ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានាធិបតី កូរ៉េខាងត្បូង

38

 

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម យូន សកយ៉ល (Yoon Suk-yeol) ប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងឱកាសដែល ឯកឧត្តម និងលោកជំទាវ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-កូរ៉េ។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាដោយយកចិត្តទុកដាក់ ទាំងបញ្ហាតំបន់ផង និងបញ្ហាទ្វេភាគីផង។ ឯកឧត្តម ប្រធានាធិបតីកូរ៉េខាងត្បូង បានសំដែងនូវការគាំទ្រ និងពេញចិត្តចំពោះមជ្ឍភាពអាស៊ាននាពេលនេះ។ ឯកឧត្តម បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកូរ៉េខាងត្បូង និងប្រទេសកម្ពុជា ជាពិសេសទៅលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរ។

ឯកឧត្តមបានបន្តថា ប្រទេសយើងទាំងពីរមានទំនាក់ទំនងល្អនឹងគ្នាជាច្រើន ដូចជា ទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល វិស្ស័យឯកជន និងឯកជន រវាងប្រជាជន និងប្រជាជន ហើយក្នុងរយៈពេលត្រឹមតែ២៥ឆ្នាំតែប៉ុណ្ណោះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងជាង២០ដង។ ក្នុងន័យនេះ ឯកឧត្តមប្រធានាធិបតី បានជម្រាបជូនសម្ដេចតេជោថា កូរ៉េចាត់ទុកការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា ក្នុងន័យនេះ ជំនួយក្រៅប្រទេសរបស់កូរ៉េ មកកម្ពុជាត្រូវបានបង្កើនឡើងបន្ថែមទៀត សម្រាប់ជួយដល់កម្ពុជាក្នុងការអភិវឌ្ឍ ជាពិសេសកូរ៉េ នឹងជំរុញអ្នកវិនិយោគមកកម្ពុជាបន្ថែមទៀតនៅពេលខាងមុខ និងពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសដើម្បីចាប់យកឱកាសតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ការមិនយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរជាដើម៕

អត្ថបទដែលជាប់ទាក់ទង