ប្រធានាធិបតីឥណ្ឌូនេស៊ី រីកមុខឡើងវិញ ព្រោះសេចក្ដីថ្លែងការណ៍ របស់មេដឹកនាំG20 ត្រូវបានប្រកាសចេញ
ឥណ្ឌូនេស៊ី៖ លោកពុយ គា បានលើកឡើងថា បញ្ហាសង្គ្រាមនៅអ៊ុយក្រែនបានធ្វើឲ្យឥណ្ឌូនេស៊ីដេកមិនលក់បក់មិនរហើយ ព្រោះខ្លាចសេចក្ដីថ្លែងការណ៍របស់មេដឹកនាំG20 (G20 Leaders’ Declaration) ចេញមិនរួចក្រោយកិច្ចប្រជុំចប់ ដោយសារឥណ្ឌូនេស៊ីធ្លាប់រលាកទឹកក្តៅ២ដងរួចទៅហើយនៅឆ្នាំនេះ គឺសេចក្តីថ្លែងការរួមនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស និងហិរញ្ញវត្ថុដែលបានជាប់គាំង មិនអាចចេញរួចនាពេលកន្លងមក។ ថ្ងៃនេះ លោក Jokowi ប្រធានាធិបតីឥណ្ឌូនេស៊ី រីកមុខឡើងវិញ ព្រោះសេចក្ដីថ្លែងការណ៍របស់មេដឹកនាំG20ត្រូវបានប្រកាសចេញ ទោះជាត្រូវចំណាយពេលវេលាអស់រាប់សប្តាហ៍និងត្រូវចរចារដល់ទៅ៧លើក ហើយចុងក្រោយរហូតដល់ម៉ោង១២យប់មុនកិច្ចប្រជុំ។
អ្វីទៅដែលជាចំណុចខ្ទាស់មិនឱ្យចេញ?
ប្រទេសមួយចំនួន ជាពិសេសលោកខាងលិច ចង់ប្រើពាក្យពេចន៍ខ្លាំងៗនិងចំៗទៅលើរុស្ស៊ីដូចជាការឈ្លានពានដោយរុស្ស៊ី ឬការរំលោភអធិបតេយ្យភាពពីសំណាក់ប្រទេសរុស្ស៊ីទៅលើអ៊ុយក្រែននេះហើយដែលធ្វើឲ្យពិភពលោកជួបនូវវិបត្តិស្បៀងអាហារនិងថាមពលនាពេលបច្ចុប្បន្ននេះ រីឯរុស្ស៊ីវិញតបថា ដោយសារតែការដាក់ទណ្ឌកម្មទេដែលនាំបញ្ហាដល់ពិភពលោក។ ទីបញ្ចប់ឥណ្ឌូនេស៊ីព្យាយាមសម្របសម្រួលដោយលប់ពាក្យរុស្ស៊ីចេញទើបឯកសារចេញរួច។ នៅមានរឿងរ៉ាវច្រើនទៀតដែលខ្ញុំនឹងរំលេចនៅក្នុងសៀវភៅក្រៅឆាកភាគ២របស់ខ្ញុំ៕