អធិការនគរបាលខណ្ឌឫស្សីកែវ បញ្ជាកម្លាំងចុះស្រាវជ្រាវទីតាំងមួយកន្លែង ក្រោយទទួលព័ត៌មានថា មានបង្កប់ល្បែងភ្នាល់ឆ្នោតវៀតណាមខុសច្បាប់នៅសង្កាត់ឫស្សីកែវ
(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានព័ត៌មានថា មានទីតាំងបង្កប់ល្បែងភ្នាល់ឆ្នោតវៀតណាមមួយកន្លែង ជាប់ផ្សារ ក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ លោកវរសេនីយ៍ឯក ហ៊ាង ថារេត អធិការនគរបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចាត់ឱ្យកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ឫស្សីកែវ ចុះស្រាវជ្រាវភ្លាមៗ ។
វិធានការភ្លាមៗរបស់លោកវរសេនីយ៍ឯក ហ៊ាង ថារេត បានអនុវត្តឡើងយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីលោកអធិការនគរបាលខណ្ឌ បានទទួលសេចក្ដីរាយការណ៍ភ្លាមៗតាមរយៈប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ថាមានករណីបើកល្បែងស៉ីសង និងសង្ងំលួចបើកទទួលផលកើបលុយពីការភ្នាល់ចាក់ឆ្នោតវៀតណាម ល្មើសច្បាប់យ៉ាងគគ្លើន។
បើតាមលោកវរសេនីយ៍ឯក ហ៊ាង ថារេត រហូតមកទល់ពេលនេះ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍របស់លោកដឹកនាំដោយវរសេនីយ៍ត្រី តូច គឹមសុង បាននិងកំពុងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការតាមដានស្រាវជ្រាវកំណត់ពីទីតាំង និងពេលវេលា ពិសេសមុខសញ្ញា នៃការប្រព្រឹត្តបទល្មើសឱ្យបានច្បាស់ (ទាំងផ្ទាល់ និងតាមប្រព័ន្ធអេឡិចត្រូនិច) ដើម្បីឈានទៅបង្ក្រាបឱ្យបានដាច់ខាតនូវរាល់ការលបលួបបើកប្រព្រឹត្តល្បែងភ្នាល់ (ឆ្នោតវៀតណាម) ឬប្រភេទល្បែងភ្នាល់ផ្សេងៗមួយចំនួនទៀត ។បន្ទាប់ពីប្រើវិធានការជំនាញ និងពិនិត្យពីស្ថានភាពជាក់ស្ដែងដល់ទីតាំង ដូចដែលបានចេញផ្សាយតាមរយៈសារព័ត៌មានមួយចំនួន រកពុំឃើញមានវត្ថុតាងជាក់លាក់ ឬសកម្មភាពអ្វីគួរឱ្យសង្ស័យពាក់ព័ន្ធបទល្មើសសម្រាប់ដាក់បន្ទុកឡើយ ៕