ការាតេចេញទៅប្រកួត ជើងឯកពិភពលោកនៅឥណ្ឌូនេស៊ី
ភ្នំពេញ៖គ្រូបង្វឹកនិងអត្តពលិកការាតេដូកម្ពុជាចំនួន១៧រូបបានចេញដំណើរតៅកាន់ប្រទេសឥណ្ឌូនេស៊ីហើយដើម្បីចូលរួមប្រកួតជើងឯកការ៉ាតេពិភពលោក WKF Championship Series A 2022 ដែលនឹងចាប់ពីថ្ងៃទី១៨ដល់២០ ខែវិច្ឆិកា។
នេះជាការចេញដំណើរលើកទី២ របស់ក្រុមកីឡាការ៉េតេកម្ពុជា បន្ទាប់ពីក្រុមទី១ បានធ្វើដំណើរទៅបោះជំរំហ្វឹកហាត់ កាលពី២សប្ដាហ៍មុន ដើម្បីត្រៀមការប្រកួតដ៏ធំនេះ។
លោកហេងផេងប្រធានគ្រូជម្រើសជាតិកីឡាការ៉ាតេកម្ពុជាបាននិយាយថាការប្រកួតនេះពិតជាពិសេសណាស់ពីព្រោះមានប្រទេសជាច្រើនដែលយ៉ាងហោច៦៥ប្រទេសចូលរួមនេះក៏ជាឱកាសមួយដ៏ល្អសម្រាប់កីឡាករ កីឡាការិនីការ៉ាតេកម្ពុជាប្រកួតប្រជែងដើម្បីវាស់
ស្ទង់សមត្ថភាព និងដកស្រង់បទពិសោធន៍ បន្ទាប់ពីពួកគេបោះជំរំហ្វឹកហាត់រយៈពេល៣ខែ នៅជប៉ុនកាលពីថ្មីៗក៏ដូចជាការហ្វឹកហាត់កន្លងមកដើម្បីសម្រួចសមត្ថភាពឆ្ពោះទៅប្រជែងមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣។
លោកបន្ដថាកម្ពុជាមានគម្រោងដណ្ដើមមេដាយមាសស៊ីហ្គេមឆ្នាំ២០២៣ចន្លោះពី១
ដល់៤មេដាយមាស។ ហេតុនេះទើបពួកយើងខិតខំជំរុញការងារហ្វឹកហាត់ពួកគាត់។ កីឡាករ កីឡាការិនីរបស់យើង បានហ្វឹកហាត់៣ខែ នៅជប៉ុន កាលពីខែមិថុនា ដល់ខែកញ្ញាកន្លងទៅ ហើយយើងមើលឃើញ គុណផលកីឡារបស់ពួកគាត់ មានការកើនឡើង។
យើងចាំមើលទាំងអស់ ការប្រកួត Series A ពួកគាត់ត្រូវឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ់ ការតស៊ូនិងឆ្លងកាត់ការប្រកួតជាច្រើនដើម្បីដណ្ដើមជ័យជម្នះ។តែយើងរំពឹងថាពួកគាត់នឹងកើនឡើងទ្វេដង ដើម្បីត្រៀមដណ្ដើមមេដាយមាសស៊ីហ្គេម ក្នុងនាមម្ចាស់ផ្ទះ នាឆ្នាំក្រោយ។
ដើម្បីពង្រឹងគុណផលកីឡាកម្រិតខ្ពស់ ពិសេសសម្រួចសមត្ថភាពឲ្យកាន់តែមុតស្រួច លោកបានលើកឡើងថាការប្រកួតSeriesAនៅមិនទាន់គ្រប់គ្រាន់នោះទេ។ជាក់ស្ដែងសហព័ន្ធមានផែនការប្រកួតជាច្រើនទៀត សម្រាប់កីឡាករ កីឡាការិនី ដូចជាការប្រកួតកីឡាជាតិ លើកទី៣ នៅចុងខែវិច្ឆិកានេះ។
ការប្រកួតជើងឯកអាស៊ី នៅប្រទេសអូបេគីស្ថាន នាពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២២ ខាងមុខនិងការប្រកួតជើងឯកអាស៊ានអំឡុងខែមីនាឆ្នាំ២០២៣ជាដើមដើម្បីធានាបាននូវការត្រៀមខ្លួនរួចរាល់ ដើម្បីប្រជែងមេដាយក្នុងឋានៈជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។
ប្រធានគ្រូបង្វឹកជម្រើសជាតិរូបនេះបន្ដថា សម្រាប់ការប្រកួត WKF Championship Series A 2022 នៅហ្សាកាតានេះ គឺបែងចែកជា២ផ្នែកធំៗ គឺសម្ដែង និងប្រយុទ្ធ។ សម្រាប់ផ្នែកសម្ដែងមាន៤វិញ្ញាសាគឺ វិញ្ញាសាសម្ដែងឯកត្តជនបុរស-នារីនិងសម្ដែងក្រុមបុរស-នារី។ រីឯផ្នែកប្រយុទ្ធ សម្រាប់បុរសពេញវ័យមាន៥វិញ្ញាសាគឺទម្ងន់ -៦០គក, -៦៧គក, -៧៥គក, -៨៤គក និង +៨៤គក ហើយសម្រាប់នារី មាន៣វិញ្ញាសាគឺទម្ងន់ -៥០គក, -៥៥គក និង -៦១គក៕