ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណដល់ ADB ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ របស់កម្ពុជា

40

 

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធានាគារអភិវឌ្ឍន៍អាស៊ី ADB នៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
ឯកឧត្តម ម៉ាសាស៊ូហ្គូ អាសាកាវ៉ា បានសំដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានរៀបចំនិងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន បានជោគជ័យ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ADB ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ របស់កម្ពុជា – ចំពោះការផ្ដល់ជំនួយ និងការផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ កម្ពុជា។ សម្តេចតេជោ បានគូសបញ្ជាក់អំពីជំនួយរបស់ ADB ដែលបានផ្ដល់ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបជាបន្ទាន់ចំពោះជំងឺរាតត្បាតកូវីដ-១៩ និងក្នុងការអនុវត្ត “ក្របខណ្ឌយុទ្ធសាស្ត និងកម្មវិធីសម្រាប់ការស្ដារសេដ្ឋកិច្ចឡើងវិញក្នុងបរិបទនៃការរស់នៅជាមួយជំងឺកូវីដ-១៩ តាមបែប គន្លងថ្មី ២០២១-២០២៣»។

ឯកឧត្តម Masatsugu Asakawa បានអបអរសាទរចំពោះកម្ពុជាសម្រាប់ដំណើរការយ៉ាងរលូនក្នុង ការធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និង ADB ក្នុងរយៈពេលជាង ៣០ឆ្នាំ មកនេះ។ ឯកឧត្តម បានគូសបញ្ជាក់ថា ADB បានរក្សាការព្យាករណ៍របស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងកម្រិត ៥.៣ ភាគរយនៅឆ្នាំ ២០២២ ប៉ុន្តែបានបន្ទាបការព្យាករណ៍នៅឆ្នាំ ២០២៣ ពីក្នុងកម្រិត ៦.៥ ភាគ រយ មកនៅត្រឹម ៦,២ ភាគរយ ដោយសារតែការចុះខ្សោយជាងមុននៃកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងកំពុងរៀបចំយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស (CPS) ថ្មី សម្រាប់រយៈពេល ២០២៤- ២០២៨។

ឯកឧត្តម Masatsugu Asakawa បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ ADB ក្នុងការពង្រឹង និង ពង្រីកបន្ថែមទៀតនៅក្នុងប៉ុន្មានឆ្នាំខាងមុខ ដើម្បីបន្តការរួមចំណែករបស់ខ្លួនក្នុងការដោះស្រាយ បញ្ហាប្រឈមនានាដែលកម្ពុជាកំពុងជួបប្រទះក្នុងការអភិវឌ្ឍ និងបានសាទរដល់កម្ពុជា ក្រោមការ ដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ- ១៩ ប្រកបដោយជោគជ័យ ដោយសម្រេចបានឋានៈជាប្រទេសមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុត មួយ ក្នុងចំណោមបណ្តាប្រទេសជាច្រើន ដែលបានចាក់វ៉ាក់សាំងការពាររួចហើយ បានបើកដំណើរ ការប្រទេសឡើងវិញទាំងស្រុងកាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ និងសម្រេចបាននូវការស្ដារ សេដ្ឋកិច្ចឡើងវិញពីវិបត្តិសុខភាពពិភពសាកលដែលមិនធ្លាប់មានពីមុនមក។

សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធាន ADB បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើ វិស័យបម្រែបម្រួលអាកាសធាតុ ដោយក្នុងនោះ ADB បានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនក្នុងការធ្វើ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំផែនការកម្មវិធីអាទិភាព នានា ស្តីពីការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍថាមពលបៃតង៕

អត្ថបទដែលជាប់ទាក់ទង