ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អគ្គលេខាធិការ ប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខធិការធិការក្រុប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

66

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអគ្គលេខាធិការ ប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខធិការធិការក្រុប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

សមាភាពថ្នាក់ដឹកនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃដែលប្រកាសផ្ទេរភារកិច្ច និងតែងតែងមុខតំណែង ក្រោកអធិបតីភាពសម្ដចក្រឡាហោម នាឱកាសនេះរួមមាន ឯកឧត្តម ស សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ទោ យិត វីរៈ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងឧត្តមសេនីយ៍ទោ អ៊ាន សុភ័ក្រ្ត ប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្ដែងក្ដីរីករាយ ដែលបានចូលរួមក្នុងពិធីប្រកាសសមាសភាពថ្នា្កក់ដឹកនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងបានបង្ហាញមោទកភាពជាមួយក្ដីសង្ឃឹមចំពោះសមាសភាពថ្នាក់ដឹកនាំថ្មីៗនេះ ពិសេសក្រោមការដឹកនាំរបស់ឯកឧត្តម ស សិទ្ធិ អនុរដ្ឋលេខាធិការទទួលបន្ទុក និងខិតខំធ្វើឱ្យកីឡាគ្រប់ប្រភេទកីឡានៃក្រសួងមហាផ្ទៃ មានការអភិវឌ្ឍសមត្ថភាពចូលរួមប្រកួតប្រជែងទាំងក្របខណ្ឌជាតិ និងអន្តរជាតិ។

សម្ដេចបានមានប្រសាសន៍ថា ការបន្តខិតខំប្រឹងប្រែងពង្រឹងរចនាសម្ព័ន្ធ សមត្ថភាពមន្រ្តីក្នុងអគ្គលេខធិការរដ្ឋានឱ្យបានម៉ត់ចត់ ជាកិច្ចការសំខាន់ សម្ដេចបានបន្តថា មានតែក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិទេ ដែលរាជរដ្ឋាភិបាលបានផ្ដល់ក្របខណ្ឌសម្រាប់អង្គភាពកីឡា។ ចំណុចនេះ សម្ដេចបានផ្ដល់អនុសាសន៍ណែនាំឱ្យក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ពិនិត្យពិចារណាឱ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងការផ្ដល់ក្របខណ្ឌឱ្យកីឡាករឆ្នើម និងអ្នកដែលមានស្នាដៃល្អក្នុងការលើកម្ពស់កីឡាក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង នាឱកាសនោះ ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ខិតខំពង្រឹងក្លឹបបាត់ទាត់នគរបាលជាតិឡើងវិញ ដោយសារមួយរយៈនេះ សម្ដេចសង្កេតឃើញថា ក្លិបនេះមានការធ្លាក់គុណភាពនៃការប្រកួត។ សម្ដេចមានក្ដីសង្ឃឹមថា ថ្នាក់ដឹកនាំពាក់ព័ន្ធ រួមទាំងថ្នាក់ដឹកនាំក្លិបកីឡាបាល់ទាត់នគរបាលជាតិ និងកីឡាករ នឹងខិតខំប្រឹងប្រែងធ្វើក្លិបបាល់ទាត់នគរបាលជាតិ មានភាពល្បីល្បាញឡើងវិញ ពិសេសក្លាយជាខ្លាំងមួយក្នុងចំណោមក្លិបធំៗនៅកម្ពុជា។

សម្ដេច ក៏បានផ្ដល់ការលើកទឹកចិត្តឱ្យពិចារណាជ្រើសរើសទីតាំងបង្កើតពហុកីឡដ្ឋាននគរបាលជាតិនៅលើទីតាំងដីដែលស្ថិតក្រោមការគ្រប់គ្រងរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងនោះរួមទាំងបង្កើតទីលានបាល់ទាត់នគរបាលជាតិ និងទីលានហ្វឹកហាត់កីឡាផ្សេងទៀត។ សម្ដេចណែនាំឱ្យក្រុមប្រឹក្សាកីឡា សហការជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា សិក្សាទីតាំងសមស្របនៅទីនោះធ្វើរបាយការណ៍មកសម្ដេច។ សម្ដេចបន្តថា តាមរយៈគម្រោងនេះ ក្រសួងអាចស្វែងរកដៃគូពីវិស័យឯកជនមកជួយគាំទ្រ។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ សម្ដចក្រឡាហោម ស ខេង បានផ្ដល់អនុសាសន៍ណែនាំឱ្យក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី តាមប្រភេទវិស័យកីឡាមានសក្ដានុពលរបស់ក្រសួងមហាផ្ទៃ ដើម្បីត្រៀមសម្រាប់ចូលរួមព្រឹត្តិការណ៍កីឡាជាតិឆ្នាំ២០២២នេះផង ត្រៀមសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ផង និងរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍន៍វិស័យកីឡារយៈពេលយូរអង្វែងផង។

ដើម្បីឱ្យក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបំពេញភារកិច្ចបានរលូន និងសម្រេចបានវឌ្ឍនភាពថ្មីៗបន្ថែមទៀត សម្ដេចក្រឡាហោម បានបន្តស្នើថ្នាក់ដឹកនាំ និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ផ្ដល់ការគាំទ្រ និងសហការឱ្យបានល្អជាមួយក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។ សម្ដេចក៏បានស្នើថ្នាក់ដឹកនាំថ្មីនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវដឹកនាំ និងចាត់ចែងការងារប្រកបដោយទំនួលខុសត្រូវ និងចៀសវាងការដោះដូរមន្រ្តីដោយគ្មានការចាំបាច់ អាចនាំឱ្យប៉ះពាល់សតិអារម្មណ៍មន្រ្តី៕

អត្ថបទដែលជាប់ទាក់ទង