនាក់ទំនងរបស់សមាជិកអាស៊ានទាំងអស់គ្នា មិនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែតាមរយៈការប្រឹងប្រែង ការប្ដេជ្ញាចិត្ត និងការព្យាយាមជាច្រើនឆ្នាំ។ អាស៊ានត្រូវថែរក្សា និងដឹងគុណដល់អ្វីៗ ដែលបានកសាង។ ដូចនេះការថែរក្សាឯកភាព សាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន គឺជាអាទិភាព ចម្បងបំផុត ដើម្បីធានាឱ្យតំបន់យើងមានចីរភាព និងភាពធន់ សម្រាប់ព្រឹត្តិការណ៍ដែលអាចកើតមាន នាពេលអនាគត៕