ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីសុខាភិបាល ចុះពិនិត្យមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងទីតាំងត្រៀមបម្រុងសម្រាប់សាងសង់អគារថ្មីមួយ ក្រោមជំនួយឥតសំណងរបស់ចិន

201

ព្រះសីហនុ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងទីតាំងត្រៀមបម្រុងសម្រាប់ការសាងសង់អគារថ្មីមួយ ក្រោមជំនួយឥតសំណង របស់សាធារណរដ្ឋប្រជាមានិតចិន ជូនរាជរដ្ឋាភិបាលកម្ពុជា។

អគារដែលគ្រោងនឹងសាងសង់ថ្មីនេះ នឹងចូលរួមចំណែកពង្រឹងនិងពង្រីកសមត្ថភាព ក្នុងការផ្តល់សេវាពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ និងខេត្តនៅជុំវិញផងដែរ។ អគារថ្មីនេះនឹងសាងសង់នៅលើផ្ទៃដី ៨៣៧៧ម៉ែត្រការ៉េ ក្នុងទំហំអគារសរុប ១៤,០០០ម៉ែត្រការ៉េ និងមានចំណុះគ្រែសរុប ចំនួន២០០គ្រែ រួមមានតែផ្នែក៖ សង្គ្រោះបន្ទាន់, ពិនិត្យជំងឺក្រៅ, វេជ្ជសាស្រ្ត, វះកាត់, បច្ចេកវិទ្យាវេជ្ជសាស្រ្ត, ផ្នែកសម្រាកពេទ្យ និងផ្នែកភ័ស្តុភានិងគាំទ្រ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានអញ្ជើញពិនិត្យអគារសម្តេចតេជោព្យាបាលជំងឺកូវីដ-១៩ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រៀមបម្រុងទុកសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ឬជំងឺឆ្លងដ៏ទៃទៀត ដែលអាចកើតមានជាយថាហេតុនាពេលអនាគត។

ក្នុងពេលពិនិត្យមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឯកឧត្តម ម៉ម ប៊ុនហេង បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលខេត្តព្រះសីហនុគ្រប់លំដាប់ថ្នាក់ ព្រមទាំងអភិបាលនៃ គណៈអភិបាលខេត្ត បានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង