ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាបើកវគ្គបណ្ដុះបណ្ដាល ចៅក្រម អាជ្ញាកណ្ដាល ប្រដាល់សកលអាជីពជាលើកដំបូង

60

ភ្នំពេញ៖គណៈកម្មការប្រដាល់សកលអាជីពកម្ពុជាដែលស្ថិតនៅក្រោមចំណុះសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានបើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលចៅក្រមប្រដាល់សកលអាជីពជាលើកដំបូង ដើម្បីពង្រឹងសមត្ថភាពមន្ដ្រីបច្ចេកទេសរបស់ខ្លួន ឆ្ពោះទៅរកការគាំទ្រ និងចូលជាសមាជិកស្ថាប័នប្រដាល់សកលអាជីពពិភពលោក(WBC) ។

លោក ប៊ុយ សុភ័ណ្ឌ ប្រធានគណៈកម្មការប្រដាល់សកលអាជីពកម្ពុជា បានឲ្យដឹងថា វគ្គនេះ មានរយៈពេល ២ថ្ងៃ នៅថ្ងៃទី១៦-១៧ខែវិច្ឆិកានេះដែលបង្រៀនដោយគ្រូឧទ្ទេសលោក SHOZO KATAYAMAមកពីស្ថាប័នប្រដាល់សកលអាជីពជប៉ុននិងមានសិក្ខាកាម១០នាក់ចូលរួម។

វគ្គនេះមានសារៈសំខាន់ណាស់សម្រាប់សិក្ខាកាមចូលរួមដើម្បីបំពេញតម្រូវការរបស់ WBC និងអាចចូលជាសមាជិករបស់ស្ថាប័នអន្ដរជាតិមួយនេះ ។
លោកបន្ដថាវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមប្រភេទប្រដាល់សកលអាជីពនេះ គឺជាតម្រូវការ ដើម្បីឲ្យគណៈកម្មការប្រដាល់សកលអាជីពកម្ពុជា អាចចូលជាសមាជិករបស់ WBC ដែលជាស្ថាប័នដោយឡែកពីប្រដាល់សកលស្ម័គ្រចិត្ត ដែលគ្រប់គ្រងដោយស្ថាប័ន IBA ។
នេះជាតម្រូវការសំខាន់ដើម្បីអាចចូលជាសមាជិកWBCបានគឺយើងត្រូវមានអាជ្ញាកណ្ដាល-ចៅក្រមផ្នែកប្រដាល់សកលអាជីព ក៏ដូចជាកីឡាករ-កីឡាការិនីផ្នែកប្រដាល់សកលអាជីព ដើម្បីធ្វើការបញ្ចូលទៅក្នុងប្រព័ន្ធ ដែលជាលក្ខខណ្ឌមួយ ក្នុងចំណោមលក្ខខ័ណ្ឌផ្សេងទៀត ទើបយើងអាចបញ្ចូលជាសមាជិកWBCហើយអាចបញ្ជូនកីឡាករប្រដាល់សកលអាជីពទៅប្រ
កួតជាមួយពួកគេបាន ។
វគ្គនេះ គឺជាជំហានដំបូង សម្រាប់កម្ពុជាឆ្ពោះទៅអភិវឌ្ឍន៍ផ្នែកប្រដាល់សកលអាជីព ព្រោះពេលណាយើងមានវគ្គនេះយើងអាចចូលរួមជាសមាជិករបស់WBCហើយយើងនឹងអាចរៀបចំផ្នែកប្រដាល់សកលអាជីពហ្នឹង នៅកម្ពុជា ដែលជាការរៀបចំទទួលស្គាល់ដោយ WBC ។ មួយទៀត យើងនឹងមានឱកាសបញ្ចូនកីឡាករ-កីឡាការិនីផ្នែកប្រដាល់សកលអាជីព ទៅចូលរួមការប្រកួតជាលក្ខណៈអន្ដរជាតិ ដូចយើងបានដឹង ដូចជា Pacquiao និង Floyd ពួកគាត់សុទ្ធតែជាអ្នកប្រដាល់សកលអាជីព។ដូច្នេះមិនមែនចេះតែចូលទេគឺយើងត្រូវការការទទួលស្គាល់និងមានអាជ្ញាប័ណ្ណច្បាស់លាស់ទើបយើងអាចចូលរួមការប្រកួតផ្នែកប្រដាល់សកលអាជីពបាន ។
ដើម្បីជំរុញឲ្យសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាលខាងលើទទួលបានជោគជ័យគណៈកម្មការប្រដាល់សកលអាជីពកម្ពុជាដែលគាំទ្រដោយសហព័ន្ធក៏នឹងមានរៀបចំការប្រកួតប្រ
ដាល់សកលអាជីព Ultimate Pro Boxing 2022 នារសៀលថ្ងៃទី១៧ ខែវិច្ឆិកាស្អែកនេះ នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក)ដើម្បីជាការធ្វើតេស្ដសិក្ខាកាមតាមរយៈការអនុវត្តផ្ទាល់ក្នុងតួនាទីជាអាជ្ញាកណ្ដាល-ចៅក្រម នៃការប្រកួតថ្នាក់ជាតិនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង